កម្ពុជា

លោក ស៊ុត ឌីណា ត្រូវ​ដាក់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៥​ឆ្នាំ និង​រង​ពិន័យ​១០​លាន​រៀល​

រូបភាពចាស់៖ លោក ស៊ុត ឌីណា ត្រូវដាក់ទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំ និងរងពិន័យ១០លានរៀល
រូបភាពចាស់៖ លោក ស៊ុត ឌីណា ត្រូវដាក់ទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំ និងរងពិន័យ១០លានរៀល Facebook

លោក​ ស៊ុត​ ឌីណា​ អតីត​អគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​កូរ៉េ​ខាង​ត្បូង ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស ដាក់​ពន្ធនាគារ​រយៈពេល​ ៥ឆ្នាំ​ និង ​ពិន័យ​ជា​ប្រាក់​ចំនួន​ ១០​លាន​រៀល​ ពីបទ​កេង​យក​ផល​ប្រយោជន៍​ដោយ​ខុស​ច្បាប់ និង​បទ​ល្មើស​រំលោភ​អំណាច​មាន​ប្រសិទ្ធភាព។ សាលក្រម​នេះ​ ប្រកាស​ដោយ​លោក​ កោ​ វណ្ឌី​ អនុប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​ ១ ខែ​ធ្នូ ឆ្នាំ​ ២០១៦នេះ។

ផ្សាយពាណិជ្ជកម្ម

តុលាការ​បាន​កាត់​ទោស លោក ស៊ុត ឌីណា ឱ្យ​ជាប់​ពន្ធនាគារ​ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ ១០​លាន​រៀល ក្រោម​បទ​ចោទ ចំនួន ២​បទ​ល្មើស រួម​មាន​បទ​ល្មើស​បទ​កេង​យក​ផល​ប្រយោជន៍​ដោយ​ខុស​ច្បាប់ តាម​មាត្រា ៥៩៧ និង ៥៩៨ នៃ​ក្រម​ព្រហ្មទណ្ឌ និង​បទ​រំលោភ​អំណាច តាម​មាត្រា​ ៣៥ ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ។

លោក ស៊ុត ឌី​ណា ត្រូវ​បាន​នាំខ្លួន​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង មក​កម្ពុជា កាល​ពី​ខែមេសា ឆ្នាំ​២០១៦ ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រក​ឃើញ​ថា លោក ស៊ុត ឌីណា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ និង​ការ​កើន​ទឹក​ប្រាក់​ក្រៅ​ធនាគារ​ចំនួន​៧​លាន​២​សែន​ដុល្លារ និង​មាស​ចំនួន​៣៣៩​តម្លឹង។

នៅ​ខែ​មេសា ឆ្នាំ ២០១៦​ដដែល លោក ស៊ុត ឌីណា ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) រក​ឃើញ​ថា​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​រូប​នេះ​ពិត​ជា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។

នៅ​ថ្ងៃ​ទី​៤​វិច្ឆិកា​ឆ្នាំ២០១៦ កន្លងទៅនេះ លោក ស៊ុត ឌីណា ​បាន​ចូល​រួម​សវនាការ​ជម្រះ​ក្ដី​លើ​សំណុំ​រឿង​របស់​លោក​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ចំនួនពីរបទល្មើសខាងលើ ។ ប្រឈម​បទ​ចោទ​នេះ​ លោក ស៊ុត ឌីណា បាន​ធ្វើ​ការ​បដិសេធ​និង​បានអះអាង​ប្រាប់​តុលាការ​ថា​ខ្លួន​គឺ​ជា​ជន​រង​គ្រោះ​ទៅ​វិញ​ទេ។
 
គួររម្លឹក​ថា លោក ស៊ុត ឌីណា ជាអតីត​ប្រធាន​រណសិរ្សប្រជា​ធិប​តេយ្យ និស្សិត​បញ្ញវន្ត​ខ្មែរ ​លោកបាន​ទៅ​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​សម្តេច​ក្រុម​ព្រះ​នរោត្តម រណឬទ្ធិ នៅ​ឆ្នាំ២០០៦។ ​បន្ទាប់​មក​បាន​បន្ត​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ត្រូវ​បាន​រាជរដ្ឋាភិបាល​តែង​តាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ហើយ​បន្តមាន​តួនាទី​ជា​ឯកអគ្គរាជទូត​ខ្មែរ ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ មុន​នឹង​ចុះ​ចូល​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា លោក ស៊ុត ឌីណា គឺ​ជា​អ្នក​ដែល​ធ្លាប់​ប្រឆាំង​នឹង​លោក​ ហ៊ុន សែន ដ៏​ខ្លាំង​ក្លា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI