ចោទប្រកាន់ជនដែលវាយប្រហារមន្ដ្រីទូតអាមេរិកនៅកូរ៉េខាងត្បូង ពីបទប៉ុនប៉ងមនុស្សឃាត
ចុះផ្សាយនៅថ្ងៃ៖
ប៉ូលីសកូរ៉េខាងត្បូងនៅថ្ងៃសុក្រម្សិលមិញ បានធ្វើការចោទប្រកាន់បុរសដែលបានវាយប្រហារដោយកាំបិត ទៅលើឯកអគ្គរដ្ឋទូតអាមេរិកនៅកូរ៉េខាងត្បូង ពីបទប៉ុនប៉ងមនុស្សឃាត។ ការចោទប្រកាន់នេះ ធ្វើឡើងក្នុងខណៈពេលដែលមានការស៊ើបអង្កេតអំពីទំនាក់ទំនងរបស់ជនជាប់ចោទ ជាមួយកូរ៉េខាងជើង។
ក្រៅពីបទចោទប៉ុនប៉ងមនុស្សឃាត លោកគីម គីចុង អាយុ៥៥ឆ្នាំ ក៏ត្រូវបានចោទប្រកាន់ពីបទល្មើសដាច់ដោយឡែកមួយផ្សេងទៀតដែរ គឺបទចោទប្រើប្រាស់អំពើហិង្សាប្រឆាំងនឹងប្រេសិតបរទេស។ ការចោទប្រកាន់ទាំងនេះ ធ្វើឡើងនៅថ្ងៃទី៦ខែមីនា គឺតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីជនជាប់ចោទ លោកគីម គីចុង វាយប្រហារដោយកាំបិត ទៅលើលោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំក្រុងសេអ៊ូល លោកម៉ាក លីពភើត។
ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ឲ្យដឹងថា ដីកាមួយសម្រាប់ការចាប់ខ្លួនលោកគីម គីចុង ត្រូវបានចេញជាផ្លូវការ។ ហើយប៉ូលីសក្រុងសេអ៊ូលបានចាប់ជនជាប់ចោទ យកទៅឃុំឃាំងរួចរាល់ហើយ។
បើតាមប្រវត្តិរូបរបស់លោកគីម គីចុង ជនជាប់ចោទរូបនេះ គឺជាមនុស្សដែលមានទស្សនៈជាតិនិយមដ៏ខ្លាំងក្លា។ បុរសម្នាក់នេះយល់ឃើញថា សហរដ្ឋអាមេរិក ជាឧបសគ្គដ៏ចម្បងមួយ នៅក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េ។ ប៉ុន្តែនៅម្ខាង មានភស្តុតាងសំខាន់ដែលបានបង្ហាញថា ជនជាប់ចោទគីម គីចុង អាចជាមនុស្សរបស់កូរ៉េខាងជើង ព្រោះគាត់ធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងចំនួន៦ដង ក្នុងចន្លោះឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧។ ហើយបន្ទាប់ពីអគ្គមគ្គុទេសន៍កូរ៉េខាងជើង គីម ជុងអ៊ីល ទទួលមរណៈភាពក្នុងឆ្នាំ២០១១ ជនជាប់ចោទនេះ ក៏បានព្យាយាមសាងសង់ស្តូបបរមសុខមួយក្នុងទីក្រុងសេអ៊ូល ដើម្បីឧទ្ទិសដល់អគ្គមគ្គុទេសគីម ជុងអ៊ីល។ ប៉ុន្តែនៅក្នុងសវនាការកាលពីថ្ងៃសុក្រ ជនជាប់ចោទគីម គីចុង បានបដិសេធថា អ្វីដែលខ្លួនធ្វើ គ្មានពាក់ព័ន្ធអ្វីជាមួយកូរ៉េខាងជើងនោះទេ។
គួរជម្រាបជូនថា រហូតមកទល់ពេលនេះ ករណីវាយប្រហារទៅលើឯកអគ្គរដ្ឋទូតអាមេរិក លោក Lippert កំពុងតែស្ថិតក្រោមការគ្រប់គ្រងដោយក្រុមស៊ើបអង្កេតពិសេស ដឹកនាំដោយផ្នែកប្រឆាំងភេរវកម្ម នៃការិយាល័យកណ្ដាលព្រះរាជអាជ្ញាក្រុងសេអ៊ូល។ ក្រុមស៊ើបអង្កេតពិសេសនោះ ក៏មានផងដែរ ការចូលរួមពី ព្រះរាជអាជ្ញាជាង១០០នាក់ ព្រមទាំងមន្ដ្រីប៉ូលីសជាច្រើនទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ