កម្ពុជា

ប្រាក់​ឈ្នួល​កម្មករ​កាត់​ដេរ​ឆ្នាំ​២០១៩៖ លោក ហ៊ុន សែន ថា មិន​ក្រោម​១៨០​ដុល្លារ​ទេ

លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
លោក ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា SPM Page

លោក​នាយករដ្ឋ​ម​ន្ដ្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០៥​តុលា​នេះ បាន​ប្រកាស​ថា ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​កាត់ដេរ​សម្រាប់​ឆ្នាំ​២០១៩​ខាង​មុខ គឺ​មិន​ក្រោម​១៨០​ដុល្លារ​ទេ​។ ការ​ប្រកាស​របស់​លោក​នាយករដ្ឋ​មន្ដ្រី​ដូច្នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុន​ពេល​ក្រុម​ការងារ​ត្រី​ភាគី​ចរចា​ប្រាក់​ឈ្នួល​កម្មករ ត្រូវ​ប្រជុំ​គ្នា​ជា​លើក​ចុង​ក្រោយ​នៅ​រសៀល​ម៉ោង​២ ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​កម្មករ​ឆ្នាំ​២០១៩​។

ផ្សាយពាណិជ្ជកម្ម

ការ​ចរចា​ប្រាក់​ឈ្នួល​ដែល​ចាប់​ផ្ដើម​តាំង​ពី​ខែ​កញ្ញា នឹង​ត្រូវ​បិទ​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ តាម​រយៈ​កិច្ច​ប្រជុំ​លើក​ទី​១០ និង​ជា​លើក​ចុង​ក្រោយ របស់​ក្រុម​ការងារ​ត្រី​ភាគី​។ ក្រុម​ការងារ​ត្រី​ភាគី​ដែល​មាន​សមាសភាព​មក​ពី​រដ្ឋាភិបាល​១៦​រូប ​តំណាង​ថៅកែ​រោងចក្រ​១៦​រូប និង​សហជីព​ដែល​ជា​តំណាង​កម្មករ​និយោជិត​ចំនួន​១៦​រូប​​។

នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្ងៃ​សុក្រ​នេះ ភាគី​ទាំង​៣ នឹង​បោះ​ឆ្នោត​ជ្រើស​យក​តួ​លេខ​មួយ ក្នុង​ចំណោម​តួ​លេខ​ចំនួន​ពីរ ដើម្បី​កំណត់​ជា​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​២០១៩​។ តួ​លេខ​ទាំង​ពីរ​នោះ គឺ ១៧៧​ដុល្លារ ដាក់​ចេញ​ដោយ​ភាគី​រដ្ឋាភិបាល​និង​ថៅកែ​រោងចក្រ និង ១៨២​ដុល្លារ ពី​ខាង​សហជីព​តំណាង​ឲ្យ​កម្មករ​។

ក្រៅ​ពី​ចង់​បាន​ប្រាក់​ឈ្នួល​១៨២​ដុល្លារ​សម្រាប់​កម្មករ​ផ្នែក​កាត់ដេរ​និង​វាយនភណ្ឌ​ក្នុង​ឆ្នាំ​២០១៩​ហើយ ភាគី​សហជីព​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​បន្ត​បញ្ចុះ​តម្លៃ​និង​ពង្រីក​សេវា​ទឹក​ភ្លើង ​បញ្ចុះ​ថ្លៃ​ឈ្នួល​បន្ទប់ ពង្រឹង​សេវា​សុខាភិបាល ដក​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​សហជីព និង​កុំ​ឲ្យ​យក​ពន្ធ​លើ​ស្លាក​យីហោ​និង​ប្រាក់​ចំណូល​ផ្សេង​ៗ​។ សម្រាប់​​និយោជក​វិញ សហជីព​ចង់​ឲ្យផ្ដល់​ប្រាក់​ថ្លៃ​ដឹក​ជញ្ជូន និង​អាហារ​ថ្ងៃ​ត្រង់​បន្ថែម​ទៀត​សម្រាប់​កម្មករ​។

គួរ​ជម្រាប​ថា ប៉ុន្មាន​ម៉ោង​មុនពេល​ក្រុម​ការងារ​ត្រី​ភាគី​បើក​កិច្ច​ប្រជុំ​សម្រេច​ចុង​ក្រោយ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ លោក​នាយករដ្ឋ​មន្ដ្រី បាន​ប្រកាស​ថា ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​កាត់ដេរ​សម្រាប់​ឆ្នាំ​២០១៩​ខាង​មុខ គឺ​មិន​ក្រោម​១៨០​ដុល្លារ​ទេ​។

ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក សហជីព​បាន​កត់​សម្គាល់​ឃើញ​ថា ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​យក​ចិត្ត​កម្មករ​កាត់ដេរ​ជា​ពិសេស ដោយ​បាន​ផ្ដល់​អត្ថប្រយោជន៍​ផ្សេង​ៗ​ជាប់​មិន​ចេះ​ដាច់​។ ក្រៅ​ពី​ការ​សម្របសម្រួល​ឲ្យ​មាន​ការ​ចរចា​ប្រាក់​ឈ្នួល​ជា​រៀង​រាល់​ឆ្នាំ លោក ហ៊ុន សែន បាន​ផ្ដល់​អ្វី​ដែល​លោក​ហៅ​ថា «កាដូ» សម្រាប់​កម្មករ ដូច​ជា​ការ​ជិះ​រថយន្ត​ក្រុង​ឥត​គិត​ថ្លៃ មិន​ចាំ​បាច់​បង់​ថ្លៃ​គាំពារ​សុខភាព និង​កំណត់​ឲ្យ​មាន​ប្រាក់​រ៉ឺត្រែត​ចាប់​ពី​ឆ្នាំ​២០១៩​ត​ទៅ​។ ចុង​ក្រោយ​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន បានកំណត់​ឲ្យ​ថៅកែ​រោងចក្រ​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ​២​សប្ដាហ៍​ម្ដង ចាប់​ពី​ខែ​មករា​ឆ្នាំ​២០១៩​ត​ទៅដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI