វីដេអូឯកសារស្តីពីដំណើររំដោះប្រទេសជាតិពីកណ្តាប់ដៃខ្មែរក្រហមរបស់លោកហ៊ុន សែននឹងចាក់បញ្ចាំងតាមទូរទស្សន៍នៅល្ងាចនេះ
ចុះផ្សាយនៅថ្ងៃ៖
នៅវេលាម៉ោង៧យប់នេះ វីដេអូឯកសារដែលមានចំណងជើងថា «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ» នឹងត្រូវចាក់បញ្ចាំងជាសាធារណៈតាមទូរទស្សន៍នានា។ នេះបើតាមការប្រកាសឲ្យដឹងរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី។ ជាការសម្គាល់ថា ការចាក់បញ្ចាំងវីដេអូឯកសារនេះ គឺធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការប្រារព្ធខួបនៃថ្ងៃ៧ មករា ដែលជាថ្ងៃជ័យជម្នះនៃការរំដោះប្រទេសកម្ពុជាពីកណ្តាប់ខ្មែរក្រហម។
វីដេអូឯកសារដែលមានចំណងជើងថា «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ»នេះ គឺឆ្លុះបញ្ចាំងពីដំណើរតស៊ូរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងការរំដោះប្រទេសកម្ពុជាឲ្យចេញពីរបបខ្មែរក្រហមឆ្នាំ១៩៧៥-ឆ្នាំ១៩៧៩។ និយាយឲ្យខ្លី វីដេអូឯកសារនេះបង្ហាញពីទិដ្ឋភាពទាំងមូលនៃការរត់ទៅពឹងវៀតណាមឲ្យមកជួយរំដោះប្រទេសកម្ពុជារបស់លោកហ៊ុន សែន និងគូកន៤ទៀតរបស់លោកកាលពីចន្លោះឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៩។ តាមរយៈវីដេអូឯកសារដដែលនេះ លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា កាលណោះ គឺជាពេលវេលាដ៏លំបាកបំផុតរបស់លោកក្នុងការសម្រេចចិត្តធ្វើការតស៊ូប្រឆាំងនឹងរបបប៉ុល ពត។ ក្នុងវ័យត្រឹមតែ២៥ឆ្នាំ លោកនាយករដ្ឋមន្រ្តីបានប្រថុយជីវិតរត់ទៅសុំជំនួយពីប្រទេសវៀតណាម។ ក្នុងវីដេអូ លោកនាយករដ្ឋមន្រ្តី បានបង្ហូរទឹកភ្នែកនៅពេលលោកនិយាយដល់ការចាកចេញពីភរិយាដែលកំពុងមានកូនប្រាំខែក្នុងពោះ។
ក្រៅពីលោកនាយករដ្ឋមន្រ្តីដែលជាតួអង្គសំខាន់នៅក្នុងសាច់រឿងនេះ ផលិតករក៏បានសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ ដូចជាភរិយារបស់លោក គូកនរួមការតស៊ូជាមួយលោក អ្នករងគ្រោះក្នុងរបបខ្មែរក្រហម និងជនជាតិវៀតណាមដែលជួយដល់ក្រុមតស៊ូរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនកាលទៅដីវៀតណាមដំបូងៗថែមទៀត។ ក្រោមការតស៊ូរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងការជួយរបស់វៀតណាម របបខ្មែរក្រហមត្រូវបានវាយផ្តួលរំលំដោយកងទ័ពវៀតណាមនៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ តាំងពីពេលនោះមក លោកហ៊ុន សែន រួមជាមួយលោកហេង សំរិន និងលោកជា ស៊ីម បានរួមគ្នាដឹកនាំប្រទេសកម្ពុជាតែម្តង។ ពេលនោះលោកហ៊ុន សែន កាន់ការជារដ្ឋមន្រ្តីក្រសួងការបទេស ហើយបន្ទាប់ពីឆ្នាំ១៩៩៣មក លោកបានកាន់ដំណែងនាយករដ្ឋមន្រ្តីដឹកនាំប្រទេសរហូតមកដល់ពេលបច្ចុប្បន្ននេះ។
ក្នុងដំណែងជានាយករដ្ឋមន្រ្តីកម្ពុជា លោកហ៊ុន សែន តែងតែបានរំឮកឡើងវិញជារើយៗពីការតស៊ូរបស់លោកក្នុងការសង្រ្គោះជាតិកម្ពុជា និងប្រជាពលរដ្ឋខ្មែរពីរណ្តៅមរណៈនៃរបបខ្មែរក្រហម។ ក្រៅពីនេះ តាមការកត់សម្គាល់ ជារៀងរាល់ឆ្នាំជាពិសេសមុនពេលប្រារព្ធថ្ងៃជ័យជម្នះ៧ មករា រដ្ឋាភិបាលកម្ពុជាតែងតែចាក់បញ្ចាំងវីដេអូឯកសារស្តីពីការរំដោះពីរបបខ្មែរក្រហមនេះតាមទូរទស្សន៍ និងវិទ្យុមិនដែលដាច់។ នៅឆ្នាំនេះទៀត ក៏មានការផលិតវីដេអូឯកសារស្តីពីដំណើរការតស៊ូក្នុងការរំដោះប្រទេសជាតិពីកណ្តាប់ដៃក្រុមខ្មែរក្រហមរបស់លោកតាំងពីដើមរហូតដល់ចប់ថែមទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ