លោក ហ៊ុន សែន ចេញមុខការពារអ្នកសុំសិទ្ធិធ្វើនយោបាយឡើងវិញ និងស្នើឲ្យបញ្ឈប់ការលាបពណ៌
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២១ មីនានេះ បានចេញមុខការពារអ្នកសុំសិទ្ធិធ្វើនយោបាយឡើងវិញ ថាជាសេរីភាពបុគ្គល និងបានស្នើសុំឲ្យបញ្ឈប់ការលាបពណ៌។ លើសពីនេះ ប្រមុខបក្សកាន់អំណាចដែលឈរជើងយូឆ្នាំនៅកម្ពុជា បានច្រានចោលចំពោះការចោទប្រកាន់ថា គណបក្សកាន់អំណាច បានបំបែកគណបក្សប្រឆាំង។
ចុះផ្សាយនៅថ្ងៃ៖
ជាថ្មីម្តងទៀត ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានអំពាវនាវឲ្យអតីតមេដឹកនាំគណបក្សប្រឆាំងនៅក្រៅប្រទេស ឲ្យបញ្ឈប់ការលាបពណ៌ ទៅលើអតីតសហការីរបស់ខ្លួន ដែលបានទៅស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ បើតាមលោកនាយករដ្ឋមន្ត្រី ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺជាសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗ។ ប៉ុន្តែអ្នកវិភាគនយោបាយនៅកម្ពុជា លោក ឯម សុវណ្ណារ៉ា បានមើលឃើញថា ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាវិធីសាស្ត្រមួយដើម្បីលើកទឹកចិត្តដល់អ្នកដែលបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយនិងជំរុញឲ្យមានការស្នើសុំសិទ្ធិធ្វើនយោបាយកាន់តែច្រើនឡើងថែមទៀត។
ថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតបញ្ចប់ការសិក្សាមួយនៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី ២១ មីនានេះ លោកនាយករដ្ឋមន្ត្រីបានថ្លែងការពារក្រុមអតីតគណបក្សប្រឆាំងដែលទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញទាំងនោះ ដោយទុកឲ្យពួកគេជាអ្នកសម្រេចចិត្ត ដោយមិនត្រូវឃុំគ្រងពួកគេនៅក្នុងសំណាញ់នោះឡើយ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី ២០ មីនា កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធដែរថា លោកមិនបានទិញក្រុមមន្រ្តីអតីតគណបក្សប្រឆាំងទាំងនោះ ជាថ្នូឲ្យពួកគេដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះទេ។
គិតត្រឹមរសៀលថ្ងៃទី ២១ មីនានេះ មានអតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង៩នាក់ក្នុងចំណោម១១៨នាក់ ដែលបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ ពួកគេភាគច្រើនគឺជាអតីតតំណាងរាស្រ្ត ដែលក្នុងនោះរួមមាន៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក គង់ បូរ៉ា លោក រៀល ខេមរិន្ទ លោក អ៊ូ ច័ន្ទរ័ត្ន លោកស្រី ទេព សុទ្ធី លោក កង គឹមហាក់ លោក ជីវ កត្តា លោក ច័ន្ទ សិលា និងលោក ស៊ីម សុវណ្ណនី ជាដើម។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI កាលពីថ្ងៃទី ២០ មីនា លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ បានចាត់ទុកអ្នកដែលសុំសិទ្ធិធ្វើនយោបាយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើងវិញនេះថា ជាមនុស្សមិនចេះអត់ធ្មត់ និងអន់ជាងសកម្មជន នៅតាមមូលដ្ឋានទៅទៀត ដែលមិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច។ បើតាម លោក អេង ឆៃអ៊ាង អ្នកដែលសុំសិទិ្ធធ្វើនយោបាយឡើងវិញ គឺជាមនុស្សមិនស្មោះត្រង់ នឹងលោក កឹម សុខា ដែលសុខចិត្តជាប់ឃុំឃាំង នៅក្រោមរបបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តាមរយៈវេទិការចែកសញ្ញាប័ត្រដល់និស្សិតបញ្ចប់ការសិក្សានៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី ២១ មីនានេះ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន ក៏បានបដិសេធចំពោះការចោទប្រកាន់ថា លោកបានបំបែកគណបក្សប្រឆាំង។ លោកនាយករដ្ឋមន្ត្រី ថែមទាំងបានចំអកឲ្យអតីតមេដឹកនាំគណបក្សប្រឆាំង ទំនងជាសំដៅលើលោក សម រង្ស៊ី ដែលកំពុងស្ថិតនៅក្រៅប្រទេសថា «ខ្វះសមត្ថភាពដឹកនាំអតីតគណបក្សប្រឆាំង ប្រសិនបើឲ្យគេបំបែកបាន»។ បន្ថែមលើនេះ លោក ហ៊ុន សែន ក៏បានរំលឹកពីបរាជ័យរបស់សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ទៅនឹងអតីតគណបក្សប្រឆាំងនៅពេលនេះថា បានវាយតម្លៃខុសលើស្ថានភាពផ្ទៃក្នុងរបស់គណបក្សកាន់អំណាច ថាជាបរាជ័យក្នុងនយោបាយរងចាំការបែកបាក់របស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេល៤០ឆ្នាំមកនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ