កម្ពុជា-សង្គម

​អ្នក​ឃ្លាំ​មើល​៖ ​ការ​លើក​ពេល​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី ចំ​ពេល​ប្រមុខ​រដ្ឋា​ភិបាល​មាន​ភាព​ស្ងាត់​ស្ងៀម​

ការប្រជុំគណៈរដ្ឋមន្ត្រីនាពេលកន្លងមក
ការប្រជុំគណៈរដ្ឋមន្ត្រីនាពេលកន្លងមក @Google

កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃ​សុក្រ​ទី​២៦​ក្នុង​សប្ដាហ៍​នេះ ត្រូវ​លើក​ពេល​ដោ​យ​មិន​កំណត់​ថ្ងៃ។ មូលហេតុ​នៃ​ការ​លើក​ពេល​ត្រូវ​បាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​RFIនៅ​ថ្ងៃ​ពុធ​នេះ​ថា នៅ​មិន​ទាន់​មាន​របៀប​វារៈ​គ្រប់​គ្រាន់​ក្នុង​ការ​រៀប​ចំ​កិច្ច​ប្រជុំ​។ តែ​អ្នក​ឃ្លាំ​មើល​សង្គម​យល់​ឃើញ​ផ្សេង​ពី​នេះ​ថា មួយ​ផ្នែក​នៃ​ការ​លើក​ពេល​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​ទំនង​ជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង់​រក្សា​ភាព​ស្ងៀម​ស្ងាត់​មួយ​រយៈ​មិន​ថា ក្នុងវេទិកាសាធារណៈ ឬ​កិច្ច​ប្រជុំ​សម្ងាត់​ឡើយ។ 

ផ្សាយពាណិជ្ជកម្ម

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​គណៈរដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់ថា ការ​លើក​ពេល​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​មិន​មែន​ដោយ​សារ បញ្ហា​សុខភាព​របស់​ប្រមុខរដ្ឋាភិបាល ឬ​ហេតុផល​នយោបាយ ឡើ​យ តែ​ផ្ទុយ​ទៅ​វិញ​អង្គ​ប្រជុំ​មិន​ទាន់​មាន​របៀបវារៈ​គ្រប់គ្រាន់​នៅ​ក្នុង​ដៃ ខណៈ​រដ្ឋ​មន្ត្រី​នៅ​តាមក្រសួង​មួយ​ចំនួន​រវល់​ចុះ​មូលដ្ឋាន។ ជាក់ស្ដែង​រដ្ឋមន្ត្រី​នៃ​ក្រសួង​ពីរ​គឺ​ក្រសួង​សាធារណៈការ និងក្រសួង​កសិកម្ម​កំពុង​មមាញឹក​ចុះ​ទៅ​មូលដ្ឋាន​ត្រួត​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ភាព​គ្រោះ​រាំង​ស្ងួត។

តែ​ទោះ​ជា​បែប​នេះក្ដី លោក អ៊ូ ច័ន្ទរដ្ឋ អតីត​តំណាង​រាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ចាប់អារម្មណ៍​ថា ការ​លើក​ពេល​នៃ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី ជួន​ចំ​ពេល​ប្រមុខរដ្ឋាភិបាល​មាន​ភាព​ស្ងៀ​ម​ស្ងាត់​នៅ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​មិន​ថា ក្នុង​វេទិកា​សាធារណៈ​ ឬ​កិច្ច​ប្រជុំ​សម្ងាត់​ឡើយ​​​។ បើ​តាម​លោក អ៊ូ ច័ន្ទរដ្ឋ ភាព​ស្ងៀមស្ងាត់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនង​ជាបក្ស​កាន់​អំណាច ប្ដូរ​យុទ្ធ​សាស្ត្រ​ប្រើប្រាស់​សំឡេង​លោក​នាយករដ្ឋមន្ត្រី ស ខេង ជំនួស ដើម្បី​ស​ម្រួល​ស្ថានការណ៍​នយោបាយ​នា​ពេល​បច្ចុប្បន្ន។ ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​ដែល​សហគមន៍​អន្តរជាតិ​ចង់​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា ជា​ថ្នូរ​នឹង​ការ​រក្សា​ប្រព័ន្ធ​អនុគ្រោះពន្ធ​EBA។ នេះ​ជា​ការ​មើល​ឃើញ​របស់​លោក អ៊ូ ច័ន្ទរដ្ឋ។

ចំណែក លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​និង​តាម​ដាន​បញ្ហា​នយោបាយ​កត់​សម្គាល់​ដែរ​ថា រៀងរាល់​ពេល​នៃ​បទ​បង្ហាញ​លើ​វេទិកា​សាធារណៈ របស់​ប្រមុខរដ្ឋាភិបាល​ដែល​ជ្រុល​សម្តី តែ​មានការ​សម្រប​សម្រួល​វិញ​ពី លោកឧបនាយករដ្ឋមន្ត្រី ស ខេង ទោះ​ពេល​ខ្លះ​លោក ស​ ខេង មិនថ្លែង​ឲ្យ​ចំ​តែ​ជា​រូបភាព និង​ខ្លឹមសារ​ទំនង​ជា​ចង់​ប៉ះប៉ូវ ដើម្បី​សម្រួល​ស្ថានការ​ជាមួយ​មជ្ឈដ្ឋានក្រៅ​ប្រទេស។ នេះ​បើ​តាម​លោក ឡៅ ម៉ុងហៃ។

ប៉ុន្តែ​យ៉ាង​ណាក៏​ដោយ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាងថា គេ​មិន​ត្រូវ​ទាញ​ភ្ជាប់​ការ​លើក​ពេល​កិច្ច​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​ជាមួយ​រឿង​រ៉ាវ​ឯទៀត​ឡើយ។ ម្យ៉ាងការងារ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល តែង​មាន​ការ​បែង​ចែក​កិច្ច​ការងារ​គ្នា​បំពេញ​រវាង​ប្រមុខរដ្ឋាភិបាលលោក​នាយរដ្ឋមន្រ្តី ហ៊ុន សែន និង​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ជា​រឿង​ធម្មតា។ ដូច្នេះគ្មាន​ការ​ប្ដូរ​យុទ្ធ​សាស្ត្រ ឬ​ប្ដូរ​សំឡេង​ពី​នាយករដ្ឋមន្ត្រី​មក​ឧបនាយករដ្ឋ​មន្ត្រី​ដើម្បី​ប្ដូរ​ស្ថានការណ៍​អ្វី​ឡើយ។ នេះ​បើ​តាម​លោក សុខ ឥសាន។

បើ​ទោះ​ជា​ប្រមុខ​រដ្ឋាភិបាល​ហាក់​ដូច​មាន​ភាព​ស្ងៀម​ស្ងាត់​នៅ​ក្នុង​ការ​ថ្លែង​សារ​ជា​សាធារណៈដូច​គ្រា​មុន​ក៏​ដោយ តែ​លោក​បាន​ប្រើប្រាស់​សំណេរ​ជំនួស​ឲ្យ​ការ​ប្រើ​ពាក្យ​សម្ដី។ ជាក់​ស្ដែង​ថ្មីៗនេះ លោក ហ៊ុន សែន បាន​បញ្ជាក់​ពី​ការ​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​រួមនឹង​ប្រតិកម្ម​ជាសំណេរ​ចំពោះ​ការ​ចោទ​ថា កម្ពុជា​បាន​ផ្ដល់​ទីតាំង​យោធា​ដល់​ចិន ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI