ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ហេតុអ្វី​បាន​ជា​ពលរដ្ឋ​ខ្មែរ​មិន​ចូល​ចិត្ត​បង់​ពន្ធ​?

សំឡេង ០៥:៣៧
អគ្គនាយកដ្ឋាន​ពន្ធដារ
អគ្គនាយកដ្ឋាន​ពន្ធដារ

និយាយ​ពី​ការ​បង់​ពន្ធ​លើ​ប្រាក់​បៀវត្ស មិន​ថានៅ​​ប្រទេស​ណា​ក៏ដូច​ជា​ប្រទេស​ដែរ ពលរដ្ឋ​ភាគច្រើន​ គឺ​មិន​សូវ​ចូល​ចិត្ត​បង់​ពន្ធ​ប៉ុន្មាន​ទេ។ ចំពោះ​ប្រជាជន​ខ្មែរវិញ ​ជាទូទៅ ពលរដ្ឋ​ខ្មែរ​ រឹត​តែ​មិន​សូវ​មាន​ទម្លាប់​ល្អ​ខាង​បង់ពន្ធ​នេះ​ថែម​ទៅ​ទៀត។ និយាយ​បែប​ផ្សេង គឺពួក​គេ​មិន​ចូល​ចិត្ត​បង់​ពន្ធ​តែ​ម្តង។ ទំនង​ជា​ដូច្នេះ​ហើយ ទើប​ការ​យក​ពន្ធ​លើ​ប្រាក់​បៀវត្ស​ គឺ​តម្រូវ​ឲ្យ​និយោជក​ កាត់​ចេញ​ទុក​ជូន​រដ្ឋ​តែម្តង។ ដូច្នេះ តើ​ហេតុអ្វី​បាន​ជា​ពលរដ្ឋ​ខ្មែរ​មិន​ចូល​ចិត្ត​បង់​ពន្ធ​?

ផ្សាយពាណិជ្ជកម្ម

តាម​ច្បាប់និង​បទដ្ឋាន​ផ្សេងៗ​ដែល​ស្តីពី​​ពន្ធលើប្រាក់​បៀវត្ស, ​អ្នក​ធ្វើការ​ដែល​ទទួល​បាន​ប្រាក់​ខែ​ក្រោម​​៨០ម៉ឺន​រៀល​​ គឺ​មិនគិត​ពន្ធ​ទេ។ ក៏ប៉ុន្តែ បើបាន​ប្រាក់​បៀវត្ស ​ចាប់ពី​៨០ម៉ឺនរៀល​ ដល់​១លាន​២សែន​៥ម៉ឺន គេ​ត្រូវ​គិត​ពន្ធ​ ៥%។ ហើយ​ចាប់ពី១លាន​២សែន​៥ម៉ឺន ទៅ​​៨លាន៥សែន​រៀល រដ្ឋ​នឹង​គិត​​ពន្ធ​១០%។ ចំណែក​ឯ​ប្រាក់​ខែ​បុគ្គលិក​ ដែល​លើសពី ​៨លាន៥សែន​រៀល រហូត​ដល់​១២លាន​៥សែន នោះគឺ​ត្រូវ​ទូទាត់​ ចំនួន​១៥%។​ ហើយ​បើ​លើសពី​១២លាន​៥សែនរៀល​នេះទៅ​ នោះគឺ​គិត​២០% សម្រាប់​បង់ពន្ធ​ជូន​រដ្ឋ។

 

ចំពោះ​ការបង់​ពន្ធលើប្រាក់​បៀវត្សនេះ​ ថៅកែ និយោជក ត្រូវ​កាត់ទុក​ជាមុន រួច​ជា​ស្រេច​តែម្តង​ នៅពេល​ដែល​បើក​ប្រាក់​ប្រចាំ​ខែ។ និយាយ​ពីការ​បង់ពន្ធ​ទៅ​លើ​ប្រាក់​ខែ​នេះ​​ ទាំង​ថៅកែ និង​បុគ្គលិក ទំនង​ជា​មិន​សូវ​មាន​​នរណា​ចូល​ចិត្ត​បង់​ពន្ធ​នោះទេ ព្រោះ​ថាពួក​គេ​នឹង​ត្រូវ​ចំណាយប្រាក់។ ហើយ​បើនរណា​បានទទួល​ប្រាក់​ខែ​កាន់តែ​ច្រើន ការ​បង់​ពន្ធ​ ក៏​កាន់​តែ​កើន​​តាម​នោះដែរ​។​

បើ​ទោះ​បី​ជា ​អ្នក​ជាប់​កាតព្វកិច្ច​បង់​ពន្ធលើកប្រាក់ខែនេះ​ បាន​បំពេញ​តាម​កាតព្វ​កិច្ច​ គឺបាន​បង់​ពន្ធ​នេះហើយ​ក៏ដោយចុះ​ ក៏​គេ​សង្កេត​ឃើញថា អ្នក​ខ្លះ​បង់​ពន្ធ​ទាំង​បង្ខំ​ចិត្ត និង​ទាំងរារែក ហើយ​​ថែម​ទាំង​មិន​មាន​ទំនុក​ចិត្តទៅទៀត​។ ការ​បង់​ពន្ធ​ដោយ​បង្ខំ​និង​រារែកចិត្ត​​ ព្រោះថាពួក​គេ​ទាំងនោះ ត្រូវ​កាត់​ប្រាក់​ខែផ្ទាល់ខ្លួន​ យក​ទៅបង់ពន្ធ។ ប្រាក់​ខែ​ដែល​​រក​បាន​ជា​​ថ្នូរ​នឹង​កម្លាំង​ញើស​ឈាម​របស់​ពួក​គេ​។ ចំណែក​ការ​មិន​ទុកចិត្ត ត្បិតថា ពលរដ្ឋ​ទាំងនោះ មិន​ដឹង​ ឬ​មិន​យល់​ ​ថារដ្ឋ​យក​លុយ​ទាំង​នោះ ទៅធ្វើ​អ្វីខ្លះ? ហើយ​ចាត់​ចែង​ដោយ​មាន​តម្លាភាព​ ឬក៏​យ៉ាងណា?

មូលហេតុធំ​មួយ​ទៀត គឺ​តាម​ទម្លាប់ជា​យូរយារ​​ណាស់​មកហើយ ដែល​ខ្មែរ​មិន​មាន​ទម្លាប់​ល្អ​ខាង​បង់ពន្ធឲ្យ​បាន​​ខ្ចប់​ខ្ចួន​នោះទេ។

ក្នុង​ប្រវត្តិសាស្ត្រ​អតីតកាល ខ្មែរ​មាន​​ការបង់ពន្ធដែរ​ តែ​ស្ថិត​ក្នុង​រូប​ភាព​បែប​ផ្សេងៗ​ ដូច​ជា​ដង្វាយ ឬស្ថិត​​ក្រោម​រូបភាព​បង្ខិត​បង្ខំផង​ក៏ដោយ​អាច​ថា​បាន​។ តួយ៉ាង សម័យ​ពីបុរាណ​​ ប្រជា​នុរាស្ត្រខ្មែរ​ត្រូវ​យក​ពន្ធអាករ ជា​ស្បៀង ឬ​គ្រឿង​រណ្តាប់​ផ្សេង​ៗ ​ទៅ​ថ្វាយស្តេច​​ម្ចាស់​ផែន​ដី ម្ចាស់​ប្រទេស!​ ពោល​គឺ​​រដ្ឋ​នេះ​ហើយ។ បើ​និយាយ​ពី​ការ​ប្រមូល​ពន្ធក្នុង​សម័យ​អាណាព្យាបាល​បារាំង​វិញ ប្រជាជន​​ខ្មែរ​មិន​សប្បាយ​ចិត្ត ហើយ​ថែម​ទាំង​បាន​ងើប​ប៉ះបោរ​ប្រឆាំង​នឹង​ការ​ប្រមូល​ពន្ធដ៏​ធ្ងន់ធ្ងរ​ រហូត​ដល់​ធ្វើ​វាយ​សម្លាប់​​អាជ្ញា​ធរ​បារាំង​​ទៀត​ផង​។

រហូត​មកទល់​នឹង​​សម័យ​នេះ ជាទូទៅ ពលរដ្ឋ​ខ្មែរ ហាក់​នៅ​មាន​ទម្លាប់​មិន​ចូល​ចិត្ត​បង់​ពន្ធ​ដដែល​។ តើ​ហេតុអ្វីបាន​ជា​ដូច្នេះ​?

មូលហេតុ​តាម​ទម្លាប់​ និង​ការ​កាត់​យក​ប្រាក់​ខែដែល​ជា​កម្លាំង​ញើស​ឈាម​របស់​ខ្លួន ដែល​បាន​លើកឡើង​ខាងលើនេះ​ គឺជាហេតុផល​ដែល​អាច​ពន្យល់​បាន​ហើយ។ ក៏ប៉ុន្តែ​ នៅ​មាន​មូល​ហេតុ​ផ្សេងទៀត ដែល​អាច​ឆ្លុះ​បញ្ចាំង​ឲ្យ​កាន់តែភ្លឺ​ច្បាស់​ ពីការ​មិន​ពេញ​ចិត្ត​នៅក្នុងការ​បង់​ពន្ធ​នេះ។

ជា​ទូទៅ​ ប្រព័ន្ធ​នៃការ​បង់ពន្ធ គឺនៅ​មាន​កម្រិត​ខ្សោយ ខ្សោយ​ទាំង​បច្ចេកទេស និងធនធាន រាប់​ទាំង​ធនធានមនុស្ស។ ដំណើរ​ការ​នៃការ​ប្រមូល​ពន្ធ គឺ​មាន​ភាពខ្វះ​ចន្លោះ។​ ជាហេតុ​ធ្វើ​ឲ្យ​បុគ្គល​មួយ​ចំនួន ​អាច​គេចវេះ​រួច​ខ្លួន​ពី​សំណាញ់​ពន្ធ​។ ហើយ​ការ​បង់ពន្ធ​នេះទៀត​សោត នៅពេល​ខ្លះ គឺមាន​ភាព​មិន​ប្រត្រតី និង​​មិន​ស្មើភាពគ្នា​។ មូលហេតុ​ទាំង​នេះ សុទ្ធតែ​ជាហេតុផល​​ ដែល​ធ្វើ​ឲ្យ​​អ្នក​ជាប់​កាតព្វកិច្ច​បង់​ពន្ធទាំង​ឡាយ ​មិន​សប្បាយ​ចិត្ត ហើយ​ក៏​សូវ​ចូល​ចិត្ត​បង់​ពន្ធ​ប៉ុន្មាន​ដែរ។

ម្យ៉ាង​វិញទៀត ក្នុង​ពេល​សព្វ​ថ្ងៃនេះ​ បុគ្គលិកភាគ​ច្រើន​ ពិសេស​អ្នក​ធ្វើការផ្នែក​ឯកជន ​ដែល​ត្រូវ​គេកាត់​​ពន្ធ​លើប្រាក់​ខែ​របស់​ខ្លួន ពួក​គេហាក់​​គ្មាន​សង្ឃឹមទៅលើការ​បង់ពន្ធ​របស់​ពួក​គេ​នោះឡើយ​។ ទី១ ការ​ផ្តល់​សេវា​សាធារណៈពីរ​ដ្ឋ​តប​ស្នង​វិញ គឺ​ខ្សោយ​ និង​ពេល​ខ្លះ គ្មាន​ប្រសិទ្ធភាព។ ទី​២​ ​​នៅ​ពេលដែល​ពួក​គេ​​ចាស់​ជរា ឬ​​ធ្វើការ​លែងកើត គឺគ្មាន​បាន​ប្រាក់​អ្វី​តប​ស្នង​មកវិញ។ ចំណែក​បុគ្គលិក​រដ្ឋ​ឯណោះ​ ក៏ទំនង​ជា​​មិន​សូវ​ជាសប្បាយ​ចិត្ត​​រីកថ្លើមប្រមាត់​ប៉ុន្មាន​ណាស់ដែរ កាល​បើ​ពេល​ចូល​និវត្តន៍ទៅ​ បាន​ប្រាក់រឺត្រែត​​តិចតួច​នោះ។​

លើស​ពីនេះ ចំពោះ​បុគ្គលិកមួយ​ចំនួន​ ដែល​ទើបតែ​នឹង​កសាង​ខ្លួនបាន​ខ្លះ មាន​ការ​ងារ​ល្មម​សមរម្យ​ ងើប​រើ​ខ្លួន បាន​ប្រាក់​ច្រើនបន្តិច ក៏ត្រូវ​ជាប់​ពន្ធ​ភ្លែតតែម្តង។ នេះជា​បន្ទុក​ខ្លាំង​ ខណៈ​ដែល​មានការ​​ចំណាយ​ច្រើន​ សម្រាប់ទិញ​ទំនិញ បាយទឹក​ និង​ការ​ធ្វើ​ដំណើរ​ផ្សេងៗ​ នេះ​មិន​ទាន់​គិត​ ប្រសិន​បើ​ពួក​គេ​​ជួល​ផ្ទះ​គេស្នាក់​នៅ​​ផង​។​

ទោះបី​យ៉ាងណា​ក៏ដោយ​ ​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បា​នប្រកាស កាលពី​ចុង​ខែសីហា​កន្លងទៅនេះ ថាការ​ប្រមូល​ពន្ធមាន​កំណើន​​ល្អ គឺ​ប្រមូល​បាន​លើស​ពី​ការរំពឹង​ទុក គឺ​បាន​រហូត​ដល់​១៨%ឯណោះ។ នេះ​គឺ​ដោយ​សារតែ​ការ​រឹង​បន្តឹង និង​ប្រឹង​ប្រែងកែទម្រង់​របស់​មន្ត្រី​​​ប្រមូល​ពន្ធ។

ក៏ប៉ុន្តែ​ការ​កសាង​ទំនុក​ចិត្តនិង​សេចក្តីសង្ឃឹម​ចំពោះ​អ្នក​បង់​ពន្ធ ក៏​កាន់តែ​សំខាន់​ និង​ចាំបាច់​ថែមទៅ​ទៀត​។ ចាំបាច់​និង​សំខាន់ ព្រោះថា នៅពេល​ដែល​អ្នក​ជាប់​កាតព្វ​កិច្ច​ពន្ធទាំងអស់ ទុក​ចិត្ត​និង​មានក្តី​​សង្ឃឹម ពួក​គេ​នឹង​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ បាន​កាន់តែល្អ ហើយ​ការ​ប្រមូល​ពន្ធ ​ក៏​ច្បាស់​ជា​នឹងកើន​ឡើង​ជាក់​ជាពុំខាន។

ធ្វើ​ដូច្នេះ​បាន គឺ​ទាល់​តែ​មានការ​​ឆ្លុះបង្ហាញ​ពី​តម្លាភាព​នៃ​ការ​ប្រមូល​ពន្ធ និងទាល់​តែ​មាន​ការ​​ជួល​ជុល ឬ​លុបបំបាត់​សំណាញ់ពន្ធដែល​ធ្លុះធ្លាយ​ផង​ដែរ។ បើ​មិន​ដូច្នោះទេ លំបាក​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ វិលមក​​ស្រឡាញ់​ការ​បង់​ពន្ធ​នេះណាស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI