កម្ពុជា-កងទ័ព

​លោក ទៀ បាញ់ ទៅ​ប្រជុំ​នៅ​UN​ថ្ងៃ​នេះ ខណៈ​រដ្ឋា​ភិបាល​អនុម័ត​ថវិការ​១៥លាន​ដុល្លារ​សម្រាប់​កង​ទ័ព​មួក​ខៀវ​កម្ពុជា​

លោក ទៀ បាញ់ រដ្ឋ​មន្ដ្រីក្រសួង​ការពារ​ជាតិ​កម្ពុជា
លោក ទៀ បាញ់ រដ្ឋ​មន្ដ្រីក្រសួង​ការពារ​ជាតិ​កម្ពុជា REUTERS

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា នឹង​ចេញ​ទៅ​អង្គការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃទី ២៦ មីនា នេះ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ ស្តីពី កិច្ចការ​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជា​ជាតិ ចាប់​ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ មីនា។ កិច្ច​ប្រជុំ​ដែល​មាន​ការ​ចូល​រួម​ពី​អគ្គលេខា​ធិការ​អង្គការ​សហ​ប្រជា​ជាតិ​ផង​ដែរ​។ 

ផ្សាយពាណិជ្ជកម្ម

កម្ពុជា​នឹង​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​បន្ថែម​ទៀត នៅ​ក្នុង​ប្រតិបត្តិ​ការ​រក្សា​សន្តិ​ភាព​ក្រោម​ឆ័ត្រ​របស់​អង្គការ​សហ​ប្រជា​ជាតិ តាម​រយៈ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ ដែល​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​អង្គការ​សហ​ប្រជាជាតិ នៅថ្ងៃទី ២៦ មីនា​នេះ​។ ខណៈ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពីថ្ងៃទី ២៥ មីនា បាន​បង្ហើប​ឲ្យ​ដឹង​ថា កម្ពុជា​ទើប​តែ​បាន​អនុម័ត​ថវិកា​ប្រមាណ​១៥​លាន​ដុល្លារ ដើម្បី​ទិញ​រថ​ពាស​ដែក បំពាក់​ជូន​កង​ទ័ព​មួក​ខៀវ​កម្ពុជា ដែល​កំពុង​បំពេញ​បេសកម្ម​រក្សា​សន្តិភាព នៅ​ក្នុង​ប្រទេស​ម៉ាលី​។

លោក​នាយ​ឧត្តម​សេនីយ៍ សែម សុវណ្ណី អគ្គ​នាយក​នៃ​មជ្ឈ​មណ្ឌល​ជាតិ​កង​កម្លាំង​រក្សា​សន្តិភាព និង​បោស​សម្អាត​កាក​សំណល់​សង្គ្រាម ដែល​ពេល​នេះ​កំពុង​ស្ថិត​នៅ​ទីក្រុង​ញូយ៉ក​សហរដ្ឋ​អាមេរិក បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI ថា កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​នៃ​បណ្តា​ប្រទេស​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​របស់​អង្គការ​សហ​ប្រជាជាតិ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​២ឆ្នាំ​ម្តង​នេះ នឹង​ពិនិត្យ​មើល​ឡើង​វិញ​ពី​លទ្ធ​ផល​ការងារ​របស់​ខ្លួន​នា​ពេល​កន្លង​មក​។ ហើយ​ក្នុង​នោះ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ទៀ បាញ់ រដ្ឋ​មន្ត្រី​ការពារ​ជាតិ​កម្ពុជា នឹង​ឡើង​ថ្លែង​សុន្ទរក​ថា ដើម្បី​បញ្ជាក់​ពី​គោល​ជំហរ​និង​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​បន្ថែម​ទៀត នៅ​ក្នុង​ការ​បន្ត​និង​ពង្រីក​បេសកម្ម​រក្សា​សន្តិភាព​នៅ​ក្រោម​ឆ័ត្រ​របស់​អង្គការ​សហ​ប្រជា​ជាតិ​។ ក្នុង​នោះ កម្ពុជា​នឹង​ប្រកាស​ពី​ការ​ត្រៀម​កង​កម្លាំង​៣កង​បន្ថែម​ទៀត លើ​កង​កម្លាំង​ដែល​មាន​ស្រាប់ ដើម្បី​ដាក់​ចូល​ក្នុង​ប្រព័ន្ធ​ត្រៀម​បម្រុង​របស់​អង្គការ​សហ​ប្រជា​ជាតិ​។ រួម​មាន កង​រាជ​អាវុធ​ហត្ថ កង​វិស្វកម្ម និង​កង​បោស​សំអាត​មីន​និង​កម្ទេច​គ្រឿង​ផ្ទុះ​ជា​ដើម​។ បន្ថែម​លើ​នេះ កម្ពុជា​ក៏​នឹង​ពង្រីក​ប្រតិបត្តិ​ការ​របស់​ខ្លួន​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​យ៉េមែន បន្ថែម​លើ​ប្រតិបត្តិ​ការ​របស់​ខ្លួន​កន្លង​មក ដូច​ជា នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង ម៉ាលី លីបង់ និង​អាហ្រ្វិក​កណ្តាល ជា​ដើម​។

គួរ​ជំរាប​ជូន​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កង​ទ័ព​របស់​ខ្លួន​ឲ្យ​ទៅ​បំពេញ​បេសកម្ម​រក្សា​សន្តិភាព​ក្រោមឆ័ត្រ​របស់​អង្គការ​សហ​ប្រជាជាតិ​ជិត​៦ពាន់​នាក់ (5783នាក់) ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​២៧៧​នាក់​។ កម្ពុជា គឺ​ជា​ប្រទេស​លំដាប់​ទី០៣​នៅ​ក្នុង​តំបន់​អាស៊ាន​ដែល​បាន​បញ្ជូន​កង​ទ័ព​ទៅ​បំពេញ​បេសកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​របស់​អង្គការ​សហ​ប្រជាជាតិ បន្ទាប់​ពី​ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី​។

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ​កម្ពុជា កាល​ពី​ថ្ងៃទី ២៥ មីនា នៅ​ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​ទីក្រុង​ញូយ៉ក​សហ​រដ្ឋ​អាមេរិក ចាប់​ពី​ថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ មីនា លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា នឹង​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ ស្តីពី កិច្ចការ​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជាជាតិ​ ដោយ​មាន​ការ​ចូល​រួម​ពី​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជាជាតិ លោក អង់តូនីញូ ហ្គូតរេ (Antonio Guterres) និង​ប្រទេស​ដែល​បាន​បញ្ជូន​កង​កម្លាំង​ថែ​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​របស់​អង្គការ​សហ​ប្រជា​ជាតិ​ប្រមាណ​ជា​១០០​ប្រទេស​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI