កម្ពុជា

សមាគម​ធាង​ត្នោត​៖ ការ​អភិវឌ្ឍ​នៅ​ភ្នំពេញ​ ជា​«​សន្យា​ខ្យល់​»

សមាគមធាងត្នោត៖ ការអភិវឌ្ឍនៅភ្នំពេញ ជា«សន្យាខ្យល់»
សមាគមធាងត្នោត៖ ការអភិវឌ្ឍនៅភ្នំពេញ ជា«សន្យាខ្យល់»

នៅ​ថ្ងៃ​នេះ សមាគម​ធាង​ត្នោត បាន​ចេញ​របាយ​ការណ៍ បង្ហាញ​ថា​ ការ​អភិវឌ្ឍ គឺ​ជា​កត្តា​ដែល​ជំរុញ​ឲ្យ​មាន​ការ​បណ្ដេញ​ចេញ​ក្នុង​ក្រុង​ភ្នំពេញ​។ ការ​ស្រាវ​ជ្រាវ​នេះ មាន​ចំណង​ជើងថា ​«សន្យា​ខ្យល់​» ដែល​សិក្សា​ទៅ​លើ​ការ​អភិវឌ្ឍ​ នៅ​ត្រង់​ទី​តាំង​បណ្តេញ​ចេញ​ ទាំង​៧៧កន្លែង​ នៅ​ភ្នំពេញ​។ តាម​សមាគម​ធាង​ត្នោត, ការ​បណ្តេញ​ចេញ​ក្រោម​លេស​អភិវឌ្ឍ គឺគ្មាន​បាន​ធ្វើ​ឲ្យ​ជីវភាព​ពលរដ្ឋ​ប្រសើរ​ឡើយ គឺ​មាន​តែ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ហូរ​ទឹក​ភ្នែក និង​ទទួល​រក​ទុក្ខ​វេទនា​ជា​ច្រើន​ ដោយ​សារ​តែ​គ្មាន​សំណង​ត្រឹម​ត្រូវ ហើយ​កន្លែង​រស់​នៅ​ថ្មី ក៏​គ្មាន​សេវា​សង្គម​ត្រឹម​ត្រូវ​។​

ផ្សាយពាណិជ្ជកម្ម

របាយ​ការណ៍​«សន្យា​ខ្យល់​» ​មាន​កម្រាស់​ប្រមាណ​ ៦០​ទំព័រ​ជា​ភាសា​ខ្មែរ ហើយ​ជា​អង់គ្លេស​ប្រហែល​៥០ទំព័រ បាន​បញ្ជាក់​ថា នៅ​ភ្នំពេញ ជា​ទូ​ទៅ​ គេ​ដឹង​ឮ​ច្រើន​តែ​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ នៅ​សហគមន៍​បឹង​កក់ និង​សហគមន៍​បុរីកីឡា ក៏​ប៉ុន្តែ​តាម​ពិត​ជាក់​ស្តែង ​គឺ​មាន​សហគមន៍​ជា​ច្រើន​ផ្សេង​ទៀត ដែល​រង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ និង​ដោយ​គ្មាន​សំណង​សមរម្យ​ ដែល​សរុប​ មាន​រហូត​ដល់​ចំនួន​៧៧​កន្លែង​ឯណោះ​។ នៅ​ក្នុង​របាយការណ៍​នេះ គឺ​មាន​បញ្ជាក់​ឈ្មោះ​ទី​តាំង​ជាក់​លាក់ ព្រម​ទាំង​គូស​ផែន​បង្ហាញ​ទៀត​ផង​។

តាម​ការ​សិក្សា​ដដែល ជា​ទូ​ទៅ​ មូល​ហេតុ​នៃ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ទាំង​៧៧កន្លែង​នោះ​ គឺ​ក្រោម​ហេតុ​ផល​អភិវឌ្ឍន៍ និង​ដើម្បី​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​។​ ការ​សិក្សា​ស្រាវ​ជ្រាវ​លើ​នេះ បាន​រក​ឃើញ​ថា មាន​តែ​៣៥% នៃ​ទី​តាំង​ទាំង​៧៧​នោះ មាន​ការ​អភិវឌ្ឍ​ពេញ​លេញ, ៤០% មាន​ការ​អភិវឌ្ឍ​ខ្លះៗ ចំណែក ២៥% មិន​ទាន់​មាន​ការ​អភិវឌ្ឍ​អ្វី​សោះ។

ចំពោះ​ផល​​ប៉ះពាល់​នៃការ​បណ្តេញ​ចេញ ត្រូវ​បាន​ឆ្លុះ​បង្ហាញ​ក្នុង​របាយ​ការណ៍​នេះ​ផង​ដែរ​ថា ពលរដ្ឋ​ដែល​ទៅ​រស់​នៅ​កន្លែង​ថ្មី ឆ្ងាយ​ពី​កន្លែង​រក​ស៊ី ឆ្ងាយ​ផ្សារ​ ឆ្ងាយ​សាលា​ ខ្វះ​សេវា​សង្គម​ គ្មាន​ទឹក​គ្មាន​ភ្លើង គ្មាន​អនាម័យ។​ មិន​តែ​ប៉ុណ្ណោះ អ្នក​ខ្លះ​បាត់​បង់​ការងារ​ ព្រម​ទាំង​ប៉ះពាល់​ដល់​សុខភាព​ទៀត​ផង។ ពួក​គេ​ខ្លះ​ មាន​វិបត្តិ​ផ្លូវ​ចិត្ត ព្រួយ​បារម្ភ​ច្រើន​ ដេក​មិន​បាន អស់​កម្លាំង ស្មារតី​ធ្លាក់ចុះ ធ្លាក់​ទឹក​ចិត្ត ឥត​ក្តីសង្ឃឹម ហើយ​អ្នក​ខ្លះ រហូត​ដល់​ឈាន​ទៅមាន​គំនិត​ចង់​ធ្វើ​អត្តឃាត​។ ចំណែក​អ្នក​ដែល​ងើប​តវ៉ា​វិញ ត្រូវ​អាជ្ញាធរ​វាយ​បង្ក្រាប ធ្វើ​ឲ្យ​របួស ស្ត្រីខ្លះ​រលូតកូន ហើយ​អ្នក​ខ្លះ កំពុងតែ​ជាប់​ក្នុងពន្ធនាគារ​នៅឡើយ។​

ទោះ​យ៉ាង​នេះ​ក្តី វាគ្មិន​ដែល​បកស្រាយ​នៅ​ក្នុង​ពេល​បង្ហាញ​របាយ​ការណ៍​នេះ កត់​សម្គាល់ថា នៅ​ក្នុង​អាណត្តិ​ទី​៤ គឺ​ការ​បណ្តេញ​ពលរដ្ឋ​ឲ្យ​ចេញ​ពី​ភ្នំពេញ​ គឺ​មាន​ចំនួន​ច្រើន​យ៉ាងគំហុក និង​យ៉ាង​សាហាវ​ឃោរឃៅ ក៏ប៉ុន្តែ​នៅ​ក្នុង​អាណត្តិ​ទី​៥​នេះ មធ្យោបាយ​ដែល​អាជ្ញាធរ​បណ្តេញ​គឺ​មាន​ភាព​ទន់​ភ្លន់​ជាង​មុន ហើយ​ក៏​បាន​ថយ​ចំនួន​ជាង​មុន​ខ្លះ​ដែរ។

អ្នក​ជំនាញ​ខាង​សិទ្ធិ​ដីធ្លី​និង​ពលរដ្ឋរងគ្រោះ ​ដែល​ចូលរួម​ពិធី​បង្ហាញ​របាយការណ៍​«សន្យាខ្យល់» នេះ បញ្ជាក់​ដែរ​ថា គម្រោង​អភិវឌ្ឍ​អគារ​ប៊ូលឌីង​ស នៅ​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ឃើញ​ថា មាន​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​រួម​ពី​សំណាក់​ពលរដ្ឋ​ច្រើន​ តែ​មាន​ពលរដ្ឋ​ខ្លះ ក៏នៅតែ​ព្រួយ​បារម្ភ​ពីការ​សន្យា​របស់​អាជ្ញាធរ​ដដែល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI