អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​សម រង្ស៊ី​អះអាង​ថា ចំណាត់​ការ​របស់​តុលាការ​កម្ពុជា មិន​អាច​បញ្ឈប់​ដំណើរ​តស៊ូ​របស់​លោក​បាន​ឡើយ

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ Reuters
ដោយ៖ វណ្ណ សុគន្ធា
១៧ នាទី

បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​រឹប​អូស​បណ្តោះ​អាសន្ន​នូវ​ទី​ស្នាក់​ការ​អតីត​បក្ស​សង្រ្គោះ​ជាតិ​ដើម្បី​យក​ទៅ​ធ្វើ​ជា​សំណង​ដល់​មេ​ដឹក​​នាំ​កំពូល​របស់​បក្ស​កាន់​អំណាច​នោះ នៅ​យប់​មិញ​នេះ លោក​សម រង្ស៊ី ពី​ក្រៅ​ប្រទេស​បាន​ប្រតិកម្ម​ថា ទង្វើ​នេះ​មិន​ប៉ះ​ពាល់​ដល់​ជីវភាព​រស់​នៅ​របស់​លោក​ទេ។ មិន​តែ​ប៉ុណ្ណោះ អតីត​ប្រមុខ​បក្ស​ប្រឆាំង​រូប​នេះ ក៏​បាន​សង្កត់​ធ្ងន់​ថែម​ទៀត​ថា វា​ក៏​មិន​អាច​បញ្ឈប់​ដំណើរ​តស៊ូ​របស់​លោក​ក្នុង​ការ​ស្វែង​រក​ការ​ផ្លាស់​ប្តូរ​របប​បច្ចុប្បន្ន​នេះ​ដែរ។

ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​២៧ កុម្ភៈ លោក​សម រង្ស៊ី បាន​សរសេរ​អះអាង​ដូច្នេះ​ថា “ខ្ញុំ​មិន​មាន​ការ​ភ្ញាក់​ផ្អើល​អ្វី​ទេ​ចំពោះ​សេចក្តី​សម្រេច​បែប​នេះ​របស់​តុលាការ ពី​ព្រោះ​នេះ​គ្រាន់​តែ​ជា​ផ្នែក​មួយ​ទៀត​នៃ​សំណុំ​រឿង​នយោបាយ​ដែល​គេ​បាន​កសាង​ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​រូប​ខ្ញុំ​ដែល​បាន​ចេញ​មុខ​ខ្លាំង​ជាង​គេ​ប្រឆាំង​អំណាច​ផ្តាច់​ការ និង​ពុក​រលួយ​សព្វ​ថ្ងៃ​ប្រមាណ ២៥ ឆ្នាំ​មក​ហើយ”។ តាម​លោក​សម រង្ស៊ី មូល​ហេតុ​ដែល​លោក​មិន​ភ្ញាក់​ផ្អើល និង​មិន​តក់​ស្លុត​នោះ ក៏​ព្រោះ​ថា លោក​មិន​មែន​ជា​មនុស្ស​សម្ភារៈ​និយម​នោះ​ទេ។ ត្រង់​ចំណុច​នេះ លោក​សម រង្ស៊ី បាន​សង្កត់​ធ្ងន់​ថា ទ្រព្យ​សម្បត្តិ លុយ​កាក់ និង​បុណ្យ​សក្តិ មិន​មែន​ជា​អ្វី​ដែល​លោក​ស្វែង​រក​ទេ​នៅ​ក្នុង​ការ​តស៊ូ​របស់​លោក​ក្នុង​រយៈ​ពេល​២៥ ឆ្នាំ​កន្លង​មក​នេះ។

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​២៦​កុម្ភៈ បាន​សម្រេច​រឹប​អូស​បណ្តោះ​អាសន្ន​ទី​ស្នាក់​ការ​កណ្តាល​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ដើម្បី​យក​​ទៅ​ធ្វើ​ជា​សំណង​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន និង​លោក​ហេង សំរិន ប្រធាន​រដ្ឋសភា​ខ្មែរ​ដែល​សុទ្ធ​តែ​ជា​ថ្នាក់​ដឹក​នាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ សំណង​នោះ ​គឺ​តុលាការ​កម្ពុជា​តម្រូវ​ឲ្យ​លោក​សម រង្ស៊ី​បង់​សង​ជំងឺ​ចិត្ត​សរុប​ដល់​ទៅ​ជាង​១.១​លាន​ដុល្លារ​​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​ចាញ់​ក្តី​អ្នក​ទាំង​ពីរ។ ក្រោយ​ចាញ់​ក្តី​នោះ លោក​សម រង្ស៊ី មិន​បាន​បង់​ទេ ដូច្នេះ​ហើយ​ទើប​ពេល​នេះ តុលាការ​ក៏​សម្រេច​រឹប​អូស​បណ្តោះ​អាសន្ន​ទ្រព្យ​សម្បតិ្ត​របស់​លោក​នៅ​កម្ពុជា​តែ​ម្តង។

ក៏​ប៉ុន្តែ​លោក​សម រង្ស៊ី អះអាង​ថា លោក​មិន​ខ្វល់​នឹង​រឿង​រឹប​អូស​ទ្រព្យ​សម្បត្តិ​នេះ​ទេ ពី​ព្រោះ​ថា​ ទង្វើ​បែប​នេះ វា​មិន​ប៉ះ​ពាល់​ដល់​ជីវភាព​រស់​នៅ និង​កម្លាំង​ចិត្ត​តស៊ូ​របស់​លោក​ឡើយ។ សម្រាប់​លោក​សម រង្ស៊ី អ្វី​ដែល​លោក​ខ្វល់​ខ្វាយ​នោះ​ គឺ​ទង្វើ​របស់​អ្នក​មាន​អំណាច និង​អ្នក​មាន​លុយ​ដែល​លោក​ចោទ​ថា​បាន​ឃុប​ឃិត​ជាមួយ​តុលាការ​របស់​លោក ហ៊ុន សែន ដើម្បី​រឹប​អូស​ទ្រព្យ​សម្បត្តិ ដី​ធ្លី និង​ផ្ទះ​សម្បែង​របស់​ប្រជារាស្ត្រ​ក្រីក្រ ស្លូត​ត្រង់​ទៅ​វិញ​ទេ។

សូម​បញ្ជាក់​ថា ក្រៅ​ពី​សំណុំ​រឿង​នេះ លោក​អតីត​ប្រមុខ​បក្ស​ប្រឆាំង​កម្ពុជា ក៏​រង​នូវ​បណ្តឹង​ចំនួន​ប្រមាណ​ជា​៨​ទៀត​ដែរ ដែល​ខ្លះ​ត្រូវ​បាន​តុលាការ​កាត់​ក្តី​រួច និង​ខ្លះ​ទៀត​កំពុង​ដំណើរ​ការ​នីតិវិធី​តុលាការ។ ទោះ​ជា​បែប​នេះ​ក្តី លោក​សម រង្ស៊ី​បាន​គូស​បញ្ជាក់​ថា វា​មិន​អាច​បញ្ឈប់​ដំណើរ​របស់​លោក​បាន​ទេ ដោយ​លោក​នឹង​ខិត​ខំ​តស៊ូ​កាន់​តែ​ខ្លាំង​ក្លា​ឡើង​ថែម​ទៀត ដើម្បី​បញ្ចប់​របប​សព្វ​ថ្ងៃ​ក្នុង​គោល​បំណង​ផ្តល់​សេរីភាព និង​យុត្តិធម៌​ដល់​ប្រជារាស្ត្រ​ខ្មែរ​ទាំង​មូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ