ភាពល្អូកល្អិន ហ៊ុន សែន-កឹម សុខា ជាវិញ្ញាសាថ្មីសម្រាប់បក្សប្រឆាំង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣៣
ចាប់តាំងពីលោក កឹម សុខា ប្រធានស្ដីទីបក្សសង្គ្រោះជាតិ បង្ហាញភាពល្អូកល្អិនយល់ចិត្តថ្លើមជាមួយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅក្នុងរដ្ឋសភាកាលពីថ្ងៃពុធ ភាពសង្ស័យបានធ្លាក់មកជាបន្តបន្ទាប់។ តើទំនាក់ទំនងនេះ អាចធ្វើឲ្យផ្ទៃក្នុងបក្សប្រឆាំងប្រេះឆាថែមទៀតដែរឬទេ? តើអនាគតគណបក្សប្រឆាំងនឹងក្លាយជាយ៉ាងណា? ហើយតើនរណាជាអ្នកកំណត់ជោគវាសនានៃគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា?
ការសម្របសម្រួលរវាងគណបក្សនយោបាយមិនមែនជារឿងថ្មីអ្វីទេ នៅលើឆាកនយោបាយកម្ពុជា។ ប៉ុន្តែសម្រាប់គណបក្សនយោបាយដែលដឹកនាំដោយបុរសខ្លាំង២នាក់ ការសម្របសម្រួលនយោបាយជាមួយបុគ្គលម្នាក់ ដោយលើកលែងទោស ស្វាគមន៍ និងប្រគល់តំណែងថ្មីឲ្យ ខណៈម្នាក់ទៀតមានទោសជាប់ខ្លួនហើយត្រូវនិរទេសខ្លួនឯងនៅក្រៅប្រទេស គឺជារឿងប្លែកថ្មីនិងគួរឲ្យបារម្ភ។ បារម្ភព្រោះ ការសម្របសម្រួលនយោបាយ ជាទូទៅមានទៅមានមក។
គណបក្សកាន់អំណាចធ្វើសម្បទានយ៉ាងច្រើនដល់គណបក្សប្រឆាំង រាប់ចាប់តាំងពីលើកលែងទោសលោក កឹម សុខា ប្រគល់តំណែងជាប្រធានក្រុមសំឡេងភាគតិចនៅសភា និងតំណែងប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិឲ្យលោក កឹម សុខា ហើយថែមទាំងដោះលែងលោក មេឃុំ ស៊ាង ចែត ទៀត។ តាមរយៈសម្បទានអស់នេះ ច្បាស់ណាស់ គណបក្សសង្គ្រោះជាតិត្រូវផ្ដល់សំណងយ៉ាងគាប់ចិត្តទៅឲ្យគណបក្សប្រជាជនវិញ។
សម្រាប់គណបក្សប្រជាជន នៅលើឆាកនយោបាយ៥អាណត្តិកន្លងមកនេះ គ្មានអ្វីគួរឲ្យគាប់ចិត្តជាងការបែកបាក់ដួលរលំនៃគូប្រជែងរបស់ខ្លួនឡើយ។
កាលពីថ្ងៃពុធ ទី៧ធ្នូ នៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា លោក កឹម សុខា ប្រធានស្ដីទីគណបក្សប្រឆាំង បានបង្ហាញភាពល្អូកល្អិនយល់ចិត្តយល់ថ្លើមគ្នាយ៉ាងខ្លាំងជាមួយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ លោក ហ៊ុន សែន បានចាត់ទុកលោក កឹម សុខា ថាជាដៃគូពិភាក្សារឿងប្រទេសជាតិជាមួយរូបលោក ដែលតំណែងនេះ ពីដំបូងឡើយជារបស់លោក សម រង្ស៊ី។
ការផ្លាស់ប្ដូរនេះ បានធ្វើឲ្យមហាជនព្រួយថា អាចជះឥទ្ធិពលដល់ផ្ទៃក្នុងបក្សប្រឆាំង ដែលមានបញ្ហាស្រាប់។ គេដឹងរួចមកហើយថា គណបក្សសង្គ្រោះជាតិ ប្រសូត្រចេញពីការច្របាច់បញ្ចូលគ្នារវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ ដូច្នេះហើយនៅក្រោមដំបូលសង្គ្រោះជាតិ មានមនុស្សមកពីប្រភពពីរផ្សេងគ្នា ដែលប្រភពទាំងពីរនេះ ធ្លាប់រិះគន់ជេរប្រមាថគ្នាយ៉ាងចាស់ដៃ កាលពីនៅបក្សរាងខ្លួន។
បើទោះបីជាគណបក្សប្រឆាំងអះអាងថា គ្មានភាពប្រេះឆានៅក្នុងជួរគណបក្សខ្លួនក៏ដោយ ប៉ុន្តែភាពផុយស្រួយនៃទំនាក់ទំនងផ្ទៃក្នុងបក្សមានកម្រិតយ៉ាងណានោះ គណបក្សខ្លួនឯងទើបដឹងច្បាស់។
កន្លងមក ភាពផុយស្រួយនៃផ្ទៃក្នុងបក្សប្រឆាំង បានក្លាយទៅជាចំណុចខ្សោយដែលគណបក្សកាន់អំណាចព្យាយាមវាយបំបែកតាមរយៈវិធីផ្សេងៗ និងតួអង្គនយោបាយផ្សេងៗ។ កាលពីឆ្នាំ២០១៥ តួអង្គនយោបាយដែលគណបក្សកាន់អំណាចជ្រើសយក គឺលោក សម រង្ស៊ី។ ប៉ុន្តែភាពល្អូកល្អិនជាមួយលោក សម រង្ស៊ី ទំនងជាមិនអាចធ្វើឲ្យបក្សប្រឆាំងបែកជាពីរបាន ទើបគណបក្សកាន់អំណាចងាកមកប្រើលោក កឹម សុខា វិញម្ដង។ ប្រសិនបើភាពល្អូកល្អិនរវាងលោក កឹម សុខា និងប្រមុខបក្សប្រជាជន លោក ហ៊ុន សែន អាចធ្វើឲ្យលោក សម រង្ស៊ី ដែលនៅក្រៅប្រទេសនៅលែងសុខ ហើយសម្រេចចែកផ្លូវជាមួយលោក កឹម សុខា នោះគណបក្សប្រជាជនបានជោគជ័យ។ ផ្ទុយមកវិញ ប្រសិនបើល្បែងមួយក្ដារនេះមិនអាចបំបែកសង្គ្រោះជាតិបានទេ គណបក្សប្រជាជនប្រហែលជាត្រូវខាំមាត់សង្កត់ចិត្ត ប្រកួតជាមួយសង្គ្រោះជាតិម្ដងទៀតនៅលើសង្វៀនការបោះឆ្នោតជាតិឆ្នាំ២០១៨។
បក្សកាន់អំណាចមិនត្រូវភ្លេចទេថា ចំណុចខ្លាំងរបស់គណបក្សសង្គ្រោះជាតិគឺការរួបរួមរបស់បុគ្គលប្រឆាំងខ្លាំងពីររូប។ គឺដោយសារតែការរួបរួមនេះហើយ ដែលធ្វើឲ្យបក្សនេះទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ម្ចាស់ឆ្នោត នៅក្នុងការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣។ សង្គ្រោះជាតិ បានក្លាយទៅជាដៃគូតែមួយគត់របស់គណបក្សប្រជាជនកម្ពុជានៅក្នុងសភា ដោយទទួលបានអាសនៈចំនួន៥៥ ខណៈបក្សកាន់អំណាចមានអាសនៈចំនួន៦៨។
មួយជំហានទៀតដល់គោលដៅ គណបក្សសង្គ្រោះជាតិទំនងជាមិនហែកហួរគ្នាឯងឡើយ។ ទ្រាំរស់នៅក្រោមដំបូលតែមួយ៤ឆ្នាំហើយ រឿងអីទ្រាំ២ឆ្នាំទៀតរហូតដល់បោះឆ្នោតជាតិមិនបាន?
សរុបមកវិញ ភាពល្អូកល្អិន ហ៊ុន សែន-កឹម សុខា លើកនេះ ជាវិញ្ញាសាថ្មីមួយទៀតសម្រាប់គណបក្សប្រឆាំងវាស់ស្ទង់ពីភាពរឹងមាំរបស់ខ្លួន។ ប្រសិនឆ្លងផុតវិញ្ញាសានេះ លោក សម រង្ស៊ី និង លោក កឹម សុខា លែងចាំបាច់សង្ស័យគ្នាពីភាពស្មោះត្រង់ទៀតហើយ។ អ្វីដែលគណបក្សនេះត្រូវធ្វើ គឺពង្រឹងប្រជាធិបតេយ្យផ្ទៃក្នុង និងដាក់គោលនយោបាយឈានទៅរកការបោះឆ្នោត។
ជោគវាសនាអនាគតរបស់គណបក្សប្រឆាំង គ្មាននរណាអាចកំណត់បានទេ។ ចង់បែក ចង់បាក់ ឬចង់កាន់ដៃគ្នាឆ្ពោះទៅកាន់ការបោះឆ្នោត គឺមានតែគណបក្សប្រឆាំងខ្លួនឯងទេ ទើបអាចកំណត់បាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ