កម្ពុជា-សង្គម

​កម្ពុជា​នឹង​ជួប​គ្រោះ​រាំង​ស្ងួត​ធ្ងន់​ធ្ងរ​ខ្លាំង​ពី​ពេល​នេះ​រហូត​ដល់​ដើម​ឆ្នាំ​២០២០​

កម្ពុជានឹងជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំងពីពេលនេះរហូតដល់ដើមឆ្នាំ២០២០
កម្ពុជានឹងជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំងពីពេលនេះរហូតដល់ដើមឆ្នាំ២០២០ @សហការី

ប្រទេស​កម្ពុជា​នឹង​ជួប​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​ខ្លាំង ចាប់​ពី​ពេល​នេះ រហូត​ដល់​ខែ​មករា ឆ្នាំ​២០២០​។ គណៈកម្មការ​ទន្លេ​មេគង្គ​បាន​ទាញ​សញ្ញា​ប្រកាស​អាសន្ន​យ៉ាង​ដូច្នេះ តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ទាន់​មួយ នៅ​ថ្ងៃ​អង្គារ ទី​១៩​វិច្ឆិកា​។ បើ​តាម​គណៈកម្មការ​ទន្លេ​មេគង្គ គ្រោះ​រាំង​ស្ងួត​នេះ កើត​ឡើងដោយ​សារ​តែ​បរិមាណ​ទឹក​ភ្លៀង​មិន​គ្រប់​គ្រាន់​ក្នុង​អំឡុង​រដូវ​វស្សា និង​បាតុភាព​អែលនីញ៉ូ ដែល​បង្ក​ឲ្យ​មាន​កម្ដៅ ក៏​ដូច​ជា​រំហួត​ខ្ពស់​ខុស​ប្រក្រតី​។ 

ផ្សាយពាណិជ្ជកម្ម

ការ​ព្យាករណ៍​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​ឲ្យ​ដឹង​ថា តំបន់​ភាគ​ឥសាននៅ​កម្ពុជា ​​រួម​មាន​ខេត្ត​ឧត្តរ​មាន​ជ័យ ព្រះ​វិហារ និង​ខេត្ត​សៀមរាប នឹង​រង​ផល​ប៉ះពាល់​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​ខ្លាំង​បំផុត។ ភាព​រាំង​ស្ងួត​នេះ នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​អំឡុង​សប្ដាហ៍​ទី​៣ និង​សប្ដាហ៍​ទី​៤​នៃ​ខែ​វិច្ឆិកា ហើយ​ស្ថានភាព​នេះ​នឹង​វិវត្ត​ធ្ងន់ធ្ងរ​ឡើង ចាប់​ពី​ខែ​ធ្នូ រហូត​ដល់​ខែ​មករា ឆ្នាំ​២០២០។ ស្ថិត​ក្នុង​អំឡុង​ពេល​នេះ តំបន់​ជា​ច្រើន​នៅ​តាម​ដង​ទន្លេ​មេគង្គ មាន​ភ្លៀង​ធ្លាក់​តិច​តួច ឬ​គ្មាន​ភ្លៀង​តែ​ម្ដង​។

លោក​បណ្ឌិត ឡាំ ហុងសឺន ប្រធាន​មជ្ឈមណ្ឌល​គ្រោះ​រាំង​ស្ងួត​និង​ទឹក​ជំនន់​ប្រចាំ​តំបន់ នៃ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ បាន​គូស​បញ្ជាក់​ថា អាកាសធាតុ​ស្ងួត​រយៈ​ពេល​យូរ​នៅ​ឆ្នាំ​នេះ អាច​បង្ក​ផល​ប៉ះពាល់ជា​អវិជ្ជមាន​ដល់​ដំណាំ​និង​ផលិតផល​កសិកម្ម​។ ហើយ​ប្រសិន​បើ​គ្រោះ​រាំង​ស្ងួត​នៅ​តែ​បន្ត នោះ​វា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​កង្វះ​ទឹក​ប្រើ​ប្រាស់​ថែម​ទៀត​។ នេះ​បើ​តាម​លោក​បណ្ឌិត ឡាំ ហុងសឺន​។

ជា​ការ​កត់​សម្គាល់ ក្រៅពី​កម្ពុជា គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​នេះក៏​កើត​មាន​នៅ​ខេត្ត​ចំនួន​១២​នៅតំបន់​ភាគ​ខាង​ជើង​និង​តំបន់​ឥសាន​នៃ​ប្រទេស​ថៃ​ផង​​ដែរ​។ ចំណែក តំបន់​ភាគ​កណ្ដាល​និង​ភាគ​ខាង​ជើង​នៃ​ប្រទេស​ឡាវ រួម​មាន​ខេត្ត​វៀងចន្ទ សាយសូមបុណ្យ សាយ៉ាបូរី និង​ខេត្ត​លួង​ប្រាបាង រង​ផល​ប៉ះពាល់​ដែរ ប៉ុន្តែ​តិច​តួច​ជាង​។ ដោយ​ឡែក នៅ​ដែន​ដី​សណ្ដរ​មេគង្គ​នៃ​ប្រទេស​វៀតណាម​វិញ ថ្វីដ្បិត​តែ​មិន​មាន​សញ្ញា​ពី​គ្រោះ​រាំង​ស្ងួត ប៉ុន្តែ​លំហូរ​នៃ​ទឹក​ប្រៃ អាច​ក្លាយ​ជា​បញ្ហា​ បង្ក​ជា​ហានិភ័យ​ខ្លះ​ៗ​ដល់​ដំណាំ​កសិកម្ម​។

សូម​ជម្រាប​ថា គ្រោះ​រាំង​ស្ងួត​នា​ឆ្នាំ​២០១៩​នេះ បាន​បណ្ដាល​ឲ្យ​ទឹក​ទន្លេ​មេគង្គ​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​នៅ​ក្នុង​រយៈ​ពេល​៦០​ឆ្នាំ​ចុង​ក្រោយ​។ តំបន់​ភាគ​ច្រើន​នៃ​ដង​ទន្លេ​បាន​ជួប​ប្រទះ​នូវ​លំហូរ​ទឹក​ទាប​គួរ​ឲ្យ​កត់​សម្គាល់ ចាប់​តាំង​ពី​ខែ​មិថុនា​មក​ម្ល៉េះ។ យ៉ាង​ណា​ក៏ដោយ គណៈកម្មការ​ទន្លេ​មេគង្គ​រំពឹង​ទុក​ថា ស្ថានភាព​រាំង​ស្ងួត នឹង​មាន​ភាព​ប្រសើរ​ឡើង​ជាង​មុន​បន្តិច​ម្ដង​ៗ ចាប់​ពី​សប្ដាហ៍​ទី​២​នៃ​ខែ​មករា​ឆ្នាំ​២០២០ ដោយ​សារ​តែ​អាកាស​ធាតុ​នឹង​ប្រែ​មក​មាន​សំណើម​បន្តិច​វិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI