អង្គទូតនៃប្រទេសប្រជាធិបតេយ្យធំៗមិនចូលរួមសង្កេតការណ៍កិច្ចប្រជុំសភាលើកដំបូងរបស់កម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ការបើកសម័យប្រជុំរដ្ឋសភាលើកដំបូងរបស់កម្ពុជាអាណត្តិទី៦ នៅថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៨នេះ គឺមិនមានវត្តមាននៃតំណាងអង្គទូតរបស់ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមកចូលរួមសង្កេតការណ៍តាមការអញ្ជើញរបស់សភាកម្ពុជាឡើយ តែមានការចូលរួមពីតំណាងទូតចិន និងប្រទេសមួយចំនួនទៀត។ អវត្តមាននៃតំណាងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យក្នុងការប្រជុំសភាលើកដំបូងនៅអាណត្តិនេះ គឺពួកគេភាគច្រើនមិនបញ្ជាក់ពីមូលហេតុឡើយ ខណៈរដ្ឋសភាកម្ពុជាត្រូវកាន់កាប់ដោយគណបក្សតែមួយ គឺគណបក្សប្រជាជនកម្ពុជា។
អគ្គលេខាធិការរដ្ឋសភា បានបញ្ជាក់ថា រដ្ឋសភាកម្ពុជា បានអញ្ជើញតំណាងស្ថានទូតទាំងអស់ចំនួន៣១ប្រទេសប្រចាំកម្ពុជា ឲ្យមកចូលរួមការប្រជុំរដ្ឋសភាលើកដំបូង។ ប៉ុន្តែតំណាងប្រទេសលោកខាងលិច ចំនួន៩មិនបានចូលរួមទេ។ តំណាងទូតដែលមិនចូលគឺ អាមេរិក កាណាដា បារាំង អង់គ្លេស អាឡឺម៉ង់ អូស្រ្តាលី ស៊ុយអែត ប៊ុលហ្គារី និងទូតសហភាពអ៊ឺរ៉ុប។ សហភាពអ៊ឺរ៉ុប មានសមាជិកចំនួន២៨ប្រទេស ដែលសុទ្ធសឹងជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ។ តែជាមួយគ្នានោះ តំណាងទូតចិនបានចូលរួម ខណៈស្ថានទូតជប៉ុនគ្រាន់តែបញ្ជូនតំណាងបេសកកម្មរបស់ខ្លួនចូលរួម ជំនួសឲ្យឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ នេះជាការគូសបញ្ជាក់របស់លោក ឡេង ប៉េងឡុង។
អគ្គលេខាធិការរដ្ឋសភារូបនេះ បានប្រាប់អ្នកកាសែតក្រោយពីកិច្ចប្រជុំសភាបន្ថែមទៀតថា ក្រៅពីតំណាងអង្គទូត ក៏មានអង្គការអន្តរជាតិចំនួន១១ត្រូវបានអញ្ជើញផងដែរ ប៉ុន្តែអ្នកមកចូលរួមបានតែចំនួន៥អង្គការប៉ុណ្ណោះ។ អង្គការទាំង៥នោះ មានដូចជា UNDP,UNFPA,UNICEF,WHOនិង អង្គការខុនរ៉ាត់អាដេណៅអ័ររបស់អាឡឺម៉ង់។ ប៉ុន្តែស្ថាប័នរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភាពលោក (World Bank) ជាដើមមិនបានចូលរួមទេ។
បើតាម លោក ឡេង ប៉េងឡុង តំណាងអង្គទូតនិងតំណាងស្ថាប័នអន្តរជាតិធំៗដែលមិនចូលរួមការប្រជុំសភានាថ្ងៃពុធនេះ មិនបានបញ្ជាក់ពីមូលហេតុនៃអវត្តមានរបស់ខ្លួនទេ ខណៈឯកអគ្គរដ្ឋទូតខ្លះកំពុងប្រជុំនៅក្រៅប្រទេស។ យ៉ាងណាក៏ដោយ គេកត់សម្គាល់ថា ប្រទេសប្រជាធិបតេយ្យ ដូចជា សហភាពអ៊ឺរ៉ុប កាណាដា អូស្រ្តាលី បារាំង អង់គ្លេស អាមេរិក ជាដើម សុទ្ធតែបានចេញសេចក្តីថ្លែងការណ៍ថាការបោះឆ្នោតនៅកម្ពុជាថ្ងៃទី២៩កក្កដា មិនអាចជឿទុកចិត្តបាន។
លោក ឡេង ប៉េងឡុង បានសំដែងការសោកស្តាយចំពោះអវត្តមាននៃតំណាងស្ថានទូត និងតំណាងអង្គការអន្តរជាតិធំៗខាងលោកសេរី ដែលមិនមកចូលរួមសង្កេតការណ៍ពេលបើកសម័យប្រជុំសភាលើកដំបូងរបស់កម្ពុជា នាអាណត្តិទី៦នេះ។ តែលោកថ្លែងថា ប្រទេសលោកខាងលិច វាយតម្លៃមិនត្រឹមត្រូវចំពោះសភាពការណ៍នៅកម្ពុជា ទើបមិនមកចូលរួមការបើកសម័យប្រជុំសភាលើកដំបូង តាមការអញ្ជើញរបស់រដ្ឋសភាខ្មែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ