កម្ពុជា-បោះឆ្នោត

កម្ពុជា​​ផ្ដើម​​ចុះ​ឈ្មោះ​​បោះឆ្នោត​ថ្មី ​ក្រោម​​ជំនួយ​​បច្ចេក​ទេស​​ទំនើប​​របស់​​ជប៉ុន​​ និង​​សហភាព​អឺរ៉ុប​

លោក ស៊ិក ប៊ុនហុក ប្រធាន គ ជ ប ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​កាសែត​ក្រោយ​ការ​ចុះ​បោះឆ្នោត​នៅ​ព្រឹក​ថ្ងៃ​ទី​០១​កញ្ញា​ឆ្នាំ​២០១៦​នេះ
លោក ស៊ិក ប៊ុនហុក ប្រធាន គ ជ ប ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​កាសែត​ក្រោយ​ការ​ចុះ​បោះឆ្នោត​នៅ​ព្រឹក​ថ្ងៃ​ទី​០១​កញ្ញា​ឆ្នាំ​២០១៦​នេះ @kimhong

ដូច​​ការ​​គ្រោង​​ទុក ​នៅ​​ថ្ងៃ​​ទី​ ​០១​កញ្ញា​​នេះ គឺ​​ជា​​ថ្ងៃ​​ចាប់​​ផ្ដើម​​ចុះ​​ឈ្មោះ​​បោះឆ្នោត​​ថ្មី​​ ជា​លើក​​ដំបូង​​នៅទូ​ទាំង​​ប្រទេស​​ក្រោម​ជំនួយ​បច្ចេកទេស ទំនើប​របស់​ជប៉ុន​ និង​សហភាពអឺរ៉ុប។ ការិយាល័យ​​ចុះ​ឈ្មោះ​​បោះឆ្នោត​បាន​បើក​ទ្វារ​ទទួល​ពលរដ្ឋ​ដែល​មក​ចុះ​ឈ្មោះ​ បោះឆ្នោត​ចាប់​ពី​​ម៉ោង​ ៧​ព្រឹក​រហូតដល់​ម៉ោង​ ៥​ល្ងាច។ ហើយ​យុទ្ធនាការ​ជម្រុញ​ឲ្យ​​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ក៏​បាន​ចាប់​ផ្ដើម​​ធ្វើជា​បន្ត​បន្ទាប់​តាម​រយៈ​ការ​ចង​បដា ឬឧគ្ឃោសនា។ នៅ​​ព្រឹក​​នេះ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប  ក៏​បាន​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នា សង្កាត់​បឹងកេងកង​ទី៣ រួចហើយ​ដែរ។ 

ផ្សាយពាណិជ្ជកម្ម

រួម​ដំណើរ​ជាមួយ​តំណាង​សហភាព​អឺរ៉ុប និងតំណាង​ជប៉ុន ដែល​ជា​ម្ចាស់​ជំនួយ​បច្ចេកទេស​ចុះឈ្មោះ​​បោះ​ឆ្នោត ​លោក ស៊ិក ​ប៊ុកហុក ចាត់​ទុក​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្ងៃ​ដំបូង​ដំណើរការ​ល្អ​ ពោល​គឺ​មាន​បញ្ហា​កើត​ឡើង​តិច​តួច​ប៉ុណ្ណោះ ដែល​​បង្ក​​ឡើង​​ដោយ​​ប្រព័ន្ធ​​អ៊ិនធើណិត​​មានការ​​រអាក់​​រអួល​​ចំពោះ​ការិយាល័យ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ និងខេត្ត​​កណ្ដាល។ សម្រាប់​​ប្រធាន គ.ជ.ប រូ​បនេះ​បាន​ប្រើ​ពេល​ ៦​នាទី​នៅ​ក្នុង​ការ​ចុះ​ឈ្មោះ។

លោក ស៊ិក ប៊ុនហុក រំពឹងថា ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នឹង​រលូន​រហូត​ដល់​ថ្ងៃ​បញ្ចប់។ ហើយ​ក៏​គ្មាន​ដែរ​ ការ​លួច​​បន្លំ​ទិន្នន័យ​ចំនួន​អ្នក​ចុះ​ឈ្មោះបោះ​ឆ្នោត ឬ​​បញ្ហា​ឈ្មោះ​ស្ទួន​នោះ។ លោក​បន្ថែម​ថា គ្មាន​អ្វី​ជា​ឧបសគ្គ​សម្រាប់​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ​ទេ ទោះ​បី​ជា​មានការ​ចោទ​សួរ​ជុំវិញ​ការ​ដាក់​ពង្រាយ ​និង​ចល័ត​ទ័ព​ចុះ​ឡើងៗ​ជុំវិញ ទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ថ្ងៃ​ទី ​៣១​សីហា ពោល​គឺ​មួយ​ថ្ងៃ​មុន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ នា​ថ្ងៃ​ទី ១​កញ្ញា​នេះ​ក៏​ដោយ។

ប្រធាន គ.ជ.ប បាន​ចាត់​ទុក​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​​ទំនើប​នេះ​ជាសមិទ្ធផល​របស់​គណបក្ស​ប្រជាជន​ និង​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បាន​គូស​បញ្ជាក់​ថា ការចុះ​ឈ្មោះ​ធ្វើ​ឡើង​ដោយ​ឯករាជ្យ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ។

ដោយឡែក​តំណាង​សហភាព​អឺរ៉ុប និង​ជប៉ុន ​ក៏​បាន​​​មើល​​ឃើញ​ដែរ​ថា ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ថ្ងៃ​ទី ​០១​កញ្ញា​នេះ ប្រព្រឹត្ត​ទៅ​ដោយ​រលូន។ ភាគី​ទាំង​ពីរ​ចាត់​ទុក​នីតិវិធី​នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត ​គឺ​មាន​លក្ខណៈ​ដូច​ប្រទេស​ជប៉ុន។ ហើយ​ថាដំណើរ​ការ​ចុះ​ឈ្មោះ​ឆ្នោត​នេះប្រព្រឹត្ត​ទៅ​ក្នុង​លក្ខណៈ​បច្ចេក​ទេស​សុទ្ធ​សាធ​ ដោយ​មិន​អាច​ភ្ជាប់​ជាមួយ​ទិដ្ឋភាព​នយោបាយរបស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​ទេ។ បន្ថែម​ពី​លើនេះ​​ម្ចាស់​ជំនួយ​ទាំង​ពីរ​បាន​ប្រកាសទុក​ជា​មុន​ក្នុង​ការ​ជួយ គ.ជ.ប ប្រសិន​បើ​មាន​បញ្ហា​បច្ចេកទេស​អ្វី​មួយ​កើត​ឡើង។

សូមបញ្ជាក់ថា ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី មាន​រយៈ​ពេល​បី​ខែ​ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១កញ្ញា​ នេះ​រហូត​ដល់​ថ្ងៃ​ទី ​២៩​វិច្ឆិកា ដោយ​មាន​ការិយាល័យ​ចុះ​ឈ្មោះបោះ​ឆ្នោត​នៅ​ក្នុង​សង្កាត់ជាង​ ១៦០០​កន្លែង និង​បុគ្គលិក​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ចំនួន ​៧២០០នាក់។
ហើយ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​មិថុនា​ ឆ្នាំ​២០១៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI