ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ដល់​ពេល​ដែល​ខ្មែរ​ត្រូវ​ចាក​ចេញ​ពី​ស្ថានភាព​«គួរ​ឲ្យ​អាសូរ​ជា​ថ្នូរ​នឹង​ជំនួយ​»!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

មិនថាតែ​រដ្ឋាភិបាល​ទេ សូម្បីតែ​អង្គការ​សង្គម​ស៊ីវិល​ក៏ត្រូវ​តែ​រៀន​រស់​ដោយ​សមត្ថភាព​ខ្លួនឯង​ដែរ​​ខណៈដែល​ម្ចាស់ជំនួយ​និង​អង្គការ​អន្តរជាតិ​ត្រៀម​ដកខ្លួន​ពី​កម្ពុជា។ អង្គការ​ក្រៅ​រដ្ឋាភិបាល​​​ក្នុងស្រុក​ជាច្រើន​បាននាំគ្នា​ជជែក​អំពី​អនាគត​របស់ខ្លួន​ពេលដែល​អង្គការ​អន្តរជាតិ​ត្រៀម​​ដកខ្លួន។ ដូច្នេះ នេះ​ជា​ដំណាក់​កាលដែល​ភាគី​ពាក់ព័ន្ធ​នានា​ត្រូវ​កែប្រែ​ពី​ស្ថានភាព​ដែល​​ធ្វើខ្លួន​ឲ្យ​គេ​អាណិតអាសូរ​ជា​ថ្នូរ​នឹង​ជំនួយ​ឲ្យ​ទៅជា​អ្នក​ដែល​អាច​រស់​ដោយ​សមត្ថ​ភាព​ខ្លួន​ឯង​​ដោយ​មោទនភាព​វិញ។

ជប៉ុន​ផ្តល់​​ជំនួយ​​បន្ត​​បន្ទាប់គ្នា​​ចំនួន​៩០លាន​ដុល្លារ​​សម្រាប់​កម្ពុជា​
ជប៉ុន​ផ្តល់​​ជំនួយ​​បន្ត​​បន្ទាប់គ្នា​​ចំនួន​៩០លាន​ដុល្លារ​​សម្រាប់​កម្ពុជា​ © លាងដឺលុច
ផ្សាយពាណិជ្ជកម្ម

រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ប្រទេស​កម្ពុជា​បានទទួល​ជំនួយ​បរទេស​យ៉ាងច្រើន សន្ធឹកសន្ធាប់​រាប់ទាំង​ជំនួយ​ជា​ថវិកា​និង​ជំនួយ​បច្ចេកទេស។ ជំនួយ​បរទេស​ដែល​បាន​ហូរ ចូល​តាម​ច្រក​រដ្ឋាភិបាល​ផង​និង​តាម​ច្រក​អង្គការ​សង្គម​ស៊ីវិល​ផង​នោះបាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ស្តារ​សង្គម​កម្ពុជា​ឡើងវិញ​ចេញពី​ភាព​ខ្ទេចខ្ទាំ​ដែល​បន្សល់ទុក​ពី​របប​ខ្មែរក្រហម។

ប៉ុន្តែ ទាំង​ស្ថាប័នរដ្ឋ ទាំង​សង្គម​ស៊ីវិល​នៅ​មិនទាន់បាន​ទាញ​ប្រយោជន៍​ពី​ជំនួយ​បរទេស​ដើម្បី​កសាង​សមត្ថភាព​ធនធានមនុស្ស​សម្រាប់​ស្ថាប័ន​របស់ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់​នៅឡើយ​ទេ។ ជាទូទៅ អ្នកទទួល​ជំនួយ​ច្រើនតែ​សប្បាយចិត្ត​ទទួលយក​ជំនួយ​ថវិកា តែ​បែរជា​មើលស្រាល​ជំនួយ​បច្ចេកទេស។ ម្យ៉ាងទៀត ទោះជា​បានទទួល​បាន​ជំនួយ​ជាច្រើន​ឆ្នាំ ប៉ុន្តែ អ្នកទទួល​ជំនួយ​ច្រើនតែ​ស្ថិតក្នុង​ស្ថានភាព​ធ្វើខ្លួន​ឲ្យ​គេ​អាណិត​ដើម្បី​ទាក់ទាញ​ជំនួយ​ច្រើនជាង​ការខិតខំ​ពង្រឹងសមត្ថភាព​ដើម្បី​អាចរ​ស់បាន​ដោយ​ខ្លួនឯង។ ជាក់ស្តែង នៅពេល​ម្ចាស់ជំនួយ​ដកខ្លួន គម្រោង​ភាគច្រើន​ក៏​ឈប់​ដំណើរការ​តែម្តង។

ទម្លាប់​សប្បាយ​នឹង​ការទទួល​ជំនួយ​បានធ្វើ​ឲ្យ​កម្ពុជា​កើត​ជំងឺ«ផ្តេកផ្តួល​ទៅលើ​ជំនួយ»កាន់តែខ្លាំង។ គ្រាន់តែ​ស្ប៉ត​អប់រំ​ខ្លី​មួយ​ក៏​ចាំបាច់​ត្រូវមាន​ការឧបត្ថម្ភ​ពី​សំណាក់​ម្ចាស់ជំនួយ​ជាច្រើន​ដែរ​ទើប​អាច​ផលិត​បាន។ ផ្ទុយទៅវិញ កម្ពុជា​ហាក់ដូចជា​សម្បូរ​អ្នកជំនាញ​សរសេរ​គម្រោង​សុំ​លុយ​គេ​ច្រើនជាង​អ្នកជំនាញ​បង្រៀន​មនុស្ស​ឲ្យ​ចេះ​រកលុយ​ខ្លួនឯង។វប្បធម៌​ពឹង​លើ​ជំនួយ​បរទេស​ក៏បាន​ធ្វើ​ឲ្យ​កម្ពុជា​ភ្លេច​គិតពី​ការត្រៀម​រស់​ដោយ​ខ្លួនឯង។ ប្រព័ន្ធ​ប្រមូល​ពន្ធ​មាន​ភាព​ធូរ​លុង​និង​មិន​ស្មើភាព។ ចំណូល​ដែល​បាន​ពី​ពន្ធដារ​ទៀតសោត​បាន​ធ្លុះធ្លាយ​យ៉ាងច្រើន​ចូលក្នុង​ហោប៉ៅ​បុគ្គល។ អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ក៏​នៅ​ផ្តេកផ្តួល​លើ​អង្គការ​អន្តរជាតិ​យ៉ាងខ្លាំង​ណាស់ដែរ។

ប៉ុន្តែ អ្វីដែល​គេ​ហាក់ដូចជា​ភ្លេច​នោះ​គឺ គ្មាន​ប្រទេស​ណាមួយ​អាច​ទទួលបាន​ជំនួយ​បរទេស​ជា​រៀងរហូត​នោះឡើយ។ ជាក់ស្តែង បន្ទាប់ពី​ផ្តល់ជំនួយ​ឲ្យ​កម្ពុ​ជាជាង២០ឆ្នាំ ទាំង​ម្ចាស់ជំនួយ ទាំង​អង្គការ​អន្តរជាតិ កំពុង​ត្រៀម​ដកខ្លួន​ជាបណ្តើរៗពី​កម្ពុជា​ខណៈដែល​ប្រទេស​នេះ​ហាក់​នៅ​មិនទាន់បាន​ត្រៀមខ្លួន​គ្រប់គ្រាន់​ដើម្បី​រស់​ដោយ​សមត្ថភាព​ខ្លួនឯង​នៅឡើយ។

យ៉ាងណាក៏ដោយ នៅ​មិនទាន់​ហួសពេល​ទេ បើទោះបីជា​វា​យឺត​ពេល​បន្តិច​ក៏ដោយ។ អំណឹះតទៅ កម្ពុជា​ចាំបាច់​ត្រូវ​លុបបំបាត់«វប្បធម៌»ផ្តេកផ្តួល​តែ​ទៅលើ​ជំនួយ​បរទេស​ហើយ​បែរមក​ប្រកាន់​ទស្សនៈ«ខ្លួន​ទីពឹង​ខ្លួន»ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន។ កិច្ច​ការដែល​សំខាន់​ជាងគេ​បំផុត​របស់​រដ្ឋាភិបាល​គឺ​ការបិទ​ខ្ទប់​មិន​ឲ្យ​ចំណូល​ថវិកាជាតិ​ធ្លុះធ្លាយ​ចូលក្នុង​ហោប៉ៅ​បុគ្គល​តទៅទៀត។ ទន្ទឹមនឹងនោះ រដ្ឋ​ត្រូវ​ពង្រីក​ប្រភព​ចំណូល​ផ្សេងទៀត​តាមរយៈ​ការពង្រឹង​វប្បធម៌​បង់ពន្ធ​ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ។ ចំណែក​សង្គម​ស៊ីវិល​និង​ផ្នែក​ពាក់ព័ន្ធ​ផ្សេងទៀត ក៏ត្រូវ​ពង្រឹងសមត្ថភាព​ធនធាន​មនុស្ស​ដើម្បី​ឈានទៅ​ដឹកនាំ​ម្ចាស់ការ​ដោយ​ខ្លួនឯង​នៅពេល​អង្គការ​អន្តរជាតិ​ដកខ្លួន។

ជាការ​ពិត ពលរដ្ឋ​ក្នុងប្រទេស​ណា​ក៏មាន​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​ដែរ ប៉ុន្តែ នៅ​កម្ពុជា ការបង់ពន្ធ​នៅ​មិនទាន់​ក្លាយជា​ទម្លាប់​ទូទៅ​នៅឡើយ​ទេ។ បញ្ហា​នៅត្រង់ថា ពលរដ្ឋ​ខ្មែរ​ជាច្រើន​នៅតែ​មិន​ចង់​បង់ពន្ធ​ដោយហេតុថា​ពួកគេ​មិន​ទុកចិត្ត​ថា​ប្រាក់​ពន្ធ​របស់ខ្លួន​នឹង​ពិតជា​ចូលក្នុង​ថវិកាជាតិ​នោះឡើយ។ ម្យ៉ាងទៀត ការបង់ពន្ធ​របស់​ពួកគេ​មិន​ទទួលបាន​មកវិញ​នូវ​ការធានារ៉ាប់រង​សង្គម​អ្វី​ពីរ​ដ្ឋ​នោះទេ។ ក្នុង​បរិបទ​នេះ ការពង្រឹង​ជំនឿ​ចិត្ត​របស់​ពលរដ្ឋ​តាមរយៈ​ការបង្ហាញ​ពី​តម្លាភាព​នៃ​ចំណូល​និង​ចំណាយ​ថវិកាជាតិ​គឺជា​ការចាំបាច់។ ទន្ទឹម​នោះ ការពង្រឹង​សមត្ថភាព​ស្ថាប័ន​ក៏​ជា​រឿង​ដ៏​សំខាន់​មួយទៀត។

សរុប​មកវិញ ដល់ពេល​ហើយ​ដែល​ទាំង​រដ្ឋាភិបាល ទាំង​សង្គម​ស៊ីវិល និង​ផ្នែក​ពាក់ព័ន្ធ​ផ្សេងទៀត​ត្រូវ​រៀន​រស់​ដោយ​ខ្លួនឯង​ដោយ​មិនចាំបាច់​ពឹង​លើ​ខ្យល់​អុកស៊ីសែន​បរទេស​សម្រាប់​ដកដង្ហើម​ទៀតឡើយ។ ដើម្បី​សម្រេច​គោលដៅ​នេះ គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចាក​ចេញពី​រូបភាព​ដែល​ធ្វើខ្លួន​ឲ្យ​គេ​អាណិតអាសូរ​ជា​ថ្នូរ​នឹង​ជំនួយ​ឲ្យ​ទៅជា​អ្នក​ដែលមាន​សមត្ថភាព​រស់​ដោយ​ខ្លួនឯង​ប្រកបដោយ​មោទនភាព។ ប្រសិនបើ​មិន​ដូច្នោះ​ទេ ប្រទេស​នេះ​នឹង​ជួប​វិបត្តិ​ជាថ្មី​នៅពេល​ម្ចាស់ជំនួយ​ដកខ្លួន​ចេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI