ប្រធានអង្គការសិទ្ធិមនុស្សអាដហុក បានឈ្នះពានរង្វាន់សិទ្ធិមនុស្ស និងនិតិរដ្ឋ ពីរដ្ឋាភិបាលអាល្លឺម៉ង់ និងបារាំង
លោក ធន សារាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុក បានឈ្នះពានរង្វាន់សិទ្ធិមនុស្ស និងនិតិរដ្ឋ «Prix Franco-Allemand des droits de l’Homme et de l’Etat de droit» ពីរាជរដ្ឋាភិបាលអាល្លឺម៉ង់ និងបារាំង។ លោកជាមនុស្សម្នាក់ ដែលស្ថិតក្នុងចំណោមសកម្មជនការពារសិទ្ធិមនុស្សលើពិភពលោកចំនួន ១៥នាក់ផ្សេងទៀត ដែលទទួលបានពានរង្វាន់នេះ។ ពិធីប្រគល់ពានរង្វាន់បានធ្វើឡើង នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅ ទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ គួរជម្រាបជូនថា ពានរង្វាន់សិទ្ធមនុស្ស និងនិតិរដ្ឋ បានធ្វើការផ្តល់ជូនដល់សកម្មជនការពារសិទិ្ធមនុស្សសរុបចំនួន ១៦រូប លើពិភពលោក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ពានរង្វាន់សិទ្ធិមនុស្ស និងនិតិរដ្ឋនេះ មិនមានជាទឹកប្រាក់នោះទេ តែជាសក្ខីកម្មនៃការគាំទ្រដល់ប្រជាជនរងគ្រោះ ពីការរំលោភសិទ្ធិមនុស្សនៅលើពិភពលោក។ រដ្ឋាភិបាលបារាំង និងអាល្លឺម៉ង់ បានរៀបចំពិធីប្រគល់ពានរង្វាន់សិទ្ធិមនុស្ស និងនីតិរដ្ឋនេះ ក្នុងគោលបំណងលើកទឹកចិត្តដល់អ្នកដែលតស៊ូ និងបរិច្ចាគពេលវេលា ដើម្បីការពារសិទ្ធិមនុស្សនៅលើពិភពលោក។ ពានរង្វាន់នេះប្រគល់ជូនដោយលោក Frank-Walter Steinmeier រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ និងលោក Jean-Marc Ayrault រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍អន្តរជាតិប្រទេសបារាំង។
អី្វដែលជាការកត់សម្គាល់ រង្វាន់នេះ មិនមែនសម្រាប់តែលោក ធន សារាយ ម្នាក់ឯងនោះទេ តែវាគឺជាការទទួលស្គាល់ពីការងារសិទ្ធិមនុស្សរបស់សមាគមអាដហុក ក៏ដូចជាសកម្មជនការពារសិទិ្ធមនុស្សនៅក្នុងប្រទេសកម្ពុជា រួមទាំងសកម្មជនដែលកំពុងជាប់ពន្ធនាគារផងដែរ។
សកម្មជនការពារសិទិ្ធមនុស្សនៅលើពិភពលោកទាំង១៦រូប ដែលបានទទួលពានរង្វាន់នោះ មាន លោក ធន សារាយ ប្រធានអង្គការសិទ្ធមនុស្ស អាដហុក។ សកម្មជនការពារសិទិ្ធមនុស្សផ្សេងទៀត មកពី ប្រទេសបង់ក្លាដេស ប្រទេសបេឡារ៉ូស ប្រទេសប្រេស៊ីល ប្រទេសកាមឺរ៉ូន ប្រទេសកាណាដា ប្រទេសចិន ប្រទេសកូស្តារីកា ប្រទេសឥណ្ឌា ប្រទេសអៀរឡង់ ប្រទេសអ៊ីតាលី ប្រទេសហ្ស៊កដានី ប្រទេសប៉ាគីស្ថាន ប្រទេសរុស្សី សាធារណៈរដ្ឋឆាត និងប្រទេសស៊ីរី ។
សូមរម្លឹកជូនថា លោក ធន សារាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុក បានចាកចេញពី ប្រទេសកម្ពុជាអំឡុងខែឧសភា ដោយបារម្ភពីសុវត្តិភាព ក្រោយពីមានការគំរាមកំហែងចាប់ខ្លួនលោក ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ ប្រសិនបើលោកនៅតែបន្តប្រឆាំងនឹងករណីបទចោទប្រកាន់ព្រហ្មទណ្ឌលើមន្ត្រីសិទ្ធិមនុស្ស ៤ រូបរបស់លោក ជុំវិញករណីសូកប៉ាន់សាក្សីលើសំណុំរឿង នាងឃុំចាន់ ដារ៉ាទី ហៅស្រីមុំ។
គួរជម្រាបជូនថា អាដហុក គឺជាអង្គការក្រៅរដ្ឋាភិបាល បង្កើតឡើងគឺដើម្បីការពារសិទ្ធិមនុស្សនៅកម្ពុជា ។ នារយៈពេលជាង២០ឆ្នាំកន្លងមកនេះ សមាគមអាហុក ដែលដឹកនាំដោយ លោក ធន សារាយ បានរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់វិស័យសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសការជួយពិគ្រោះយោបល់ផ្នែកផ្លូវច្បាប់ជូនប្រជាពលរដ្ឋទូទៅ។ សមាគមអាដហុក ដែលមានឈ្មោះពេញថាសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ត្រូវបានបង្កើតឡើងដោយក្រុមអ្នកទោសនយោបាយមួយតាមរយៈការស្នើសុំអតីតព្រះមហាក្សត្រក្នុងឆ្នាំ១៩៩។ លុះ១៩មិនា ឆ្នាំ១៩៩២ អាដហុកត្រូវបានបង្កើតឡើងជាផ្លូវការរហូតមកដល់បច្ចុប្បន្ន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ