អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ពេលវេលាសមស្របសម្រាប់រៀបចំផ្លូវចុះពីអំណាចបាន​មកដល់!

សំឡេង ០៤:៤១
លោក​សម រង្ស៊ី និង​លោក​ហ៊ុន សែន ចាប់​ដៃ​គ្នា​ញញឹម
លោក​សម រង្ស៊ី និង​លោក​ហ៊ុន សែន ចាប់​ដៃ​គ្នា​ញញឹម RFI/Siv Channa
ដោយ៖ ប៉ែន បូណា

វប្បធម៌​សន្ទនា​ដែល​មេដឹកនាំ​គណបក្ស​កាន់អំណាច និង បក្សប្រឆាំង​កំពុង​បង្កើត​ឡើង​​នៅ​ពេល​នេះ​ត្រូវ​គេ​​មើល​ឃើញ​ថា គឺជា​ពេលវេលា​សមស្រប​ណាស់​សម្រាប់​រៀបចំ​ប្រព័ន្ធ​ដឹកនាំ​ប្រទេសមួយ​ដែល​អាច​បញ្ចៀស​បាន​នូវ​នយោបាយ​គំនុំសងសឹក។ រហូតមកដល់​ពេលនេះ គេ​តែង​លឺ​ការចោទប្រកាន់​មេដឹកនាំ​ខ្មែរ​ថា«ក្រាញ​អំណាច» ប៉ុន្តែ គេ​មិនសូវ​បានលឺ​អ្នកណា​និយាយ​ដល់​ការរៀបចំ​ប្រព័ន្ធ​ច្បាប់​សម្រាប់​ការចុះ​ពី​អំណាច​របស់​មេដឹកនាំ​ខ្មែរ​ទេ។ ដូច្នេះ ​អ្នកនយោបាយ​គួរ​ឆ្លៀតឱកាស​ប្រើប្រាស់​វប្បធម៌​សន្ទនា​ដើម្បី​ជជែក​គ្នា​អំពី​ការរៀបចំ​ផ្លូវ​ចុះ​ពី​អំណាច​ដោយ​សុវត្ថិភាព​របស់​មេដឹកនាំ​ខ្មែរ។

ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា ជាទូទៅ គេ​ច្រើនតែ​នាំគ្នា​និយាយ​អំពី​ការត្រៀមខ្លួន​ឡើងកាន់​អំណាច ប៉ុន្តែ គេ​មិនសូវ​បានលឺ​ការជជែក​គ្នា​អំពី​ផ្លូវ​ដែល​ត្រូវ​ចាក​ចេញពី​អំណាច​នោះទេ។ ហេតុដូច្នេះ​ហើយ​បានជា​មេដឹកនាំ​ខ្មែរ​ច្រើនតែ​កាន់អំណាច​យូរ​តែម្នាក់ឯង​មិន​ងាយ​ចុះ។  រីឯ​ការផ្លាស់ប្តូរ​មេដឹកនាំ​ត្រូវ​ឆ្លងកាត់​បដិវត្តន៍​ដណ្តើម​អំណាច​ដោយ​កម្លាំង​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។

ជាការ​ពិតណាស់ ផ្លូវ​ឡើងទៅ​កាន់អំណាច​គឺជា​រឿង​ដ៏​លំបាក​មួយ​ទៅហើយ ប៉ុន្តែ ការចាកចេញ​ពី​អំណាច​វិញ​វារឹតតែ​លំបាក​ថែមទៀត។ លំបាក​នៅត្រង់ថា «វប្បធម៌​ក្រាញ​អំណាច» បាន​ក្លាយជា«ជំងឺ​សង្គម»ដ៏​ចំណាស់​មួយ​ដែល​ពិបាក​នឹង​រក​វិធី​ព្យាបាល។ វប្បធម៌​ក្រាញ​អំណាច​មិនមែនជា​បញ្ហា​ដោយឡែក​របស់​បុគ្គល​ណា​ម្នាក់​ទេ តែ​វា​ជា​បញ្ហា​រួម​របស់​សង្គម​ខ្មែរ​ទាំងមូល​ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ។ 

ជាទូទៅ ​អ្នកដឹកនាំ​នយោបាយ​ខ្មែរ​តែង​ចាត់ទុក​ខ្លួនឯង​ជា​តួឯក​សំខាន់​ជាងគេ​ដែល​គ្មាន​អ្នកណា​ប្រៀប​មានន័យថា បើ​អត់​ពី​ខ្លួន​ទៅ គ្មាន​អ្នកណា​អាចដឹកនាំ​បាន។ ចំណែកឯ​គណបក្សនយោបាយនីមួយៗក៏​តែង​ផ្តល់​តម្លៃ​ខ្លាំង​ហួសហេតុ​ទៅលើ​តួឯក​នយោបាយ​របស់ខ្លួន​ថា​ជា​មនុស្ស​សំខាន់​មិនអាច​ជំនួស​បានដែរ។ សំខាន់​រហូតដល់​ពេល​ខ្លះ​បញ្ហា​ប្រទេសជាតិ ត្រូវបាន​គេ​ចងភ្ជាប់​ជាមួយនឹង​បុគ្គល​តែ​ម្នាក់​ឬ​ពីរ​នាក់។ ផ្នត់គំនិត​បែបនេះ​កើតមាន​មិនថាតែ​ក្នុង​រដ្ឋាភិបាល ក្នុង​គណបក្សនយោបាយ សង្គម​ស៊ីវិល ឬ​ក្នុង​មជ្ឈដ្ឋាន​ផ្សេងទៀត​នោះឡើយ។

មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​គេ​អាច​ពន្យល់​បញ្ហា​នេះ​បាន

មូលហេតុ​ទី១ ៖ គឺ​បញ្ហា​មុខមាត់។ ជាទូទៅ សង្គម​ខ្មែរ​ច្រើនតែ​ឲ្យ​តម្លៃ​ខ្លាំងពេក​ទៅលើ​មុខតំណែង។ ក្នុងន័យនេះ ការបាត់បង់​មុខតំណែង​ត្រូវគេ​ចាត់ទុកថា ជា​ការបាក់មុខមាត់​យ៉ាងខ្លាំង។ ហេតុដូច្នេះ​ហើយ​បានជា​អ្នកមាន​មុខតំណែង​តែង​ក្រាញ​មិន​ចង់​ចុះចេញ​ដោយងាយៗ ឡើយ។

មូលហេតុ​ទី២ ៖ ការ​ក្រាញ​អំណាច គឺជា​ផលវិបាក​នៃ​នយោបាយ​សងសឹក​គ្នា​តាម​យុទ្ធសាស្ត្រ«អ្នកឈ្នះ​ជា​វីរជន រីឯ​អ្នកចាញ់​ជា​ជន​ក្បត់ជាតិ»។ ទស្សនៈ​នេះហើយ​ដែល​ជំរុញ​ឲ្យ​មេដឹកនាំ​មិន​ងាយ​បោះបង់​អំណាច​នោះឡើយ។

មូលហេតុ​ទី៣ ៖ ប្រព័ន្ធ​ច្បាប់​ដែល​មិនបាន​កំណត់​អាណត្តិ​របស់​មេដឹកនាំ ក៏​ជា​ឱកាស​ដែល​បើកផ្លូវ​ឲ្យ​អ្នកដឹកនាំ​តោង​អំណាច​តាម​ដែល​អាចធ្វើ​ទៅបាន។

ដូច្នេះ នេះ​គឺជា​ពេលវេលា​សមស្រប​ណាស់​ដែល​ត្រូវ​ព្យាបាល«ជំងឺ​ក្រាញ​អំណាច» ចេញពី​សង្គម​ខ្មែរ។កិច្ចការ​សំខាន់​ដែល​ត្រូវធ្វើ​ចាំបាច់​មុនគេ​គឺ​ការរៀបចំ​ប្រព័ន្ធ​ដឹកនាំ​មួយ​ដែល​ត្រូវ​ធានាថា មេដឹកនាំ​ចាកចេញ​ពី​អំណាច​ដោយ​សុវត្ថិភាព​ចៀស​ផុតពី​ការសង​សឹក។

ពិតណាស់ថា ការតាក់តែង​ច្បាប់​មួយ​សម្រាប់​ការពារ​អតីត​មេដឹកនាំ​កំពូល​ដែល​ចាក​ចេញពី​អំណាច​គឺជា​អាវុធ​មុខ​ពីរ ហើយ​វា​ក៏​ហាក់​មិន​យុត្តិធម៌​សម្រាប់​មនុស្ស​ទូទៅ​ដែរ។ ម្យ៉ាងទៀត ច្បាប់​បែបនេះ​ក៏​អាចធ្វើ​ឲ្យ​មេដឹកនាំ​បច្ចុប្បន្ន​រអៀសខ្លួន​ក្នុងការ​ទទួលយក​ដែរ​ពីព្រោះ​ពួកគេ​ហាក់​ទទួល​អារម្មណ៍​ថា​ខ្លួន​មាន​កំហុស​ទើប​ត្រូវការ​ច្បាប់​ការពារ។ ដូច្នេះ ប្រសិនបើ​គេ​ឈរ​តែ​លើ​ទិដ្ឋភាព​ច្បាប់​ឬ​អារម្មណ៍​ផ្ទាល់ខ្លួន ច្បាប់​នេះ​មិនអាច​ចេញរួច​ទេ។

ប៉ុន្តែ បើ​គេ​ពិនិត្យមើល​បរិបទ​នយោបាយ​ដ៏​ស្មុគស្មាញ​របស់​ប្រទេស​កម្ពុជា​ក្នុងអំឡុងពេល​បី​បួន​ទសវត្សរ៍​ចុងក្រោយ និង​បើ​យោងតាម​ស្ថានភាព​ជាក់ស្តែង គេ​ប្រាកដជា​អាច​យល់បាន​ថា កម្ពុជា​គួរតែមាន​ច្បាប់​បែបនេះ​ដែរ។ យ៉ាងហោចណាស់ ការចង​កុំ​ឲ្យ​គិត​រឿង​អតីតកាល​ក៏​ប្រហែលជា​ចំណុច​សំខាន់​មួយ​ដែរ​ដើម្បី​រៀបចំ​អនាគត​ប្រទេសជាតិ​ឡើងវិញ។

ទន្ទឹមនឹង​នោះដែរ ការផ្លាស់ប្តូរ​ផ្នត់គំនិត​មនុស្ស​ខ្មែរ​ក៏​ជា​កិច្ចការ​សំខាន់​មួយទៀត។ ជាបឋម គេ​គួរ​យល់ថា មុខតំណែង​ដឹកនាំ​ប្រទេស​មិនមែនជា​កម្មសិទ្ធិ ផ្តាច់មុខ​របស់​អ្នកណាម្នាក់​ឡើយ តែ​វា​កម្មសិទ្ធិ​របស់​ពលរ​ដ្ឋ​ទូទាំងប្រទេស។  ម្យ៉ាងទៀត ការ​ស្ថិតនៅក្នុង​មុខតំណែង​យូរពេក កំហុស​ក៏​អាច​កើតមាន​កាន់តែច្រើន​ដែរ​ទោះជា​អ្នកដឹកនាំ​នោះ​ពូកែ​យ៉ាងណាក៏ដោយ។  

ដូច្នេះ ការផ្តើម​ជជែក​គ្នា​ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​ឡើង​និង​សម្រាប់​ចុះ​ពី​អំណាច​របស់​អ្នក​នយោបាយ​គឺជា​ពេលវេលា​សមស្រប និង​ជា​កិច្ចការ​សំខាន់​ដែល​មិនគួរ​មើលរំលង​ដែរ។ ផ្ទុយទៅវិញ ការបន្ត​ចង្អុលមុខ​គ្នា​ថា​អ្នកនេះ​ក្រាញ​អំណាច ឬ​អ្នកនោះ​ចង់បាន​អំណាច វប្បធម៌​ក្រាញ​អំណាច​ប្រាកដជា​មិនអាច​ដោះស្រាយ​បានឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ