ការសិក្សាថ្មី៖ កម្ពុជាខាតបង់ប្រាក់ជាង៦០០លានដុល្លារនិងស្លាប់មនុស្សជាង១៥០០០នាក់នៅក្នុងមួយឆ្នាំដោយសារតែថ្នាំជក់
ការសិក្សាថ្មីមួយដោយ អង្គការ UNDP អង្គការសុខភាពពិភពលោក (WHO) និង RTI International បានរកឃើញថា ជារៀងរាល់ឆ្នាំប្រជាជនកម្ពុជាប្រមាណជា១៥០០០នាក់ បានស្លាប់ ដោយសារជំងឺដែលពាក់ព័ន្ធទៅនឹងថ្នាំជក់ ហើយភាគច្រើននៃអ្នកស្លាប់ គឺជាប្រជាជនក្រីក្រដែលមានប្រាក់ចំណូលទាប។ មិនតែប៉ុណ្ណោះ របាយការណ៍ ក៏បានរកឃើញដែរថា កម្ពុជាបានខាតបង់ប្រាក់៦៥៧លានដុល្លារក្នុងមួយឆ្នាំៗ ដោយសារតែបញ្ហាថ្នាំជក់នេះ។
ចុះផ្សាយនៅថ្ងៃ៖
ការសិក្សាថ្មីមួយដែលធ្វើឡើងដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP អង្គការសុខភាពពិភពលោក (WHO) និង RTI International ដោយមានការចូលរួមសហការពីក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា បានរកឃើញថា ប្រជាជនកម្ពុជាប្រមាណជា១៥០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺទាក់ទងនឹងថ្នាំជក់។ ជំងឺទាក់ទងនឹងថ្នាំជក់ នេះដែរក៏បានធ្វើឲ្យកម្ពុជាខាតបង់សេដ្ឋកិច្ចប្រមាណ៦៥៧លានដុល្លារក្នុងមួយឆ្នាំ។ ចំនួននេះស្មើនឹង៣%នៃចំនួនផលិតផលសរុបក្នុងស្រុក ឬ GDP របស់ប្រជាជនកម្ពុជា។ ការខាតបង់ទាំងនេះ ដោយគេគណនាទៅលើការចំណាយលើការថែទាំសុខភាព ការបាត់បង់ផលិតភាពដោយសារការស្លាប់មុនអាយុ ពិការភាព និងការខាតបង់ពេលវេលាធ្វើការងារដោយសារដើម្បីសម្រាកជក់បារីជាដើម។
តាមរយៈរបាយការណ៍ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី ០៤ កក្កដា មន្ត្រីរដ្ឋាភិបាលកម្ពុជា លោកវេជ្ជបណ្ឌិត អឿន បុរ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលស្គាល់ថា របាយការណ៍សិក្សានេះបានបង្ហាញច្បាស់ថា បារីបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់សុខភាពនិងសេដ្ឋកិច្ចរបស់កម្ពុជា។ ការស្លាប់និងការខាតបង់ទឹកប្រាក់នោះ បង្កឡើងចេញពីការប្រើប្រាស់ថ្នាំជក់ នាំឲ្យក្លាយទៅជាជម្ងឺប៉ះពាល់ដល់សុខភាពដ៏ធ្ងន់ធ្ងរផ្សេងៗដែលតម្រូវឲ្យមានការចំណាយទៅលើការព្យាបាលយ៉ាងច្រើន។ ប៉ុន្តែយ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជា បានបេ្តជ្ញាអនុវត្តវិធានការចាំបាច់នានា ដើម្បីធ្វើឲ្យសុខភាពប្រជាជនមានភាពប្រសើរឡើង ហើយនឹងសេដ្ឋកិច្ចកម្ពុជាមានសុខមាលភាពល្អ។
ប៉ុន្តែយ៉ាងណាក៏ដោយ ក្រៅពីការខាតបង់ប្រាក់និងជីវិតមនុស្សនេះ របាយការណ៍ដដែលក៏បានទស្សទាយ៍ដែរថា បើកម្ពុជាអាចបង្កើនវិធានការគ្រប់គ្រងថ្នាំជក់បាន នោះជីវិតប្រជាជនប្រមាណជិត៦ម៉ឺននាក់នឹងត្រូវបានជួយសង្គ្រោះ ហើយសេដ្ឋកិច្ចកម្ពុជានឹងចំណេញបានជិត២ពាន់លានដុល្លារនៅឆ្នាំ២០៣៣ខាងមុខ៕
អត្ថបទដោយ៖ ងួន វឌ្ឍនៈបណ្ឌិត និង វ៉ា សំណព្វ
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ