ភ្ញៀវទេសចរបទេសទិញសំបុត្រចូលតំបន់អង្គរថយចុះ ខណៈចិនហាមប្រាមការធ្វើដំណើរ
ចុះផ្សាយនៅថ្ងៃ៖
ចំនួនភ្ញៀវទេសចរបរទេស ដែលបានទិញសំបុត្រចូលទស្សនាតំបន់អង្គរក្នុងខេត្តសៀមរាប បានធ្លាក់ចុះគួរឲ្យកត់សំគាល់ ខណៈអាជ្ញាធរចិនដាក់បំរាមការធ្វើដំណើររបស់ប្រជាជនខ្លួន ដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណា។ យោងតាមគ្រឹះស្ថានអង្គរ ក្នុងរយៈពេល១ខែដើមឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរបរទេសដែលបានទិញសំបុត្រចូលតំបន់អង្គរ គឺមានចំនួន ២៣៤ ៩៣៧នាក់ គឺថយចុះជាង២៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីខែមករា ឆ្នាំ២០១៩ ដែលមានភ្ញៀវបរទេសចំនួន២៧១០៥០នាក់។
ការធ្លាក់ចុះចំនួនភ្ញៀវទេសចរបរទេសនិយាយជារួម និងនិយាយដោយឡែកការធ្លាក់ចុះភ្ញៀវទេសចរចិនដែលទិញសំបុត្រចូលទស្សនាតំបន់អង្គរនៅដើមឆ្នាំ២០២០នេះ គឺជាឥទ្ធិពលមួយផ្នែកនៃការបិទជើងហោះហើររបស់អាជ្ញាធរចិន ដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណា។ នេះបើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក ជុក ជំនោរ។ លោកបានអះអាងថា ការផ្ទុះឡើងនៃវីរុសកូរ៉ូណានេះមិនមែនថយចុះតែភ្ញៀវទេសចរចិនប៉ុណ្ណោះទេ តែភ្ញៀវទេសចរផ្សេងទៀតក៏ប៉ះពាល់ដែរ។
យោងតាមគ្រឹះស្ថានអង្គរ ក្នុងរយៈពេល១ខែដើមឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរបរទេស ដែលបានទិញសំបុត្រចូលតំបន់អង្គរ គឺមានចំនួន ២៣៤ ៩៣៧នាក់ គឺថយចុះជាង២៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីខែមករាឆ្នាំ២០១៩ ដែលមានភ្ញៀវបរទេសចំនួន ២៧១ ០៥០នាក់។ មន្ត្រីរដ្ឋបាលនៅគ្រឹះស្ថានអង្គរក៏បានបញ្ជាក់ដែរថា ភ្ញៀវទេសចរចិនពិតជាមានការធ្លាក់មែននៅដើមឆ្នាំ២០២០នេះ។
ទោះជាយ៉ាងណា លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករ និយោជិត វិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា បានកត់សំគាល់ថា ការធ្លាក់ចុះភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាបនេះ គឺបានកើតតាំងពីឆ្នាំ២០១៩មកម្ល៉េះ ហើយការផ្ទុះឡើងនៃវីរុសកូរ៉ូណា ដែលវាយប្រហារលើប្រទេសចិននោះ ធ្វើឲ្យអ្នកទេសចរចិនមកកម្ពុជាកាន់តែធ្លាក់ចុះថែមទៀត។
មេដឹកនាំសហជីពដដែលបានអះអាងថា បច្ចុប្បន្ននេះ អ្នកប្រកបអាជីវកម្មលក់ម្ហូបអាហារ ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនក្នុងខេត្តទេសចរណ៍មួយនេះបានបិទទ្វារបណ្តើៗហើយ ខណៈចំនួនភ្ញៀវបរទេសបន្តធ្លាក់ចុះ។ ការធ្លាក់ចុះភ្ញៀវទេសចរបរទេសទៅកាន់ខេត្តសៀមរាប គឺមិនមែនមកតែពីករណីផ្ទុះជំងឺរលាកសួតនៅប្រទេសចិនមួយមុខនោះទេ ប៉ុន្តែបញ្ហាសេវាកម្មមិនល្អ និងភាពមិនស្មោះត្រង់ក្នុងការលក់វត្ថុអនុស្សាវរីយ៍កន្លងទៅ នៅតែជះឥទ្ធិពលមិនល្អដល់អ្នកទេសចរជាទូទៅ។ នេះជាការបន្ថែមរបស់លោក ម៉ម រិទ្ធី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ