កម្ពុជា

កម្ពុជា​ស្នើ​សុំ​ឲ្យ​អាមេរិក​អនុគ្រោះ​ពន្ធ ខណៈ​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​មាន​ភាព​ល្អក់​កករ

កិច្ច​ប្រជុំ​រវាង​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​​អាមេរិក
កិច្ច​ប្រជុំ​រវាង​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​​អាមេរិក @សហការី

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ស្នើ​សុំ​ទៅ តំណាង​ក្រុម​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ ឲ្យ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​អាមេរិក​ឲ្យ​បាន​យ៉ាង​ហោច ៩៧% ក្នុង​លក្ខខណ្ឌ​ពន្ធគយ​សេរី កូតា​សេរី របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ការ​ស្នើ​សុំ​នេះ​ស្រប​ពេល​ជាមួយគ្នា​ ដែលកម្ពុជា និង​សហរដ្ឋអាមេរិក មាន​បញ្ហា​ល្អក់កករ​ទាក់ទង​ទៅ​និង​ការ​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​របស់​អាមេរិក​លើ​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

កញ្ញា សឹង សុផារី អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រាប់​វិទ្យុ​បារាំង​ថា ការ​នាំ​ចេញ​ទៅ​អាមេរិក​គឺ​បាន​ជាប់​ពន្ធ​រួច​ទៅ​ហើយ។ ទោះ​បី​ជា​ពន្ធ​នោះ​ស្ថិត​នៅ​ក្នុង​កម្រិត​មិន​ធម្មតា តែ​វា​នៅ​តែ​ជា​ពន្ធ។ កញ្ញា​បាន​បន្ត​ថា អាមេរិក​ធ្លាប់​អនុគ្រោះ​ពន្ធ​លើ​កាបូប​ធ្វើ​ដំណើរ​រួច​មក​ហើយ ជា​បន្ត​ក្រសួង​បាន​ស្នើ​សុំ​ការ​អនុគ្រោះ​ពន្ធ​លើ​ការ​នាំ​ចេញ​ស្បែក​ជើង​ទៀត។ យ៉ាង​ណា​មិញ សិទ្ធ​សម្រេច​ត្រូវ​រង់​ចាំ​ការ​អនុម័ត​ពី​សភា​សហរដ្ឋអាមេរិក​សិន។ នេះ​បើ​តាម​ការ​បញ្ជាក់​ របស់​អ្នក​នាំពាក្យ​ក្រសួង ពាណិជ្ជកម្ម។

ជាមួយ​គ្នា​នេះ លោក ឱក ប៊ុន រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ធ្លាប់​បាន​លើក​ឡើង​ថា តាម​រយៈ​សេចក្តី​ប្រកាស​រួម​របស់​សន្និសិទ​ថ្នាក់​រដ្ឋមន្ត្រី​នៅ​ទី​ក្រុងហុងកុង អាមេរិក​បាន​សន្យា​នឹង​ផ្តល់ ឲ្យ​ប្រទេស អភិវឌ្ឍ​តិច​តួច នូវ​ការ​អនុ​គ្រោះ​ពន្ធ​នាំ​ចូល​ទៅ​សហរដ្ឋអាមេរិក ឲ្យ​បាន​យ៉ាង​ហោច ៩៧% ។​ប៉ុន្តែ​គិត​មក​ត្រឹម​បច្ចុប្បន្ន អាមេរិក​បាន​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​ត្រឹម​តែ ៨២.៦% ប៉ុណ្ណោះ។

ស្រប​ទៅ​នឹង​ការ​ស្នើ​សុំ​នេះ​ដែរ លោក កាំង ម៉ូនីកា អគ្គ​លេខា​ធិការ នៃ​សមាគម​រោង​ចក្រ​កាត់ដេរ​បាន គំាទ្រចំពោះ​ការ​ស្នើ​សុំ​ឲ្យ​អាមេរិក​ពិនិត្យ​ឡើង​វិញ​នូវ​ការ​អនុគ្រោះ​ពន្ធ GSP សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​ប្រទេស​ក្រីក្រ​នេះ ទទួល​បាន​ការ​ចូល​ទីផ្សារ​បន្ថែម។ លោកបន្ត​ថា អាមេរិក គួរ​តែ​មាន​ការ​គិត​មួយ​ដ៏​សម​ហេតុ​ផល សម្រាប់​កម្ពុជា​ដែល​បាន​អនុវត្ត​ល្អ​ក្នុង​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ ក្នុង​វិស័យ​កាត់ដេរ និង​ស្បែកជើង។

ទាក់​ទង​នឹង​បញ្ហា​ចម្រូង​ចម្រាស់​ជាមួយ​សហរដ្ឋអាមេរិក អ្នក​នាំ​ពាក្យ ក្រសួង​ពាណិជ្ជកម្ម ​កញ្ញា សឹង សុផារី បាន​គូស​បញ្ជាក់​ថា ទោះ​បីជា​បច្ចុប្បន្ន កម្ពុជា នឹង​អាមេរិក​មាន​បញ្ហា​ទាក់ទង​នឹង ការ​និវត្តន៍​មក​វិញ​នូវ​ជនជាតិ​ខ្មែរ-អាមេរិក​ក៏​ដោយ ក៏​បញ្ហា​ស្នើ​សុំ​នេះ​ជា​រឿង​ដោយ​ឡែក ​ព្រោះ​អាមេរិក​ជាប់​កាតព្វកិច្ច​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដោយ​អនុគ្រោះពន្ធ​ទៅ​លើ​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​នៅ​ក្នុង​លក្ខខណ្ឌ​មួយ​សម​ស្រប។

ថ្មីៗ​នេះ​ដែរ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន​សែន បាន​ថ្លែង​ថា រោង​ចក្រ សហគ្រាស​គ្រប់​វិស័យ​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ប្រមាណ ១ ១៦៨ និង​មាន​កម្មករ កម្មការនី​សរុប​ជាង ១​លាន​នាក់។ រី​ឯ​ការ​នាំ​ចេញ​ពី​មុន មាន​ជាង ២០០​លាន​ដុល្លា និង​បច្ចុប្បន្ន​មាន​ជាង ៧ ០០០​លាន​ដុល្លា ខណៈ​លទ្ធភាព​នាំ​ចេញ​លើ​គ្រប់​វិស័យ​មាន​រហូត​ដល់ ១២ ០០០ ​លាន​ដុល្លា។

សូម​រឭក​ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កំពុង ធ្វើ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ក្នុង​ការ​ផ្តល់​ការ​អនុគ្រោះ​ពន្ធ GSP ដល់​បណ្តាល​ប្រទេស ដែល​មាន​ការ​អភិវឌ្ឍ​តិច​តួច លើ​ប្រភេទ​ទំនិញ​ស្បែក​ជើង​នៅ​ត្រឹម​ដំណាច់​ខែ ធ្នូ​ខាងមុខ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI