ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អនុវត្ត​ច្បាប់​ចរាចរណ៍​រយៈ​ពេល​១​ឆ្នាំ​៖ «ភាព​ប្រសើរ​លាយ​ឡំ​នឹង​ចំណុច​អសកម្ម»

ចុះផ្សាយ​នៅ​ថ្ងៃ៖

រយៈពេល​មួយ​ឆ្នាំ​នៃ​ការ​អនុវត្ត​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ គេ​សង្កេត​ឃើញ​មាន​ការ​ចូលរួម​ច្រើន​ពី​មជ្ឈដ្ឋាន​នានា ដូចជា​ប្រជាពលរដ្ឋ អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ។ ជាមួយ​គ្នា​នេះ​សមត្ថកិច្ច ក៏​បាន​ដុត​ដៃ​ដុត​ជើង ដើម្បី​សម្រេច​ទិស​ដៅ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ធ្វើ​ជា​គំរូ​គេ​ក្នុង​ការ​អនុវត្ត​ច្បាប់។ ទោះ​យ៉ាង​ណា​សមត្ថកិច្ច​មួយ​ចំនួន​ត្រូវ​គេ​មើល​ឃើញ​ថា​នៅ​តែ​បន្ត​អសកម្ម​ការងារ​ដដែល ដែល​ជា​ការ​ជះ​ឥទ្ធិពល​អាក្រក់​ក្នុង​ការ​អនុវត្ត​ច្បាប់។

នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។
នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។ @siv channa
ផ្សាយពាណិជ្ជកម្ម

«គ្រោះ​ថ្នាក់​ដោយសារ​ចរាចរណ៍ បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ជាង​ជំងឺ អេដស៍ ទៅ​ទៀត», នេះ​ជា​ការ​ប្រកាស​ដោយ​មន្ត្រី និង​គេ​តែង​ឮ​សឹង​ហ៊ឹង​ត្រចៀក​ទៅ​ហើយ​ចេញ​ពី​ពិធី​ផ្សេង​ៗ ដែល​គេ​និយាយ​ពី​ប្រធាន​បទ​ចរាចរណ៍។

ដើម្បី​ឲ្យ​ស្ថានភាព​បែប​នេះ​បាន​ប្រសើរ​ឡើង គម្បី​ត្រូវ​មាន​ច្បាប់​មួយ​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក និង​មាន​ការ​ចូលរួម​អនុវត្ត​ច្បាប់​ និង​គោរព​ច្បាប់​ទាំង​អស់​គ្នា។ ច្បាប់​ចរាចរណ៍​ថ្មី​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​ចាប់​តាំង​ពី​ថ្ងៃ​ទី ១​ខែ​មករា​ឆ្នាំ​២០១៦​មក។ មក​ទល់​ពេល​នេះ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​ហើយ ស្ថានភាព​ចរាចរណ៍​មិន​ត្រឹម​តែ​មាន​ការ​ថយ​ចុះ​ចំនួន​អ្នក​ស្លាប់​ទេ ថែម​ទាំង​រក្សា​បាន​នូវ​តួលេខ​ជា​មធ្យម​មួយ​ក្នុង​កម្រិត​ព្រួយ​បារម្ភ​ដដែល ពោល​គឺ​ជា​មធ្យម​ស្លាប់​ ៦​នាក់​ក្នុង​មួយ​ថ្ងៃ។

ដើម្បី​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព ជា​ទូទៅ​តែង​មាន​ការ​លើក​ឡើង​ថា​ទាល់​តែ​មាន​ការ​ចូលរួម​ទាំង​អស់​គ្នា។ និយាយ​ទៅ​ការ​ចូលរួម​ត្រូវ​បាន​បែងចែក​ជា​ ២​ប្រភេទ ទី​១​ គឺ​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ ដែល​ជា​អ្នក​ស្ថិត​នៅ​ក្រោម​ច្បាប់។ ហើយ​ប្រភេទ​ទី​២​ គឺ​ជា​ការ​ចូល​រួម​របស់​អាជ្ញាធរ​អ្នក​អនុវត្ត​ច្បាប់​ខ្លួន​ឯង​តែ​ម្តង ដែល​ក្នុង​នោះ​មាន​ប៉ូលិស​ចរាចរណ៍​ជា​តំណាង។

លើ​ចំណុច​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ ដែល​ភាគ​ច្រើន​ជា​អ្នក​ទន់​ខ្សោយ ឃើញ​ថា​មួយ​ចំនួន​ធំ បាន​បង្ហាញ​ពី​ការ​គោរព​ច្បាប់ ធ្វើ​តាម​ច្បាប់ និង​ខ្លាច​ច្បាប់​ទៀត​ផង តាម​រយៈ​ការ​បំពេញ​លក្ខណៈ​សម្បត្តិ​ខ្លួន​ឯង ដូច​ជា​ត្រូវ​មាន​ប័ណ្ណ​បើកបរ​ត្រឹម​ត្រូវ ការ​បើក​បរ​មិន​សេព​គ្រឿង​ស្រវឹង​និង​មិន​បំពាន​អ្នក​ដទៃ ពាក់​មួយ​សុវត្ថិភាព។ រីឯ​យាន​ជំនិះ​របស់​ពលរដ្ឋ​វិញ ក៏​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​មាន​ភាព​ស្រប​ច្បាប់​ដែរ ដូច​ជា​ការ​បំពាក់​ស្លាក​លេខ ការ​បំពាក់​កញ្ចក់ និង​យក​យាន​យន្ត​ទៅ​ឈៀក ជា​ដើម។

ជាមួយ​គ្នា​នេះ ក៏​នៅ​មាន​ពលរដ្ឋ​មួយ​ចំនួន​ដែរ ដែល​មិន​ទាន់​ផ្លាស់​ប្តូរ​ឥរិយាបទ ដោយ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​ការ​យល់​ដឹង​ពី​ចរាចរណ៍​នៅ​មាន​កម្រិត។ ទោះ​យ៉ាង​ណា​ប្រជាពលរដ្ឋ​បាន​បង្ហាញ​ពី​ចេតនា​នៃ​ការ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ បាន​ច្រើន​ហើយ។ មួយ​វិញ​ទៀត​ផ្នែក​ពាក់​ព័ន្ធ​នានា ដូច​ជា​អង្គការ​ជាតិ​ និង​អន្តរជាតិ ដែល​ធ្វើ​ការងារ​ខាង​សុវត្ថិភាព​ចរាចរណ៍ ក៏​បាន​ចំណាយ​ពេល​វេលា​ធ្វើ​ការ​ផ្សព្វផ្សាយ ការ​ចំណាយ​ថវិកា​ធ្វើ​សិក្ខាសាលា​ផ្សេងៗ​ប្រយោជន៍​ ដើម្បី​ជួយ​រិះ​រក​វិធី​កាត់​បន្ថយ​បញ្ហា​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​តែ​មាន​ការ​ប្រឈម កាន់​តែ​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ សិស្ស​សាលា​ស្ម័គ្រ​ចិត្ត​កាក​បាទ​ក្រហម ឯ​ណោះ​វិញ បាន​ចំណាយ​ពេល​វេលា​ឈប់​សម្រាក​ចុង​សប្តាហ៍​របស់​ខ្លួន​ទៅ​ឈរ​តាម​ចិញ្ចើម​ថ្នល់ ដើម្បី​ស្រែក​មេក្រូ​ឲ្យ​មហាជន​យល់​ពី​បញ្ហា​ចរាចរណ៍។ ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​ការ​ចូលរួម​ជួយ​លើក​ស្ទួយ​អនុវត្ត​ច្បាប់​ចរាចរណ៍ និង​គោរព​ច្បាប់​ចរាចរណ៍។

មើល​ទៅ​លើ​មួយ​ផ្នែក​ទៀត​នៃ​សមត្ថកិច្ច​វិញ តើ​ប៉ូលិស​ចរាចរណ៍​ធ្វើ​ការ​ប្រកប​ដោយ​ឆន្ទៈ ក្នុង​ការ​លើក​តម្កើង​មុខ​មាត់​របស់​ប្រទេស​តាម​រយៈ​លើក​ស្ទួយ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​យ៉ាង​ណា​ខ្លះ? ជា​ការ​ពិត មាន​ការ​លើក​ឡើង​ថា ប៉ូលិស​ចរាចរណ៍​បាន​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍ ដោយ​មិន​បាន​ពេញ​លេញ​ទេ។

«ប្រសិន​បើ​មាន​ការ​សង្កេត ត្រឹម​រយៈ​ពេល​ ១០​ទៅ​១៥​នាទី នៅ​តាម​ដង​ផ្លូវ​ ដែល​មាន​ប៉ូលិស​ចរាចរណ៍​ឈរ​ជើង គេ​នឹង​ឃើញ​ថា​ប៉ូលិស​ចរាចរណ៍​មួយ​ចំនួន នៅ​តែ​បន្ត​យក​លុយ​ពី​រថយន្ត​ដឹក​ទំនិញ ប្រៀប​ដូចជា​ដាក់​ម៉ូយ​ដូច្នោះ​ដែរ»។ នេះ​ជា​ការ​លើក​ឡើង​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ដោយ​ច្រណែន​នឹង​សមត្ថកិច្ច​ថា «ពេល​នេះ​ប៉ូលិស​ចរាចរណ៍​គ្រប់​ទឹក​ហើយ ដោយ​ប៉ូលិស​ម្នាក់​ៗ​បាន​កម្រៃ​លើក​ទឹក​ចិត្ត​ពី​ការ​ប្រឹង​ធ្វើ​ការងារ​ផាក​ពិន័យ ដល់​ទៅ​ជាង​ ៩០​ភាគរយ ដើម្បី​កុំ​ឲ្យ​មាន​អំពើ​ពុក​រលួយ មាន​ប្រាក់​ខែ​រាជការ និង​មាន​ប្រាក់​ផាក​ពិន័យ​ក្រៅ​ផ្លូវ​ការ​ទៀត​(ប្រាក់​ពិន័យ​គ្មាន​វិក័យ​បត្រ)។

ប្រសិន​បើ​ការ​លើក​ឡើង​នេះ​ជា​ការ​ពិត នោះ​វា​ជា​រឿង​គួរ​ឲ្យ​មាន​ការ​សោក​ស្តាយ​ណាស់ ដែល​ច្បាប់​បង្កើត​តម្រូវ​ឲ្យ​មាន​ការ​គោរព​ទាំង​អស់​គ្នា ផ្ទុយ​ទៅ​វិញ​សមត្ថកិច្ច​អ្នក​ការពារ​ច្បាប់​បែរ​ជា​នៅ​ឆ្លៀត​ឱកាស​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ ដែល​អំពើ​ពុក​រលួយ​នេះ​ធ្វើ​ឲ្យ​ការ​អនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធ​ភាព។

ទោះ​យ៉ាង​ណា បើ​ប្រៀប​ធៀប​ទៅ​នឹង​បណ្តា​ឆ្នាំ​មុន​ៗ បញ្ហា​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​រៀប​រយ​បាន​ច្រើន ជា​ពិសេស​មាន​ការ​ត្រួត​ពិនិត្យ​ល្បឿន​នៅ​តាម​ផ្លូវ​ជាតិ​នានា មាន​ការ​ផាក​ពិន័យ​តឹង​តែង ដោយ​ការ​ផាក​ពិន័យ​មួយ​ចំនួន​ធំ​តម្រូវ​ឲ្យ​ទៅ​បង់​ដល់​ការិយាល័យ​ប៉ូលិស​ចរាចណ៍​ជើង​គោក។ ជា​ការ​កត់​សម្គាល់ មាន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​២០១៦​នេះ ប្រមាណ​ជា​ ១៦០០​នាក់ និង​រង​របួស​គ្រប់​ប្រភេទ​មាន​ប្រហែល ៦០០០​នាក់។ តួលេខ​នេះ​ត្រូវ​ប៉ូលិស​ចរាចរណ៍​ឲ្យ​ដឹង​ថា​មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI