សាលាក្រុងកំពុងធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រើប្រាស់និងគ្រប់គ្រង់ចិញ្ចើមផ្លូវ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ខណៈពលរដ្ឋមួយចំនួននៅតែបន្តយកចិញ្ចើមផ្លូវឬចំណែកផ្លូវធ្វើអាជីវកម្ម សាលារាជធានីភ្នំពេញកំពុងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការប្រើប្រាស់និងការគ្រប់គ្រង់ចិញ្ចើមផ្លូវក្នុងរាជធានីភ្នំពេញ។ ជាសេចក្ដីព្រាងសម្រាប់អនុវត្តនៅថ្នាក់ក្រោមជាតិ ដែលយកមូលដ្ឋានគ្រឹះពីច្បាប់ចរាចរណ៍ផ្លូវគោក។
អាជ្ញាធររាជធានីភ្នំពេញរំពឹងថា សេចក្ដីព្រាងច្បាប់ស្ដីពីការប្រើប្រាស់និងការគ្រប់គ្រងចិញ្ចើមផ្លូវនេះ នឹងមានប្រសិទ្ធភាពនៅពេលដាក់ឲ្យអនុវត្តព្រោះវាមានលក្ខណៈជាដីកា។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា បដិសេធមិនបកស្រាយឲ្យបានលម្អិតលើសេចក្ដីព្រាងនេះទេ។ លោកក៏មិនទាន់ដឹងច្បាស់ថា សេចក្ដីព្រាងច្បាប់ស្ដីពីការប្រើប្រាស់និងការគ្រប់គ្រងចិញ្ចើមផ្លូវនឹងដាក់ឲ្យប្រើប្រាស់នៅពេលណាដែរ។
ប៉ុន្តែលោកបានគូសបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះបានរៀបចំឡើងជិតមួយឆ្នាំមកហើយពោលគឺស្របនឹងការលើកឡើងរបស់លោក ស ខេង កាលពីថ្ងៃទី២៨កញ្ញា ដែលបានជំរុញឲ្យអាជ្ញាធររាជធានីភ្នំពេញដោះស្រាយបញ្ហាដែលពលរដ្ឋមួយចំនួនយកចិញ្ចើមផ្លូវឬចំណែកផ្លូវធ្វើអាជីវកម្មដោយទង្វើលបែបនេះ លោកមើលឃើញថា ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធាណៈនិងការស្ទះចរាចរណ៍ក្នុងរាជធានី។ លោករដ្ឋមន្រ្តីក៏បានជំរុញដល់អាជ្ញាធររៀបចំឲ្យអ្នកលក់ដូរលក់ឆ្ងាយបន្តិចពីផ្លូវនិងទុកចិញ្ចើមផ្លូវសម្រាប់អ្នកដើរ។
លោក មាន ចាន់យ៉ាដា ឲ្យដឹងថាកន្លងមកសាលារាជធានីភ្នំពេញបានធ្វើកិច្ចការនេះច្រើនមកហើយ ។ លោកបន្ថែមថា បច្ចុប្បន្នពលរដ្ឋរស់នៅរាជធានីភ្នំពេញមានការយល់ច្រំឡំថា ចិញ្ចើមផ្លូវនៅមុខផ្ទះរបស់ពួកគាត់គឺគាត់ជាម្ចាស់កម្មសិទ្ធិ ទើបធ្វើឲ្យអាជ្ញាធរមានការលំបាក់ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់។ លោកក៏ស្នើឲ្យពលរដ្ឋចូលរួមសហការទើបការងារនេះមានប្រសិទ្ធភាព។
សម្រាប់ការសង្កេតជាទូទៅមានការលើកឡើងថា មិនត្រឹមតែអ្នកលក់ដូរតូចតាចទេ ភោជនីយដ្ឋានធំៗមួយចំនួនក៏បានយកចំណីផ្លូវឬផ្នែកខ្លះនៃផ្លូវសម្រាប់ចតយានយន្តនិងបានធ្វើឲ្យមានការកកចរាចរណ៍ផងដែរ។ អ្នកតាមដានការងារសង្គមថា អាជ្ញាធរគួរតែពិភាក្សាជាមួយពលរដ្ឋឲ្យគាត់យល់ថាចិញ្ចើមផ្លូវមិនមែនជាកម្មសិទ្ធិរបស់ពួកគាត់នោះទេ។ ហើយអាជ្ញាធរក៏មិនត្រូវយោគយល់ចំពោះអ្នកណាម្នាក់ដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ