១ខែមករានេះ ចំនួនគ្រោះថ្នាក់ចរាចរណ៍ថយចុះ តែចំនួនអ្នកស្លាប់កើនឡើង
ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នេះ គឺជាថ្ងៃគម្រប់១ខែហើយ នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។ មួយខែនេះ មានទាំងការផាកពិន័យ មានទាំងការតវ៉ា ប៉ុន្តែបានផ្លាស់ប្តូរឥរិយាបទរបស់ម្ចាស់យានជំនិះភាគច្រើន និងបានទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរ អោយមកស្វែងយល់អំពីច្បាប់ចរាចរណ៍ផ្លូវគោក។ មន្ត្រីដែលធ្វើការទាក់ទងនឹងសុវត្ថិភាពចរាចរណ៍បានសម្តែងការសាទរ ប៉ុន្តែក៏បានលើកឡើងដែរថា១ខែនេះ ចំនួនគ្រោះថ្នាក់ចរាចរណ៍ថយចុះ តែចំនួនអ្នកស្តាប់កើនឡើង។
ចុះផ្សាយនៅថ្ងៃ៖
លោកឧត្តមសេនីយឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានអោយដឹងថា ក្នុងរយៈពេល១ខែមករានេះ នគរបាលចរាចរណ៍បានធ្វើការត្រួតពិនិត្យយាន ជំនិះនៅរាជធានី-ខេត្ត បានចំនួនជិត ១លានគ្រឿង ក្នុងនោះយានជំនិះដែលល្មើសច្បាប់មានចំនួនជាង ២០ម៉ឺនគ្រឿង។ នគរបាលចរាចរណ៍បានធ្វើការអប់រំម្ចាស់យានជំនិះបានចំនួនជាង ១០ម៉ឺនគ្រឿង និងធ្វើការផាកពិន័យបានចំនួនជាង១០ម៉ឺនគ្រឿងផងដែរ។ ចំណែកឯថវិកាដែលបានមកពីការផាកពិន័យ នៅមិនទាន់ធ្វើការបូកសរុបនៅឡើយទេ។ ប៉ុន្តែមកទល់ពេលនេះ ប្រជាពលរដ្ឋបង់ប្រាក់ផាកពិន័យ បាន៨០ភាគរយហើយ។
លោកឧត្តមសេនីយឯក រុន រ័ត្នវាសនា បន្តថា បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤ និងឆ្នាំ ២០១៥ ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅដើមឆ្នាំ ២០១៦នេះ មានការថយចុះចំនួន ២០០ករណី។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ចំនួនអ្នកស្លាប់មានការកើនឡើង។ កើនឡើង ព្រោះគ្រោះថ្នាក់ចររាចរណ៍ក្នុងខែមករានេះ កើតឡើងចំពោះយានដឹកអ្នកដំណើរដែលផ្ទុកមនុស្សច្រើនលើសកំណត់។ លោកថានគរបាលចរាចរណ៍នឹងរឹតបន្តឹងចំពោះករណីនេះបន្តទៀត។
ដោយឡែក លោកអ៊ា ចរិយា នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ បានមើលឃើញថា មន្ត្រីអនុវត្តច្បាប់ បានរឹតបន្តឹងការអនុវត្តច្បាប់បានយ៉ាងល្អ ក្នុងរយៈពេលមួយខែនេះ ហើយប្រជាពលរដ្ឋក៏បានចូលរួមសហការណ៍ផងដែរ។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋខ្មែរងាកមកស្វែងយល់អំពីច្បាប់ចរាចរណ៍ ហើយជាបណ្តើរៗ ពួកគេបានផ្លាស់ប្តូរឥរិយាបទទៅរកភាពវិជ្ជមានច្រើន។
ទោះយ៉ាងណាក៏ដោយ លោក អ៊ា ចរិយា បានលើកឡើងថា ការអនុវត្តច្បាប់គួរធ្វើឡើងជាដំណាក់កាលៗហើយអ្វីដែលនគរបាលត្រូវរឹតបន្តឹងមុនគេ គឺផ្តោតទៅលើមូលហេតុផ្សេងៗ ដែលនាំអោយមានគ្រោះថ្នាក់ចរាចរណ៍ ដូចជាការបើកបរលើសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងការមិនពាក់មួកសុវត្ថិភាពនិងខ្សែក្រវាត់សុវត្ថិភាពជាដើម។ ហើយក្នុងដំណាក់កាលនៃការរឹតបន្តឹងនេះដែរ អាជ្ញាធរពាក់ព័ន្ធ គប្បីបន្តអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដល់ប្រជាពលរដ្ឋអោយបានគ្រប់ជ្រុងជ្រោយនៃប្រទេសជាបន្តទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ