ទស្សនៈព្រឹត្តិការណ៍ខ្មែរ

គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​រថយន្ត​ និង​រថភ្លើង​ដ៏​ញឹក​ញាប់​ជម្រុញ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍

សំឡេង ០៥:១២
រូបភាពតំណាង៖ រថភ្លើង​​ខ្មែរ​ ក្នុង​​ដំណើរ​​ការ​​ដឹក​​ជញ្ជូន​​ទំនិញ​នា​​ពេល​​​កន្លង​​មក​
រូបភាពតំណាង៖ រថភ្លើង​​ខ្មែរ​ ក្នុង​​ដំណើរ​​ការ​​ដឹក​​ជញ្ជូន​​ទំនិញ​នា​​ពេល​​​កន្លង​​មក​ RFI/Nhim Sophal

គ្រាន់​តែ​រយៈ​ពេល​ប្រមាណ​ជា​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថភ្លើង​ និង​រថយន្ត និង​គ្រោះថ្នាក់​ផ្សេង​ៗ​ទៀត​ទាក់​ទង​ទៅ​នឹង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក បាន​កើត​ឡើង​ជា​ច្រើន​ករណី។ បញ្ហា​នេះ​ទាមទារ​ឲ្យ​មាន​វិធានការ​ជាក់​លាក់ និង​បន្ទាន់​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ និង​រក្សា​ទំនុក​ចិត្ត​លើ​រថភ្លើង​ខ្មែរ​ ដែល​ទើប​តែ​ដំណើរ​ការ​ឡើង​វិញ។

ផ្សាយពាណិជ្ជកម្ម

ចាប់​តាំង​ពី​ខែ​ធ្នូ​ ចុង​ឆ្នាំ​ ២០១៥ រហូត​មក​ដល់​ពាក់​កណ្តាល​ខែ​មិថុនា​ឆ្នាំ​ ២០១៦​នេះ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​រថភ្លើង​បាន​កើត​មាន​គិត​ជា​ត្រួស​ៗ​មាន​ប្រមាណ​ជា​៥ ករណី។ នោះ​គឺ​ទី​១​ កើត​ឡើង​នៅ​ជាយ​ក្រុង​ភ្នំពេញ​ ក្នុង​ខែ​ ១២​ ឆ្នាំ​២០១៥ បណ្តាល​ឲ្យ​ស្ត្រី​កម្មការិនី​ម្នាក់​ស្លាប់។ បន្ទាប់​មក​ឈាន​ចូល​ដល់​ខែ​កុម្ភៈ​ ឆ្នាំ​២០១៦ រថភ្លើង​បាន​បុក​រថយន្ត​ដឹក​ដី​ចំណុះ​២​តោន​កន្លះ ខណៈ​ដែល​រថយន្ត​រលត់​នៅ​លើ​ផ្លូវ​ដែក។ នៅ​ខែ​មេសា ឆ្នាំ​២០១៦​ដែរ រថភ្លើង​បាន​បុក​រថយន្ត​គ្រួសារ​ធ្វើ​ឲ្យ​របួស​ធ្ងន់​ស្រាយ​ ៦​នាក់​នៅ​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល។

នៅ​ជាយ​ក្រុង​ភ្នំពេញ​ដែរ​ ក្នុង​ខ័ណ្ឌ​ពោធិសែន​ជ័យ កាល​ពី​ចុង​ខែ​ឧសភា ឆ្នាំ​២០១៦ រថយន្ត​ទេសចរណ៍​ ១២​កៅអី មួយ​គ្រឿង​ក៏​ត្រូវ​រថភ្លើង​បុក​ប៉ើង​ដែរ ខណៈ​ឮ​សម្លេង​រថភ្លើង​ពី​ចំងាយ​ ហើយ​រថយន្ត​មិន​ព្រម​ឈប់។ ហើយ​នៅ​ស្រុក​បន្ទាយ​មាស​ខេត្ត​កំពត​ឯ​ណោះ​វិញ កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១២​មិថុនា​ឆ្នាំ​២០១៦ រថភ្លើង​ក៏​បាន​បុក​រថយន្ត​ពោង​ដឹក​ស៊ីម៉ង់ ដ៏​ធំ​មួយ​ដែរ តែ​មិន​មាន​បង្ក​ឲ្យ​មនុស្ស​រង​គ្រោះ​ទេ។

តាម​រយៈ​ស្ថិតិ​ត្រួស​ៗ​នេះ បង្ហាញ​ថា​បញ្ហា​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​មែន​ចោទ​តែ​ចំពោះ​រថយន្ត​ និង​យាន​ជំនិះ​តូច​ៗ​ដទៃ​ទៀត​នោះ​ទេ គឺ​ចរាចរណ៍​តាម​ផ្លូវ​រថ​ភ្លើង​ក៏​មាន​បញ្ហា​ចោទ​ដែរ។ បញ្ហា​ចោទ​គឺ​គ្រាន់​តែ​រយៈ​ពេល​មិន​ដល់​កន្លះ​ឆ្នាំ​ផង​ចរាចរណ៍ ដែល​បាន​កើត​ឡើង​ពាក់​ព័ន្ធ​ទៅ​នឹង​រថភ្លើង ត្រូវ​បាន​កត់​សម្គាល់​ថា​មាន​ច្រើន​ ខណៈ​សេវាកម្ម​តាម​រថភ្លើង​នៅ​កម្ពុជា​ទើប​តែ​ចាប់​ផ្តើម​ដំណើរ​ការ​ដឹក​មនុស្ស​កាល​ពី​អំឡុង​ចូល​ឆ្នាំ​ខ្មែរ​ថ្មី​ៗ​នេះ។

ជា​ការ​កត់​សម្គាល់​គ្រោះថ្នាក់​ចរាចរណ៍​ពាក់​ព័ន្ធ​ទៅ​នឹង​រថភ្លើង ដ៏​ញឹក​ញាប់​នៅ​ពេល​ដែល​កម្ពុជា មាន​ផ្លូវ​ដែក​ ដែល​អាច​ដំណើរ​ការ​បាន​ត្រឹម​តែ​២​ខ្សែ​ប៉ុណ្ណោះ គឺ​បណ្តាល​មក​ពី​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន។ ក្នុង​នោះ​ទី១​.គឺ​ចំណុច​ដែល​រថភ្លើង​ឆ្លង​កាត់​ផ្លូវ​ថ្នល់​សាធារណៈ​មិន​មាន​របាំង​ការពារ និង​ដាក់​ភ្នាក់ងារ​ប្រចាំ​ការ​គ្រប់គ្រាន់ ដើម្បី​បញ្ឈប់​រថយន្ត នៅ​ពេល​ដែល​ ឮ​សូរ​ស៊ី​ផ្លេរថ​ភ្លើង ជា​សញ្ញា​ដែល​រថភ្លើង​មក​ដល់។

ទី២.អ្នក​បើកបរ​រថយន្ត​មួយ​ចំនួន​ច្រើន​ប្រកាន់​ឥរិយាបទ​មិន​ចុះ​ញ៉ម និង​មានៈ​ចង់​ទៅ​មុន មិន​ចាប់​អារម្មណ៍​ពី​រថភ្លើង ដែល​ជា​កំហុស​ឆ្គង​ដ៏​អាក្រក់ ជា​ហេតុបង្ក​ឲ្យ​មាន​គ្រោះថ្នាក់​រវាង​រថភ្លើង​និង​រថយន្ត​ញឹក​ញាប់។

នេះ​គ្រាន់​តែ​រថភ្លើង​សម្រាប់​ដឹក​អ្នក​ដំណើរ រត់​ត្រឹមតែ ៣​ដង ក្នុង​មួយ​សប្តាហ៍​ប៉ុណ្ណោះ រួម​ទាំង​រថភ្លើង​ដឹក​ទំនិញ ដែល​ធ្វើ​ចរាចរណ៍​មិន​សូវ​ញឹកញាប់ នៅ​លើ​ផ្លូវ​ដែក​តែ​២​ខ្សែ បែរ​ជា​មាន​គ្រោះ​ថ្នាក់​គួរ​ឲ្យ​មាន​ការ​កត់​សម្គាល់។

តាម​រយៈ​កំណើន​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្តាល​មក​ពី​រថយន្ត​ជា​មួយ​រថភ្លើង​នេះ​ ថ្វី​ត្បិត​តែ​មិន​ទាន់​មាន​អ្នក​បាត់បង់​ជីវិត​ច្រើន​មែន​ពិត ក៏​ប៉ុន្តែ​ជា​ចំណុច​មួយ​ទាមទារ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ និង​មាន​វិធាន​ការ​ជាក់​លាក់​លើ​បញ្ហា​នេះ។

ជា​ការ​ពិត ដំណើរ​ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ និង​ទំនិញ​តាម​រថភ្លើង ជា​ការ​ចាំបាច់​មួយ​ដែរ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​របស់​កម្ពុជា។ ការ​ដំណើរ​ការ​រថភ្លើង​ដឹក​អ្នក​ដំណើរ​ឡើង​វិញ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ត្រូវ​បាន​អបអរ និង​គាំទ្រ​ពី​សំណាក់​សាធារណៈ​ជន។ ក៏​ប៉ុន្តែ​បញ្ហា​សុវត្ថិភាព​ទាំង​អស់​គ្នា​ទាំង​រថភ្លើង អ្នក​ដំណើរ​នៅ​លើ​រថភ្លើង អ្នក​ដំណើរ​នៅ​ក្រៅ​រថភ្លើង ក៏​ត្រូវ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​អត្ថិភាព​ផង​ដែរ។

ដូច្នេះ​ដើម្បី​ឲ្យ​ដំណើរការ​ចរាចរណ៍​ដោយ​រថភ្លើង​ប្រព្រឹត្តិ​ទៅ​បាន​ល្អ សមត្ថកិច្ច​ពាក់​ព័ន្ធ​នឹង​វិស័យ​ដឹក​ជញ្ជូន ក្រុម​ហ៊ុន​វិនិយោគ​ផ្លូវ​ដែក​ត្រូវ​តែ​មាន​ចំណាត់​ការ​ច្បាស់លាស់។ ពោល​គឺ​បំពាក់​នូវ​ផ្លាក​សញ្ញា ភ្លើង​សញ្ញា និង​របាំង​ការពារ​ឲ្យ​បាន​ត្រឹមត្រូវ ព្រម​ទាំង​ដាក់​ភ្នាក់ងារ​ប្រចាំ​ការ​ឲ្យ​បាន​ទៀង​ទាត់​ផង​ដែរ ត្រង់​ចំណុច​ផ្លូវ​ ដែល​មាន​ការ​កាត់​កែង​រវាង​ផ្លូវ​ដែក​ និង​ផ្លូវ​ថ្នល់ ខណៈ​ដែល​កម្ពុជា​នៅ​មិន​ទាន់​មាន​ឧបករណ៍​បញ្ជា​ពី​លើ​រថភ្លើង បិទ​បារ៉ាស​ផ្លូវ​រថយន្ត​ដូច​ជា​ប្រទេស​ជឿន​លឿន​នៅ​ឡើយ។

អាជ្ញាធរ​រដ្ឋាភិបាល​ត្រូវ​មាន​យន្តការ​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​ពី​បញ្ហា​គ្រោះ​ថ្នាក់​​​នៅ​ចំណុច​ ដែល​មាន​រថភ្លើង​ឆ្លង​កាត់។ មួយ​វិញ​ទៀត​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ថ្នល់ ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​និង​ប្រុង​ប្រយ័ត្ន កុំ​ចេះ​តែ​ហ៊ាន នៅ​ពេល​ដែល​ឮ​សម្លេង​ស៊ីផ្លេ​រថភ្លើង មិន​ត្រូវ​មាន​គំនិត​យក​ចាញ់​យក​ឈ្នះ ប្រញ៉ាប់​ប្រជែង​ទៅ​មុន​ឡើយ។ បើ​ពុំ​នោះ​ទេ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​សារ​រថភ្លើង​នឹង​មិន​មាន​ការ​ថមថយ​ឡើយ ហើយ​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ប្រហែល​ជា​មិន​អាច​កសាង​ប្រជាប្រិយភាព​បាន​ទេ​ទៅ​អនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI