អង្គការសង្គមស៊ីវិលអំពាវនាវឲ្យរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អំឡុងបុណ្យទានធំៗ
ចុះផ្សាយនៅថ្ងៃ៖
អង្គការសង្គមស៊ីវិលដែលធ្វើការទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ បានចេញសេចក្ដីថ្លែងការណ៍រួម ដោយអំពាវនាវដល់អាជ្ញាធរ និងអ្នកជាប់ពាក់ព័ន្ធ មានវិធានការចាំបាច់ប្រកបដោយប្រសិទ្ធភាពខ្ពស់បន្ថែមទៀតក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងបុណ្យចូលឆ្នាំចិន និងបុណ្យជាតិសំខាន់ៗនៅកម្ពុជា។ បើតាមអ្នកជំនាញ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ នៅតែជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរនៅកម្ពុជាសព្វថ្ងៃ។
ក្នុងសេចក្ដីថ្លែងការណ៍រួមថ្ងៃទី ១ ខែកុម្ភៈ អង្គការសង្គមស៊ីវិល បានលើកឡើងថា ជារៀងរាល់ឆ្នាំអ្នកស្លាប់មានចំនួនខ្ពស់គួរឲ្យព្រួយបារម្ភខ្លាំងនៅអំឡុងពេលបុណ្យសំខាន់ៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យចូលឆ្នាំចិន បុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូកជាដើម។
បើតាមអង្គការសង្គមស៊ីវិល ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ជាសរុបក្នុងពេលពិធីបុណ្យធំៗទាំងនេះ គឺមានប្រហែលជាង ១០ ភាគរយ នៃចំនួនអ្នកស្លាប់សរុបក្នុង ១ ឆ្នាំៗ ខណៈអ្នកស្លាប់ជាមធ្យមចន្លោះពី ៦ ទៅ ១១ នាក់ក្នុងមួយថ្ងៃ។
ដើម្បីកាត់បន្ថយគ្រោះថ្នាក់លើដងផ្លូវបែបនេះ ក្រុមអង្គការសង្គមស៊ីវិល បានអំពាវនាវ ដល់ស្ថាប័នរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យបង្កើតកម្មវិធីអប់រំផ្សព្វផ្សាយកាន់តែច្រើនថែមទៀត និងទូលំទូលាយ ដល់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋានក្នុងអំឡុងពេល និងក្រោយពេលបុណ្យចូលឆ្នាំចិន ក៏ដូចជាពិធីបុណ្យជាតិសំខាន់ផ្សេងទៀត។
តាមរបាយការណ៍នគរបាលចរាចរណ៍ផ្លូវគោក ក្នុងរយៈពេល ៤ ថ្ងៃនៃបុណ្យចូលឆ្នាំចិនកាលពីឆ្នាំ ២០១៨ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ៤៤ នាក់ កើនលើសឆ្នាំ ២០១៧ ដែលមានចំនួន ៩ នាក់ បើធៀបនឹងរយៈពេលដូចគ្នា។
លោក ស ខេង ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីចុងខែមករាថា បានជំរុញឲ្យស្ថាប័នពាក់ព័ន្ធ ពង្រឹងវិធានការណ៍ច្បាប់ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឲ្យមានប្រសិទ្ធភាពចាប់ពីពេលនេះដល់ឆ្នាំ២០២០។ បើតាមលោក ស ខេង ប្រសិនបើសមត្ថកិច្ចមិនពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពទេ ចំនួនអ្នកស្លាប់អាចកើនដល់ជាង៣ពាន់នាក់នៅឆ្នាំ២០២០ ខណៈគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់អ្នកប្រើប្រាស់ផ្លូវជាមធ្យមក្នុងមួយថ្ងៃ៥នាក់ដដែល។
យ៉ាងណាក៏ដោយ នៅឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន២៦៤លើក ខណៈអ្នកស្លាប់ថយចុះចំនួន១៩នាក់ និងអ្នករបួសថយចុះចំនួន៧៦៩នាក់ ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ