ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ឲ្យ​មក​នៅ​ទាប ច្បាប់​ចរាចរណ៍​គួរ​ត្រូវ​បាន​អនុវត្ត​ម៉ឺង​ម៉ាត់​និង​ដូច​ភ្លៀង​រលឹម

សំឡេង ០៤:២១
ការ​កក​ស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក
ការ​កក​ស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក RFI/Siv Channa

ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នៅ​ប្រទេស​កម្ពុជា​ត្រូវ​គេ​សម្គាល់​ថា​បាន​ធ្វើ​ឡើង​តាម​រដូវកាល។ នៅ​ពេល​ដែល​មាន​ភាព​តាន​តឹង​ខាង​នយោបាយ ជា​ពិសេស​អំឡុង​ពេល​មាន​ការ​បោះ​ឆ្នោត ច្បាប់​ចរាចរណ៍​មិន​ត្រូវ​បាន​អនុវត្ត​ម៉ឺង​ម៉ាត់​ទៅ​លើ​អ្នក​ប្រើ​ប្រាស់​យាន​យន្ត​ទេ។ ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មិន​បាន​ធ្វើ​ឡើង​ដូច​ភ្លៀង​រលឹម​នោះ​ទេ​ ជា​ហេតុ​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​មិន​ទាន់​មាន​ការ​ថម​ថយ។

ផ្សាយពាណិជ្ជកម្ម

ផ្តល់​បទ​សម្ភាស​ឲ្យ​ទូរទស្សន៍​ក្នុង​ស្រុក​កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ឧត្តមសេនីយ៍ រ៉ុន រ័ត្នវាសនា ​ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់​ធ្នាប់​សាធារណៈ បញ្ជាក់​ថា​ប៉ូលីស​នឹង​ចាប់​ផ្តើម​ផាក​ពិន័យ​ដល់​ម្ចាស់​យាន​យន្ត​ណា ដែល​បាន​ចត​បញ្ច្រាស់​ទិស​ចរាចរណ៍ និង​ចត​គ្មាន​របៀប​រៀប​រយ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ។

តាម​ពិត​ចំណុច​ទាំង​អស់​នេះ ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​កាល​ពី​ឆ្នាំ​២០១៥ សុទ្ធ​តែ​បាន​ចែង​អស់​ហើយៗ ក៏​មិន​ទាន់​ឃើញ​មាន​ការ​ផាក​ពិន័យ​អ្វី​ជា​ដុំ​កំភួន​ដែរ​ចំពោះ​អ្នក​បំពាន​ច្បាប់។ ការ​ផាក​ពិន័យ​ក៏​មិន​បាន​ធ្វើ​ផង​ដែរ​ចំពោះ​ឥរិយាបទ​ផ្សេងៗ​ទៀត​របស់​អ្នក​បើក​បរ មិន​ចំពោះ​តែ​ការ​ចត​យាន​យន្ត​បញ្ច្រាស់​ទិស ឬ​ចត​គ្មាន​របៀប​រៀប​រយ​នោះ​ទេ។

ជា​ការ​កត់​សម្គាល់ ជា​រៀង​រាល់​ថ្ងៃ​អ្នក​បញ្ជា​យាន​យន្ត​មួយ​ចំនួន បាន​បំពាន​ដោយ​គ្មាន​រអែង​ទៅ​លើ​ច្បាប់​ចរាចរណ៍ និង​បំពាន​ទៅ​លើ​ភាព​ស្លូត​ត្រង់​របស់​អ្នក​ដំណើរ​ឯ​ទៀត ដូច​ជា​ការ​បើក​បរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទីប្រជុំជន ដែល​ធ្វើ​ឲ្យ​អ្នក​ដំណើរ​រួម​គ្នា​តាម​ដង​ផ្លូវ​មាន​ការ​ភ័យ​ខ្លាច និង​ចាត់​ទុក​ថា​គ្មាន​សន្តិភាព​ទាល់​តែ​សោះ​នៅ​តាម​ដង​ផ្លូវ។ ការ​ឈប់​យាន​យន្ត​ទំនើបៗ​នៅ​លើ​ដង​ផ្លូវ ការ​ចុច​ស៊ីផ្លេ​រន្ធើន​ពេល​យប់ ប្រើ​ភ្លើង​ហ្វា​រថយន្ត​ជា​ប្រចាំ​ពេល​បើក​បរ​ពេល​យប់ ការ​បត់​ដោយ​មិន​ប្រើ​ស៊ីញ៉ូ ការ​ឈប់​នៅ​កន្លែង​ភ្លើង​ស្តុប​ពាស​ពេញ​គំនូស​ថ្មើ​ជើង ការ​បំពាន​ទៅ​មុខ​ទាំង​ភ្លើង​ក្រហម​ជា​ដើម សុទ្ធ​សឹង​ជា​សកម្មភាព​ល្មើស​ច្បាប់​ចរាចរណ៍​ដែល​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ។ នៅ​មាន​ចំណុច​បំពាន​ចរាចរណ៍​ជា​ច្រើន​ទៀត ដែល​បាន​កើត​ឡើង​ ខណៈ​ដែល​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​បាន​ចេញ​ជា​ផ្លូវ​ការ​អស់​រយៈ​ពេល​២​ឆ្នាំ​ទៅ​ហើយ។

តើ​ហេតុអ្វី​បាន​ជា​មាន​ច្បាប់​ហើយ មាន​អ្នក​ខ្លះ​គោរព និង​អ្នក​ខ្លះ​ទៀត​មិន​គោរព​ដូច្នេះ? មាន​ចំលើយ​ច្រើន​ណាស់​ដែល​ប្រទាក់​ក្រឡា​គ្នា។ នោះ​គឺ​ច្បាប់​ស្តីពី​ចរាចរណ៍​ជើង​គោក​ថ្មី ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​មែន​ពិត ក៏​ប៉ុន្តែ​ភាព​ម៉ឺង​ម៉ាត់​នៃ​មន្ត្រី​អនុវត្ត​ច្បាប់​ហាក់​ដូច​ជា​មិន​មាន ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​តួ​នាទី​គោរព​ច្បាប់​បណ្តែត​បណ្តោយ​ទៅ​តាម​គ្នា​ដែរ។ ជា​ការ​កត់​សម្គាល់ ចាប់​តាំង​ពី​មាន​ព្រឹត្តិការណ៍​នយោបាយ​ក្តៅ តាម​រយៈ​ការ​បោះ​ឆ្នោត ច្បាប់​ចរាចរណ៍​ត្រូវ​បាន​គេ​ព្រលែង​ចោល។ ប៉ូលីស​ចរាចរណ៍​បាន​ត្រឹម​បង្ហាញ​វត្តមាន​នៅ​តាម​ចិញ្ចើម​ថ្នល់​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​មិន​មាន​វិធានការ​ទៅ​លើ​អ្នក​លើ្មស​ច្បាប់​ចរាចរណ៍ ដូច​ជា​ជិះ​ម៉ូតូ​មិន​មាន​មួក​សុវត្ថិភាព គ្មាន​កញ្ចក់ ជិះ​បញ្ច្រាស់​។ល។ យូរៗ​ទៅ​សកម្មភាព​ទាំង​អស់​នេះ​បាន​ក្លាយ​ជា​ទំលាប់​ទៅ​ហើយ។

ការ​បណ្តែត​បណ្តោយ ឬ​អនុគ្រោះ​ក៏​ព្រោះ​តែ​ហេតុ​ផល​ផ្សេងៗ ដូច​ជា​ហេតុផល​នយោបាយ​ជា​ដើម បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ហើយ​ជា​លទ្ធផល​គេ​ពិបាក​នឹង​រក​ដំណោះ​ស្រាយ​ក្នុង​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ឲ្យ​មក​នៅ​ទាប​ណាស់​ ខណៈ​ដែល​ការ​ស្លាប់​និង​របួស​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​នៅ​ជា​ការ​បារម្ភ​នៅ​ឡើយ។

ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ គេ​ពុំ​គួរ​ធ្វើ​តែ​ទៅ​តាម​រដូវកាល ម្តង​តឹង​តែង ម្តង​ធូរ​រលុង ជា​ហេតុ​ធ្វើ​ឲ្យ​មុខ​មាត់​ប្រទេស​រង​នូវ​ការ​ខាត​បង់​ចំណុច​មួយ​ចំនួន ដូច​ជា​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ មិន​អាច​ដោះ​ស្រាយ​បាន និង​រង​នូវ​ការ​រិះ​គន់​ពី​ភ្ញៀវ​ទេសចរណ៍​បរទេស ខណៈ​ដែល​ចរាចរណ៍​ស្ថិត​នៅ​ក្នុង​ស្ថានភាព​រញ៉េរញ៉ៃ​មិន​ច្បាស់​លាស់។

ទន្លឹម​គ្នា​នេះ​ដែរ អាជ្ញាធរ​បាន​បង្កើន​ការ​បំពាក់​ភ្លើង​សញ្ញា​ចរាចរណ៍​ជា​ច្រើន​កន្លែង ចាក់​ក្រាល​ផ្លូវ​រលោង​ស្រិល​ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ និង​មាន​រៀប​ចំ​គំនូស​ចរាចរណ៍​ផង​ដែរ។ ទាំង​នេះ ប្រាកដ​ណាស់​ជា​សមិទ្ធផល​គួរ​ឲ្យ​អបអរ ក៏​ប៉ុន្តែ​បើ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ព្រមៗ​គ្នា​បន្ថែម​ទៀត នោះ​ការ​តាំង​ចិត្ត​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​ឲ្យ​នៅ​ទាប​បំផុត​នៃ​ការ​ស្លាប់​និង​របួស​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នឹង​ទទួល​បាន​លទ្ធផល​ល្អ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI