ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​គ្រប់​គ្រង​ការ​ចត​យានយន្ត​នៅ​លើ​ផ្លូវ​ ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍

សំឡេង ០៤:០៨
ចរាចរណ៍​ស្ទះ ដោយសារ​អ្នក​បើកបរ​​មិន​គោរព​ច្បាប់​ និង​ខ្វះ​សីលធម៌​
ចរាចរណ៍​ស្ទះ ដោយសារ​អ្នក​បើកបរ​​មិន​គោរព​ច្បាប់​ និង​ខ្វះ​សីលធម៌​ @Troll Page
ដោយ៖ អ៊ឹម រចនា
២៤ នាទី

រាជធានី​ភ្នំពេញ ​កំពុង​តែ​រីក​លូត​លាស់​ឥត​ឈប់​ឈរ​ជា​រៀង​រាល់​ថ្ងៃ​។ ប៉ុន្តែ​ ទីក្រុង​ដែល​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មួយ​នេះ ​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​កក​ស្ទះ​ចរាចរណ៍យ៉ាង​ខ្លាំង នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ មាន​មូលហេតុ​សំខាន់​ៗ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ចរាចរណ៍​កក​ស្ទះ ប៉ុន្តែ​កត្តាដ៏​​សំខាន់​មួយក្នុង​ចំណោម​​​នោះ ​គឺ​ការ​ចត​យានយន្ត​នៅ​លើ​ផ្លូវ​សាធារណៈ​។

ផ្សាយពាណិជ្ជកម្ម

បញ្ហា​កក​ស្ទះ​ចរាចរណ៍​ បាន​ក្លាយ​ទៅ​ជា​ជំងឺ​ដ៏​រ៉ាំរ៉ៃ​មួយ​នៅ​រាជធានី​ភ្នំពេញ​។ កាល​​ពី​ពេល​មុន ការ​កក​ស្ទះ​ចរាចរណ៍​កើត​ឡើង​តែ​នៅ​ក្នុង​ចន្លោះ​ម៉ោង​រវល់ ជា​អាថិ៍ ម៉ោង​៧​ដល់​ម៉ោង​៩​ព្រឹក និង​ម៉ោង​៥​ដល់​ម៉ោង​៧​ល្ងាច​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ បញ្ហា​កក​ស្ទះ​ចរាចរណ៍នៅ​ភ្នំពេញ​មាន​សភាព​កាន់​តែ​អាក្រក់​ឡើង​ៗ​។ ពោល​គឺ ការ​កក​ស្ទះ​ចរាចរណ៍​កើត​ឡើង​ស្ទើរ​តែ​គ្រប់​ម៉ោង និង​ស្ទើរ​តែ​រាល់​ថ្ងៃ​តែ​ម្ដង​។ ប្រជាពលរដ្ឋដែល​ជា​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ថ្នល់​មួយ​ចំនួន​ធំ​សង្កេត​ឃើញ​ថា មូលហេតុ​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​ចរាចរណ៍​កក​ស្ទះ​ជា​រៀង​រាល់​ថ្ងៃ​យ៉ាង​ដូច្នេះ គឺ​បណ្ដាល​មក​ពី​មាន​ការ​ចត​យានយន្ត​នៅ​លើ​ផ្លូវ​សាធារណៈ​។

នៅ​គ្រប់​ផ្លូវ​សាធារណៈ មិន​ថា​ផ្លូវ​តូច ​ផ្លូវ​ធំ ឬ​​ផ្លូវ​ដែល​មាន​ដាក់​ស្លាក​ហាម​ចត​ក៏​ដោយ ក៏​គេ​តែង​តែ​សង្កេត​ឃើញ​មាន​យានយន្ត ដោយ​ចំពោះ​រថយន្ត និង​ម៉ូតូ​កង់​បី ចត​តម្រៀប​ជា​ជួរ​យ៉ាង​អាណាធិបតេយ្យ​។ អ្នក​ប្រើ​ប្រាស់​ទ្រូង​ផ្លូវនៅ​ភ្នំពេញ មាន​ទម្លាប់​ចត​យានយន្ត​នៅ​លើ​ផ្លូវ​សាធារណៈ ដោយ​គ្មាន​ការ​ក្រែង​ចិត្ត​អ្នក​ដំណើរ​ដទៃ​ទៀត​សោះ​ឡើយ​។ ពេល​ខ្លះ ការ​កក​ស្ទះបណ្ដាល​មក​ពី​ម្ចាស់​យានយន្ត​មួយ​ចំនួន ចត​យានយន្ត​នៅ​ត្រង់​ផ្លូវ​កែង ឬ​ពេល​ខ្លះ គឺ​ចតនៅ​ពាក់​កណ្ដាល​ផ្លូវ​តែ​ម្ដង​។

មែនទែន​ទៅ ប្រសិន​បើ​គេ​ដាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​​អ្នក​ប្រើ​ប្រាស់​ទ្រូង​ផ្លូវ​តែ​ឯង​ក៏​មិន​កើត​។ ហាង និង​ភោជនីយដ្ឋាន​មួយចំនួន មិនមានចំណតយានយន្តផ្ទាល់ខ្លួនទេ។ ហើយ​ជា​រឿយៗ គេតែងសង្កេតឃើញម្ចាស់អាជីវកម្ម និងភោជនីយដ្ឋានទាំងនោះ បាន​យក​ផ្លូវ​ថ្នល់​សាធារណៈ ជាចំណតរថយន្តសម្រាប់ភ្ញៀវរបស់ខ្លួន បង្កជា ការ​រំខាន​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ដទៃ​ទៀត។ នៅ​តាម​ភោជនីយដ្ឋាន​ខ្លះ រថយន្តចត២-៣ជួរ សឹង​តែ​ពាក់​កណ្ដាល​ផ្លូវ​ទៅ​ហើយ​។ ដោយ​ឡែក អាជ្ញាធរ​​មាន​សមត្ថកិច្ច​វិញ ហាក់​ដូច​ជា​មិន​បាន​ចាត់​វិធានការ​ណា​មួយជាក់​លាក់ នៅ​ចំពោះ​មុខ​បញ្ហា​អស់​ទាំង​នេះ​ទេ​។

បើ​និយាយ​ដល់​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ភ្នំពេញ​ជួប​បញ្ហា​កក​ស្ទះ​ចរាចរណ៍ មិន​មែន​បណ្ដាល​មក​ពី​ការ​ចត​យានយន្ត​នៅ​លើ​ផ្លូវ​តែ​ម្យ៉ាង​នោះ​ទេ​។ មូលហេតុ​សំខាន់​ៗ​មួយ​ចំនួន​ទៀត ដែល​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍នៅ​ភ្នំពេញ​ដែរ​នោះ មាន​ដូច​ជា​ ​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍ ការមិនចេះយោគយល់គ្នាពីសំណាក់អ្នកប្រើប្រាស់ទ្រូងផ្លូវ និង​ការ​កើន​ឡើង​​​នៃ​ចំនួន​យានយន្តជា​ដើម​។

បញ្ហា​កក​ស្ទះ​ចរាចរណ៍ អាច​មើល​ទៅ​មិន​មែន​ជា​រឿង​ធ្ងន់ធ្ងរ ប៉ុន្តែ​មែនទែន​ទៅ វា​កំពុង​តែ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​អារម្មណ៍ ជា​ពិសេស​គឺ​ការប្រកប​របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​​។ ម្ល៉ោះ​ហើយ អាជ្ញាធរនិង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ឡាយ មិន​អាច​មើល​រំលង​បញ្ហា​នេះ​បាន​ឡើយ និង​ចាំ​បាច់​ត្រូវ​ចាត់​វិធានការ​ជា​បន្ទាន់​ចំពោះ​ការ​កក​ស្ទះ​ចរាចរណ៍​នេះ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​ពលរដ្ឋ​។

សរុប​មក​វិញ ទាក់ទង​នឹង​សំណួរ​ថា​តើ​ពេល​ណា​ទើប​ពលរដ្ឋ​នៅ​ភ្នំពេញ ឈប់​ចត​យានយន្ត​នៅ​លើ​ដង​ផ្លូវ​សាធារណៈ គេ​ពិបាក​នឹង​ឆ្លើយ​សំណួរ​នេះ​ណាស់​។ អ្នក​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​នេះ ដែល​មាន​ជា​អាថិ៍ ម្ចាស់​អាជីវកម្ម និង​ភោជនីយដ្ឋាន​នានា​ដែល​និយម​យក​ផ្លូវ​សាធារណៈ​ធ្វើ​ជា​ចំណត​សម្រាប់​អតិថិជន​ខ្លួន ត្រូវ​តែ​ពិចារណា​បញ្ឈប់​ការ​ប្រព្រឹត្ត​នេះ​ជា​បន្ទាន់ និងចាំ​បាច់​ត្រូវ​គិត​គូរ​ពី​ការ​បង្កើត​ចំណត​យានយន្ត​ឯកជន​សម្រាប់​អតិថិជន​របស់​ខ្លួន​។

ចំណែកម្ចាស់​យានយន្ត​ទាំង​តូច​ទាំង​ធំ ក៏​គួរ​កម្ចាត់​ចោល​ភាព​អាត្មា​និយម​របស់​ខ្លួន ដោយ​ងាក​មក​បណ្ដុះ​ទម្លាប់​ក្រែង​ចិត្ត​អ្នក​ប្រើ​ប្រាស់​ផ្លូវ​សាធារណៈ​ដទៃ​ទៀត​ខ្លះ​ផង​។ សូម​កុំ​គិត​ថា ផ្លូវ​សាធារណៈ​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​ខ្លួន​ឲ្យ​សោះ​​។ ​លោក​អ្នក​បង់​ពន្ធ​ជូន​រដ្ឋ​ លោក​អ្នក​អាច​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដូច​គ្នា​ទៅ​នឹង​ប្រជាពលរដ្ឋ​ដទៃទៀត​ដែល​បង់​ពន្ធ​ជូន​រដ្ឋ​ដែរ​។ ដោយ​ឡែក អាជ្ញាធរ​មាន​សមត្ថិកិច្ច​ពាក់ព័ន្ធ​ទាំង​អស់ គួរ​តែពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ជាង​នេះ ជា​​ពិសេស​ការ​ផាក​ពិន័យ​ផ្សេង​ៗ ដើម្បី​ដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​ចរាចរណ៍​ដែល​ភ្នំពេញ​កំពុង​ជួប​ប្រទះ​សព្វ​ថ្ងៃ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI