ទស្សនៈព្រឹត្តិការណ៍ខ្មែរ

រថយន្ត​ចង្កូត​ស្តាំ​និង​បរាជ័យ​នៃ​ការ​អនុវត្ត​ច្បាប់

សំឡេង ០៨:០០
@siv channa

កាល​ពី​ខែ​មុន​ក្រុម​អ្នក​បើក​រថយន្ត​ដឹកដី ដឹក​ខ្សាច់​និង​ថ្ម​បាន​ធ្វើ​បាតុ​កម្ម​បិទ​ផ្លូវជាតិ​សំខាន់ៗ​ប្រឆាំង​នឹង​ការ​កំហិត​ឲ្យ​ពួក​គេ​កែ​ចង្កូត​ពីចង្កូត​ស្តាំង​ទៅ​ចង្កូត​ឆ្វេង​និង​បង់​ពន្ធ​នាំ​ចូល។ការ​ពិត​ប្រជាពលរដ្ឋ​ទាំង​នេះ​មិនមែនជា​អ្នក​បង្កភាព​មិន​ស្របច្បាប់​ពិត​ប្រាកដ​នោះទេ ប៉ុន្តែ​ប្រពន្ធ័​គ្រប់​គ្រង​ដែន​សមត្ថកិច្ច​របស់​រដ្ឋា​ភិបាល​ទេ​ដែល​ជា​ប្រភព​ហេតុពិត​ប្រាកដ។ ​​បទ​វិភាគ​​របស់​​គង់ សុឋានរិទ្ធ

ផ្សាយពាណិជ្ជកម្ម

នេះ​ជាលើក​ទី​១​ហើយ​ដែល​ម្ចាស់រថយន្ត​​ដឹក​ជញ្ជូន​ធន់​ធ្ងន់​​ រថយន្ត​ដឹក​ដី ដឹក​ខ្សាច់​និង​ថ្ម​ធ្វើ​ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ​ហើយ​ឈាន​ដល់​ការ​បិទ​ផ្លូវ​សំខាន់ៗ​មាន​ជា​អាទិ៍​ផ្លូវ​ជាតិ​លេខ​១ ផ្លូវ​ជាតិ​លេខ​៣​និង​លេខ​៦​ជាដើម។​ផ្លូវ​ទាំង​នេះ​ដែល​ជា​ផ្លូវ​សរសៃ​ឈាម​​ដ៏​រស់​រវើក​របស់​កម្ពុជា។ បើ​គេ​សម្លឹង​មើល​ព្រឹត្តិ​ការណ៍​នេះ​មួយ​ភ្លែត​ គេច្បាស់ជា​គិត​ថា​នោះ​គឺជា​ព្រឹត្តិការណ៍​សង្គម។​ប៉ុន្តែ​បើ​គេ​វែក​រក​ហេតុ​ផល​ឲ្យ​ជ្រៅ​បន្តិច គេ​នឹង​ឃើញ​ថា​​នេះ​គឺជា​ផល​អវិជ្ជមាន​នៃ​នយោបាយ​មួយ​។​ពោល​គឺ​ជា​បរាជ័យ​មួយនៃ​នយោបាយ​​ភ្លៀង​រលឹម​របស់​រដ្ឋា​ភិបាល។

ហេតុ​អ្វី​បាន​ជា​ហ៊ាន​អះអាង​ដូច្នេះ?

ការ​អះអាង​នេះ​ដោយ​សំអាង​ថា​រដ្ឋា​ភិបាល​តែងតែ​ប្រកាស​ដោយមោទនភាព​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​អសកម្ម​ឬ​បាតុ​ភាព​បែប​ណា​មួយ​​ដោយ​ភាព​អំណត់​ មិន​រាថយ ​ដោយ​មិន​ធ្វើ​ដោយ​ភាព​គំហុក​តែធ្វើជា​ប្រចាំ​ពោល​គឺ​​មាន​សណ្ឋាន​ដូចជា​ភ្លៀង​រលឹម​ដូច្នោះ​ដែរ។ ចំពោះ​វិធាន​ការ​ប្រឆាំង​នឹង​រថ​យន្ត​ចង្កូត​ស្តាំក៏​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ័​នៃ​ការ​អនុវត្តនយោបាយ​នេះ​ដែរ។​ដោយ​សារ​ប្រទេស​កម្ពុជា​​ប្រកាន់​ស្តាំលើ​ទ្រូង​ផ្លូវ ឬប្រើ​​ប្រពន្ធ័​រថយន្ត​ចង្កូត​ឆ្វេង រដ្ឋា​ភិបាល​មិន​ធ្វើ​ស្លាក​លេខ​ឲ្យ​រថ​យន្ត​ចង្កូត​ស្តាំ​ទេវាលែង​តែ​រថយន្ត​ទាំង​នោះ​កែ​ចង្កូត​និង​មាន​ការ​បង់​ពន្ធ​បាន​ត្រឹម​ត្រូវ ហើយ​ក៏​មិន​អនុញ្ញាត្តិ​ឲ្យ​មាន​ការ​នាំ​រថយន្ត​ប្រភេទ​នេះ​ចូល​ស្រប​ច្បាប់​នោះ​ដែរ។

ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ពោល​គឺ​កៀក​នឹង​ឱកាស​បោះឆ្នោត​​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន បាន​ប្រកាស​ឲ្យ​ធ្វើ​​អនុគ្រោះការ​ធ្វើ​ស្លាក​លេខ​ឲ្យ​រថយន្ត​ចង្កូត​ស្តាំ​នៅទូទាំង​ប្រទេស​ដើម្បី​ធ្វើ​ឲ្យ​រថយន្ត​ទាំង​នោះ​ទៅជា​រថយន្ត​ស្រប​ច្បាប់ មាន​ការ​បង់ពន្ធ​នាំចូល​និង​ពន្ធ​ផ្លូវ​ត្រឹមត្រូវ។​លោក​ហ៊ុន សែន​ក៏​បាន​ប្រកាស​និង​ដាក់​បញ្ជាឲ្យ​ទប់​ស្កាត់​ការ​នាំ​រថយន្ត​ចង្កូត​ស្តាំចូល​តទៅទៀត។ ប៉ុន្តែ​បន្តិច​ក្រោយ​មក​មិន​ត្រឹម​តែ​មិន​អាច​ទប់ស្កាត់​លំហូរ​​រថយន្ត​ចង្កូត​ស្តាំ​ចូល​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ថែម​ទាំង​លំហូរ​នៃ​រថយន្ត​ចង្កូត​ស្តាំ​ចូល​មក​កាន់​តែ​ច្រើន ជា​ពិសេស​ប្រភេទ​រថយន្ត​ធន់​ធ្ងន់​។​រថ​យន្ត​ប្រភេទ​នេះ​ភាគ​ច្រើន​មិន​មាន​បង់​ពន្ធនាំ​ចូល​ត្រឹមត្រូវ​នោះទេ។ ចុះហេតុ​អ្វីបាន​ជា​​បាន​ជា​មាន​ការរីករាល​ដាល​បែបនេះ?

មូលហេតុ​មាន​ច្រើន​ដែល​ទាក់​ទង​ទៅ​នឹង​ការ​អនុវត្ត​គោល​នយោបាយ​របស់​រដ្ឋា​ភិបាល។
ជាការ​ពិត​ការ​នាំ​រថយន្ត​ទាំង​នេះ​ចូល​រួម​មាន​ការ​នាំ​រថយន្តមូល​ចូល​តែ​ម្តង​និង​ការ​នាំ​គ្រឿង​បន្លាស់​រថ​យន្ត​ចង្កូត​ស្តាំ​ចូល បន្ទាប់​មក​តម្លើង​ជា​រថយន្ត​ក្រោយ។​រថយន្ត​​មាន​ទំហំ​ធំ គ្រឿង​បន្លាស់​រថយន្ត​ធុន​ធ្ងន់​ក៏មាន​ទំហំធំៗ​មិន​អាច​វេច​ខ្ចប់​ដាក់​ក្នុង​ហោប៉ៅ​ដើម្បី​បំបាំង​ភ្នែក​សមត្ថកិច្ច​ឬភ្នាក់​ងារ​មាន​សមត្ថ​កិច្ច​បានទេ។​ហើយ​គ្រឿង​បន្លាស់​រថយន្ត​ចង្កូត​ស្តាំដែល​គេ​ដឹកជញ្ជូនមក​តម្លើង​ជា​រថយន្ត​រហូត​ដល់​កណ្តាល​រាជធានី​ភ្នំពេញ​ក៏​មិន​មែនជាឧបករណ៍​ដែល​គេ​ខ្ចប់​ដាក់​បាត​ដៃ​លាក់បាំង​ជិត​ស្រួល​ដែរ។ ប៉ុន្តែ​ច្បាស់​ជា​មាន​ការ​ប្រទាក់​ក្រឡា​បែប​ណា​​មួយ​ទើប​បណ្តាល​ឲ្យ​មាន​លំហូរ​រថយន្ត​បែប​នេះទប់​ស្កាត់​មិន​បាន។​ដូច​ពាក្យ​ខ្មែរ​ពោល​ថា​​បើ​ខ្មោច​ក្នុង​មិន​ឲ្យ​ដៃ​នោះទេ ខ្មោច​ព្រៃ​មិន​អាច​ចូល​បាន​នោះ​ឡើយ។

មូលហេតុ​សំខាន់​នៃ​​និន្នាការ​ប្រើ​ប្រាស់​រថយន្តចង្កូត​ស្តាំ​ជាពិសេស​រថយន្ត​ចង្កូត​ស្តាំ​ធុន​ធ្ងន់​ដោយ​សារ​តែ​រថយន្ត​ទាំង​នេះ​មាន​តម្លៃ​ថោក​ជាង​រថយន្ត​ចង្កូត​ឆ្វេងដោយ​សារ​តែរថយន្តទាំង​នេះ​គេច​ពន្ធ។​ប៉ុន្តែ​គេច​ពន្ធ​មិន​មែន​មានន័យ​ថា​ភ្នាក់​ងារ​មាន​សមត្ថកិច្ច​មើល​មិនឃើញ​នោះទេ​។​ម្ចាស់​កម្មសិទ្ធិ​រថ​យន្ត​ដឹក​ជញ្ជូនធុន​ធ្ងន់​ខ្លះ​បញ្ជាក់​ថា​រថយន្ត​ប្រភេទ​នេះ​ដូចជា​រថយន្ត​ដឹក​ដីជា​ដើម​ត្រូវ​ដាក់​លក់​ក្នុង​ឃ្លាំង ប៉ុន្តែបើ​គេ​ចង់​ទិញ​គេ​ត្រូវ​បង់​សោហ៊ុយ​ទៅ​ឲ្យភ្នាក់​ងារ​មាន​សមត្ថកិច្ច​បើ​ពុំនោះ​ទេ​រថយន្ត​នេះ​​នឹង​ត្រូវ​ចាប់ឃាត់ភ្លាមៗ​ក្រោយ​ពី​អូស​ចេញ​ពីឃ្លាំង​បាន​បន្តិច។​ផ្ទុយទៅវិញ​មិន​មាន​ការ​ចាប់​ក្នុង​ឃ្លាំង​នោះទេ។ នេះជាជ្រុង​មួយ។​ប៉ុន្តែជ្រុង​មួយ​ទៀត​រថយន្តចង្កូត​ស្តាំ​ខ្លះ​ត្រូវ​បំពាក់​លេខយោធា ឬខម និង​បំពាក់​លេខ​នគរបាល ឬស្លាកលេខ​នប ទៀតផង។

សរុបមកវិញគេ​ពិបាក​និយាយថា​រថយន្តទាំង​នេះ​នាំចូល​​នៅពេល​ដែល​ភ្នាក់ងារ​មាន​សមត្ថកិច្ច​​ព្រិល​​ស្រវាំង​ភ្នែកមើល​មិនឃើញនោះទេ។ ប៉ុន្តែអ្វី​ដែល​ជា​បញ្ហានោះគឺថា​នៅ​ទី​បំផុត​​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​រថយន្តទាំង​នោះ​ទេ​ដែល​ទទួល​រង​ផល​វិបាក​។ពី​ព្រោះថា​ក្រោយ​ពី​មាន​ការបើក​ដៃ​ដោយ​លួចលាក់ ម្ចាស់​កម្ម​សិទ្ធិ​ត្រូវ​រដ្ឋា​ភិបាល​ឬភ្នាក់​ងារ​មាន​សមត្ថកិច្ច​ចាប់​បង្ខំ​ឲ្យ​កែ​ចង្កូត​និង​បង់ពន្ធ។​តែការ​កែ​ចង្កូត​សម្រាប់​រថ​យន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់​អាច​ជា​ហានិភ័យ​និង​គ្រោះថ្នាក់​បំផុត​ប្រសិន​បើ​មិន​អនុលោម​​តាម​ស្តង់​ដា​និង​បច្ចេក​វិទ្យា​ត្រឹម​ត្រូវ។​គ្រោះថ្នាក់នៃ​រថយន្តដឹកជញ្ជូន​ធុន​ធ្ងន់​អាច​ជា​មហន្តរាយ​ដែល​រាលដាល​ប៉ះពាល់​ដល់​អ្នកដទៃ​លើ​ទ្រូង​ផ្លូវ។

ការ​ចាប់​បង្ខំ​ប្រជារាស្ត្រ​ឲ្យ​បំពេញ​ភាព​ស្រប​ច្បាប់​នៅទឹកចុង​ក្រោយ​បែប​នេះ​គ្មាន​អ្វី​ក្រៅ​ពី​បង្ក​ភាព​អាក់​អន់​ស្រពន់ចិត្ត ការខឹង​សម្បារ​ពី​ម្ចាស់កម្មសិទ្ធិនិង​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះរដ្ឋា​ភិបាល​និង​គណបក្ស​កាន់​អំណាច​នោះទេ។​បរាជ័យ​នៃ​ការ​អនុវត្តគោល​នយោបាយ​ទប់​ស្កាត់​លំហូរ​រថយន្តចង្កូត​ស្តាំ​គឺ​ជា​ព្រឹត្តិ​ការណ៍​ច្រំដែលនិងរ៉ាំរ៉ៃ។បញ្ហា​គឺ​បណ្តាលមក​ពី​ខ្វះការ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​នៃ​សេចក្តី​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន នាពេល​កន្លងមក​ក្នុង​ការបិទ​ឈប់ឲ្យ​នាំរថយន្តចង្កូត​ស្តាំចូល ហើយ​វា​ក៏​បណ្តាល​មក​ពី​កង្វះ​ការ​ត្រួត​ពិនិត្យលើ​ប្រសិទ្ធិភាព​នៃ​ការ​អនុវត្តផែនការនោះ​ផងដែរ។​ជាង​នេះ​ទៅ​ទៀត​បរាជ័យ​នេះ​ក៏​បណ្តាល​មក​ពី​អប្រសិទ្ធិភាព​​នៃ​​ការ​តាមដាន​ប្រពន្ធ័​ពុក​រលួយ​ផងដែរ។

ដូច្នេះចំពោះបញ្ហារថយន្តចង្កូត​ស្តាំ គេ​មិនត្រូវ​ដាក់​ប្រជាពលរដ្ឋ​ម្ចាស់​យានយន្តក្នុង​ដង្កៀប​តែម្នាក់ឯង​នោះទេ គឺអ្វីៗ​កើតចេញ​ពី​ប្រពន្ធ័។ហើយ​ការបណ្តែតបណ្តោយបញ្ហានេះគឺជា​បរាជ័យ​នៃ​នយោបាយ​ភ្លៀង​រលឹមមួយ​របស់​រដ្ឋា​ភិបាល។

ហេតុនេះ​ហើយ​វិធី​ដោះ​ស្រាយ​ដែល​ងាយ​បំផុត​ មិនធ្វើ​ឲ្យប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​គឺជា​វិធី​សម្រុះ​សម្រួល​ អនុគ្រោះ យោគ​យល់​ពីព្រោះ​គេ​ត្រូវ​យល់​ថា​បើ​ប្រជាពលរដ្ឋ​មាន​ធន​ធានគ្រប់​គ្រាន់​ នោះ​ពួកគេ​ប្រហែលជា​ព្យាយាម​ប្រើប្រាស់រថយន្តស្រប​ច្បាប់​ប្រសើរជាង។ហើយ​បើ​មិនមាន​ការបើក​ដៃបែបណា​មួយនោះក៏ប្រជាពលរដ្ឋ​មិន​ស្ថិតនៅក្នុង​ស្ថានភាព​លំបាក​នៃរថយន្តធុនធ្ងន់ចង្កូត​ស្តាំ​បែប​នេះដែរ។ នេះវិធីទី១។ វិធីម្យ៉ាង​ទៀតគឺ​ត្រូវរឹត​បន្តឹង​និង​បោស​សំអាត​ប្រពន្ធ័​អនុគ្រោះភាព​ល្មើស​ច្បាប់​នេះ​ពីលើ​ដល់​ក្រោមនោះទើប​ប្រជាពលរដ្ឋ​ម្ចាស់​កម្មសិទ្ធិ​ឈប់​ទទួល​រង​ថ្មបាក់​តទៅ​ទៀត​ហើយ​អាច​កែប្រែ​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​បាន​មួយកម្រិតទៀតផង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI