កម្ពុជា-ច្បាប់

រដ្ឋាភិបាល​កម្ពុជា ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​ចរាចរណ៏​ផ្លូវ​គោក​ចំនួន​ ៨មាត្រា

នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។
នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។ @siv channa

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ ស្តីពី​វិសោធនកម្ម​មាត្រា​៨ មាត្រា​៤០ មាត្រា​៤១ មាត្រា​៤៨ មាត្រា​៧៥ មាត្រា​៧៧ មាត្រា​៨២ និង​មាត្រា​៩០ នៃ​ច្បាប់​ស្តីពី​ចរាចរណ៏​ផ្លូវ​គោក ​ដោយ​មាន​ការ​កែ​សម្រួល​ពាក្យ​ពេចន៍​មួយ​ចំនួន។ ការ​អនុម័ត​នេះ បាន​ធ្វើ​ឡើង​នៅ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​កម្ពុជា​ក្រោម​វត្តមាន​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​។

ផ្សាយពាណិជ្ជកម្ម

មាត្រា​ទាំង ៨ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​សម្រេច​អនុម័ត​ធ្វើ​វិសោធន​កម្ម​នេះ គឺ​ផ្តោត​លើ​ចំណុច​សំខាន់​ៗ​ចំនួន​៤។

ទីមួយ ការ​ស្នើ​លុប​នូវ​បណ្ណ​បើកបរ​ទោចក្រយាន​យន្ត​ប្រភេទ ក១ ពាក់ព័ន្ធ​នឹង​មាត្រា ៨ មាត្រា៤០ មាត្រា៤១ ចំពោះ​យានយន្ត​ដែល​មាន​ទំហំ​ស៊ីឡាំង​ចាប់​ពី​១២៥ សង់ទីមែត្រ​គូប​ចុះ​ក្រោម។ គឺ​អ្នក​បើកបរ​មិន​តម្រូវ​ឲ្យ​មាន​បណ្ណ​បើកបរ​ឡើយ ប៉ុន្តែ​ត្រូវ​មាន​អាយុ​ចាប់​ពី ១៥ ឆ្នាំ​ឡើង​ទៅ ដោយ​មាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ណា​មួយ។

ទីពីរ ការ​កែ​សម្រួល​ទាក់ទង​នឹង​នីតិវិធី​នៃ​ការ​ផ្ទេរ​កម្មសិទ្ធ​យានយន្ត​ក្នុង​មាត្រា​៤៨ ដោយ​មិន​កំណត់​រយ:​ពេល​នៃ​ការ​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត​ទេ​ជាមួយ​នឹង​ការ​សម្រួល​នីតិវិធី​ព្រម​ទាំង​កម្រៃ​សេវា​នៃ​ការ​ផ្ទេរ​កម្មសិទ្ធិ​ផង​ទៀត។

ទីបី គឺ​ការ​កែ​សម្រួល​ទោស​ប្បញ្ញត្តិ​ចំពោះ​មាត្រា​៧៥ មាត្រា​៧៧ និង​មាត្រា​៨២ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​សង្គម​ជាក់​ស្ដែង ដោយ​បង្កើត​នូវ​ការ​ពិន័យ​អន្តរការណ៍ ហើយ​ក្នុង​ករណី ដែល​ជន​ល្មើស​ធ្លាប់​ទទួល​រង​នូវ​ការ​រពិន័យ​អន្តរការណ៍​ម្ដង​រួច​ហើយ តែ​នៅ​បន្ត​ល្មើស​ទៀត​នោះ នឹង​ត្រូវ​ទទួល​រង​នូវ​ទណ្ឌកម្ម​ព្រហ្មទណ្ឌ គឺ​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ និង​ពិន័យ​ជា​ទឹក​ប្រាក់។

ទីបួន គឺ​ការ​កែ​សម្រួល​មាត្រា៩០ អំពី​ការ​ពាក់​ខ្សែ​ក្រវ៉ាត់​សុវត្តិភាព​សម្រាប់​អ្នក​បើកបរ និង​អ្នក​រួម​ដំណើរ​ទាំង​អស់​ តាម​រថយន្ត​នៅ​ក្រៅ​ទី​ប្រជុំ ដែល​ត្រូវ​ដាក់​អនុវត្ត​ក្នុង​រយ​:ពេល ៥ (ប្រាំ) ឆ្នាំ បន្ទាប់​ពី​ច្បាប់​ចូល​ជា​ធរមាន​នៅ​ទូទាំង​ប្រទេស។

សូម​បញ្ជាក់​ថា ការ​សម្រេច​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​ទាំង​នេះ គឺ​កើត​ឡើង​ក្រោយ​ពី​ប្រជា​ពលរដ្ឋ​អ្នក​ប្រើ​ប្រាស់​ផ្លូវ បាន​ត្អូញ​ត្អែរ​លើ​ចំណុច​មួយ​ចំនួន​ដូច​ជា ការ​តម្រូវ​ឲ្យ​មាន​បណ្ណ​បើកបរ​​ម៉ូតូ​ជា​ដើម នៅ​ក្នុង​ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ ដែល​ចាប់​អនុវត្ត​កាល​ពី​ថ្ងៃ​ទី១ ខែ​មករា​ ឆ្នាំ​២០១៦។ ការ​ត្អូញ​ត្អែរ​ទាំង​នេះ ត្រូវ​បាន​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ​ចេញ​មុខ​អន្តរាគមន៍ ដោយ​ផ្ទាល់​ជា​បន្ត​បន្ទាប់ ហើយ​នៅ​ថ្ងៃ​នេះ ទើប​រដ្ឋាភិបាល​សម្រេច​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​លើ​មាត្រា​ទាំង​នេះ​តែ​ម្តង​ក្នុង​ការ​ត្រៀម​បញ្ជូន​បន្ត​ទៅ​រដ្ឋសភា ដើម្បី​ពិនិត្យ និង​សម្រេច​ជា​ផ្លូវ​ការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI