អានតួអត្ថបទ
កម្ពុជា

ការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ពេលបុណ្យ​ភ្ជុំបិណ្ឌ​ ​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍?

ទិដ្ឋភាព​ទូទៅ​នៃ​ចរាចរណ៍​នៅ​ក្នុង​ក្រុងភ្នំពេញ។
ទិដ្ឋភាព​ទូទៅ​នៃ​ចរាចរណ៍​នៅ​ក្នុង​ក្រុងភ្នំពេញ។ @Troll Page
1 នាទី

គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​មហន្តរាយ​ទី១​ ដែល​បណ្តាល​ឱ្យ​មាន​អ្នក​សា្លប់​ច្រើន​ជាង​គេ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ៦០% នៃ​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ការ​បើកប​លើស​ល្បឿន​កំណត់​និង​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង។ ហើយ​អ្វី​ដែល​ជា​ការ​កត់​សម្គាល់​គឺ ឱ្យ​តែ​ដល់​បុណ្យ​ជាតិ​ម្តងៗ ចំនួន​នៃ​អ្នក​ស្លាប់​នៅ​លើ​ទ្រូង​ផ្លូវ​មាន​ការ​កើន​ឡើង។ ហេតុ​ដូចនេះ​ហើយ​ឆ្លៀត​នៅ​ក្នុង​ពិធី​បុណ្រ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ នគរបាល​ចរាចរ​ប្រកាស​ដាក់​ចេញ​នៅ​គោល​ដៅ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ ក៏​ដូចជា​គោល​ដៅ​ត្រួត​ពិនិត្យ និង​ផាក​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ ដល់​អ្នក​បើកបរ ដែល​មិន​គោរព​ច្បាប់។អត្ថបទដោយ ប៉ុន សោភ័ណ៖

ផ្សាយពាណិជ្ជកម្ម

ចាប់​តាំង​តែ​ពី​ថ្ងៃ​ទី ១៧ ខែកញ្ញា មក​ទល់​នឹង​ថ្ងៃ​នេះ អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​នៅ​តាម​គោល​ដៅ​សំខាន់​ៗ​មួយ​ចំនួន​ដូចជា​ នៅ​តាម​គោលដៅ​ដើម​ទី និង​នៅ​តាម​រាជធានី​ខេត្ត​នានា ដើម្បី​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ម្ចាស់​រថយន្ដ​ឈ្នួល និង​អ្នក​បើកបរ​ទាំង​អស់​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។ អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ក៏​បាន​រៀប​ចំ​ក្រុម​ត្រួត​ពិនិត្យ​ជា​ប្រចាំ​នៅ​គ្រប់​ផ្លូវ​ជាតិ​ទាំង​អស់ ដើម្បី​រឹត​បន្តឹង​ និង​ដាក់​វិន័យ​ដល់​អ្នក​បើកបរ ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍។ លើស​ពី​នេះ ការ​ចុះ​អប់រំ​ផ្សព្វផ្សាយ​នៅ​តាម​ចំណត​រថយន្ដ​ធំ​ៗ​ក្នុង​រាជធានី​ភ្នំពេញ​ក៏​ជា​គោល​ដៅ​សំខាន់​មួយ​របស់​អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ផង​ដែរ។  

ជាក់​សែ្តង​មក​ទល់​នឹង​ថ្ងៃ​នេះ មន្រ្តី​ជាន់​ខ្ពស់​នៃ​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ បាន​ចុះ​ទៅ​ដល់​គោល​ដៅ​ធំ​ៗ​ចំនួន​៤ រួម​មាន​ចំណត​រថយន្ត នៅ​ផ្សារ​ថ្មី ផ្សារ​សូរិយា ផ្សារ​អូឬស្សី និង​ផ្សារ​ដើមគរ។ នេះ​បើ​តាម ឧត្តម​សេនីយ៍​ទោ ទី ឡុង ប្រាប់​វិទ្យុ​បារាំ​ងអន្តរជាតិ។

ចំពោះ​ចំណាត់​ការ​ខាង​លើ ត្រូវ​បាន លោក អ៊ា ចរិយា មន្ត្រី​ជំនាញ​នៅ​វិទ្យាស្ថាន​សុវត្តិភាព​ចរាចរណ៍​មើល​ឃើញ​ថា ជា​ការ​ល្អ។ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៦​មក រដ្ឋាភិបាល​មាន​ការ​ចូលរួម​បាន​ល្អ​ប្រសើរ និង​មាន​ភាព​រីក​ចម្រើន​ជាង​ឆ្នាំ​មុន។ ប៉ុន្តែ​លោក​សូម​ជំរុញ​ឱ្យ​មន្រ្ដី​នគរបាល ចរាចរ​ពង្រឹង​ការ​អនុវត្ដ​ច្បាប់ និង​បង្កើន​ការ​ត្រួត​ពិនិត្យ​លើ​ការ​បើកបរ​លើស​ល្បឿន​កំណត់ ឱ្យ​បាន​ពេញ​លេញ ទៀង​ទាត់ និង​ម៉ឺងម៉ាត់​បំផុត​ ដើម្បី​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​នៅ​លើ​ដង​ផ្លូវ​ថ្នល់។

គួរជម្រាបជូនថា ​កាល​ពី​ឆ្នាំ​២០១៥ អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន ៤៨​នាក់ និង​របួស​ ១៣០​នាក់ គិត​ក្នុង​រយៈ​ពេល​ ៥​ថ្ងៃ មុន​និង​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ