ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ល្បឿន​ជា​ហេតុ​ផល គួរ​យក​ចិត្ត​ទុក​ដាក់​មុន​គេ​ ដើម្បី​កាត់​បន្ថយ​ការ​ស្លាប់​និង​របួស

សំឡេង ០៤:៥៦
នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។
នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។ @siv channa

ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​គឺ​ជា​ការ​ចាំបាច់ ហើយ​គួរ​តែ​ចាប់​ផ្តើម​ជា​យូរ​មក​ហើយ​ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ស្លាប់​ និង​របួស​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ។ គេ​អាច​និយាយ​បាន​ថា​ ជា​ការ​យឺត​ពេល​បន្តិច​ក្នុង​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា បើ​ប្រៀប​ធៀប​ទៅ​សន្តិភាព​ដែល​ប្រទេស​នេះ​ទទួល​បាន។ ក៏​ប៉ុន្តែ​មិន​ថ្វី​ទេ សម្រាប់​ពេល​នេះ​គេ​គួរ​តែ​រឹត​បន្តឹង​ចំណុច​ជា​អត្ថិភាព​មុន​គេ ដែល​នាំ​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​មិន​ថម​ថយ​នោះ​ ដូចជា​ការ​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​ល្បឿន និង​បើក​បរ​មាន​ជាតិ​អាល់​កុល​ជា​ដើម។

ផ្សាយពាណិជ្ជកម្ម

ជា​ការ​ពិត គេ​មិន​អាច​ធ្វើ​ការ​សន្និដ្ឋាន​ដោយ​ប្រញ៉ាប់​ប្រញ៉ាល់​ពេក​ទេ ចំពោះ​ការ​រឹត​បន្តឹង​កា​រអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ដែល​មក​ទល់​ពេល​នេះ មិន​ទាន់​បាន​១​ខែ​ផង​នោះ។ ក៏​ប៉ុន្តែ​គេ​អាច​កត់​សម្គាល់​បាន​ខ្លះ​ៗ​ពី​ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​នេះ ដោយសារ​ចំណុច​សំខាន់​ៗ ដែល​ជា​ដើម​ចម​នៃ​កំណើន​គ្រោះថ្នាក់​ចរាចរណ៍ ហាក់​ដូចជា​មិន​ត្រូវ​បាន​ពង្រឹង​ជា​អត្ថិភាព។ ចំណុច​ទាំង​នោះ​គឺ​ការ​បើក​បរ​ហួស​ល្បឿន​កំណត់ និង​បើក​បរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង។

តាម​ការ​កត់​សម្គាល់​ប្រមាណ​ជា​១​សប្តាហ៍​ចុង​ក្រោយ​នេះ ឃើញ​ថា​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើត​ឡើង​ភាគ​ច្រើន​គឺ​ការ​ប្រើប្រាស់​ល្បឿន។ គ្រោះថ្នាក់​ដោយ​ជាប់​ទាក់​ទង​ទៅ​នឹង​គ្រឿង​ស្រវឹង និង​ការ​វ៉ា ជែង​ប្រកប​គ្រោះថ្នាក់​ក៏​បាន​កើត​ឡើង​ច្រើន​ដែរ​ក្នុង​ចំណោម​​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​មួយ​ថ្ងៃៗ។ អ្វី​ដែល​ជា​ការ​កត់​សម្គាល់​គ្រោះថ្នាក់​ចរាចរណ៍​ស្ទើរ​តែ​៧០​ទៅ​៨០​ភាគរយ បាន​កើត​ឡើង​នៅ​ពេល​យប់ ក្នុង​នោះ​មាន​មនុស្ស​ក្នុង​រង្វង់​ពី​៤​ទៅ​៥​នាក់​ជា​មធ្យម​បាន​ស្លាប់​ក្នុង​មួយ​ថ្ងៃ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ នេះ​បើ​មើល​ទៅ​លើ​របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍​ចាប់​ពី​ថ្ងៃ​ទី​១២​ ដល់​ថ្ងៃ​ទី​១៨ មករា កន្លង​ទៅ​នេះ។

ងាក​ទៅ​មើល​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​វិញ ​ដែល​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​១​មករា ឆ្នាំ​២០១៦​មក មន្ត្រី​ប៉ូលិស​ចរាចរណ៍​មិន​បាន​ផ្តោត​ទៅ​លើ​ចំណុច​សំខាន់​ទាំង​អស់​នោះ​ទេ គឺ​អនុវត្ត​ជា​ទូទៅ​ដូច​អ្វី​ដែល​បាន​ចែង​នៅ​ក្នុង​ច្បាប់ លើក​លែង​តែ​ករណី​ខ្លះ​ប៉ុណ្ណោះ​ ដែល​មាន​ការ​តវ៉ា ហើយ​ត្រូវ​ពន្យា​ពេល។

ជា​ការ​ពិត​ការ​អនុវត្ត​ច្បាប់ មន្ត្រី​អនុវត្ត​តែង​ប្រតិបត្តិ​គ្រប់​ចំណុច​ស្មើ​ៗ​គ្នា ដោយ​មិន​ឃើញ​មាន​ការ​រឹត​បន្តឹង​ឲ្យ​ចំ​គោល​ដៅ​ចំបង ដែល​បណ្តាល​ឲ្យ​តួលេខ​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ហើម​ប៉ោង​នោះ។ ក៏​ប៉ុន្តែ​ធ្វើ​ដូច្នេះ គេ​អាច​មើល​ឃើញ​ថា​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នឹង​មិន​បាន​ជោគជ័យ​ទេ​លើ​ចំណុច​អ្នក​ស្លាប់​នេះ ដោយសារ​កន្លង​មក​គោល​ដៅ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បាន​៥​ភាគរយ​ក្នុង​មួយ​ឆ្នាំ​បាន​បរាជ័យ​រួច​ហើយ សម្រាប់​គោល​ដៅ​រួម​រយៈពេល​១០​ឆ្នាំ។

ដូច្នេះ​ការ​ត្រួត​ពិនិត្យ​ល្បឿន​នៅ​តាម​ដង​ផ្លូវ អាច​និយាយ​បាន​ថា​ជា​ការងារ​ចាំបាច់​ជាង​គេ​នៅ​ក្នុង​យុទ្ធនាការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍។ ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ ក៏​ត្រូវ​ពិនិត្យ​មើល​ដោយ​យក​ចិត្ត​ទុក​ដាក់​ដែរ។

ក៏​ប៉ុន្តែ​ដើម្បី​អនុវត្ត​ការ​ត្រួត​ពិនិត្យ​ការ​ប្រើប្រាស់​ល្បឿន​នេះ ឲ្យ​បាន​ពេញលេញ គប្បី​មាន​ឧបករណ៍​ត្រួត​ពិនិត្យ​ល្បឿន​ឲ្យ​បាន​គ្រប់​គ្រាន់ ជា​ពិសេស​តាម​ផ្លូវ​ជាតិ​និង​ផ្លូវ​ខេត្ត។ ផ្ទុយ​ទៅ​វិញ បច្ចុប្បន្ន ឧបករណ៍​ត្រួត​ពិនិត្យ​ល្បឿន​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ ពោល​គឺ​ខេត្ត​ខ្លះ​មាន​មួយ​គ្រឿង ហើយ​ខេត្ត​ខ្លះ​មិន​ទាន់​មាន​នៅ​ឡើយ ខណៈ​ដែល​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្តើម​ អនុវត្ត​រឹត​បន្តឹង​ការ​គោរព​ច្បាប់​ជិត​មួយ​ខែ​ទៅ​ហើយ។

រីឯ​ឥរិយាបទ​អ្នក​បើកបរ​ក៏​ត្រូវ​បាន​កត់​សម្គាល់​ថា​នៅ​តែ​ជា​បញ្ហា​នៅ​ឡើយ។ នៅ​ពេល​ដែល​ អ្នក​បើកបរ​មួយ​ចំនួន​មិន​ព្រម​បោះបង់​ឥរិយាបទ​ដែល​ជា​ទំលាប់​អាក្រក់​ចោល​នោះ វា​អាច​ជះ​ឥទ្ធិពល​ដល់​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផង​ដែរ។ ជះ​ឥទ្ធិពល​ដោយសារ​ទម្លាប់​អាក្រក់​របស់​ពួក​គេ​ដែរ មហាជន​សម្គាល់​ឃើញ​ថា ជា​ក្រុម​អ្នក​អាង​បុណ្យ​សក្តិ និង​អាង​ធនធាន​មួយ​ក្តាប់​នោះ ​នឹង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដដែល។

ហើយ​ទម្លាប់​ដែល​ពួក​គេ​ធ្វើ​ដោយ​មិន​ខ្វល់​នឹង​ច្បាប់​ និង​បំពាន​ទៅ​លើ​អ្នក​ប្រើប្រាស់​ផ្លូវ​ដទៃ​ទៀត​នោះ គឺ​ការ​វ៉ា​ខាង​ស្តាំ ការ​ជែង​ក្នុង​ស្ថានភាព​ចរាចរណ៍​ចង្អៀត ការ​ឡើង​ជា​ច្រើន​ជួរ​ឈ្មុល​ទៅ​មុខ​ ដោយ​មិន​មាន​ការ​យោគយល់ ធ្វើ​ឲ្យ​ការ​កក​ស្ទះ​ចរាចរណ៍​តិច​តួច​ក្លាយ​ទៅ​ជា​រើ​ខ្លួន​មិន​រួច ការ​បើក​ភ្លើង​ហ្វារ​របស់​រថយន្ត​ទំនើប​រំខាន​ការ​ធ្វើ​ដំណើរ​បញ្ច្រាស់​ទិស​គ្នា​នៅ​ពេល​យប់​ឬ​ស៊ី​ផ្លេ​សន្ធាប់​ទៅ​លើ​អ្នក​ធ្វើ​ដំណើរ​ឯទៀត ដែល​ជា​ពលរដ្ឋ​ធម្មតា​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ជា​ដើម។

ទន្ទឹម​គ្នា​នេះ​ដែរ អាជ្ញាធរ​ពាក់​ព័ន្ធ​ក្នុង​នោះ​មាន​ក្រសួង​សាធារណៈ​ការ ក៏​ត្រូវ​ពន្លឿន​ខ្លួន​ឯង​ដែរ​ពី​ការ​បំពេញ​កង្វះ​ខាត ក្នុង​នោះ​ការ​បំពាក់​ផ្លាក​សញ្ញា​ចរាចរណ៍ ការ​ដាក់​ចំណាំង​ផ្លាត​ឲ្យ​បាន​ គ្រប់គ្រាន់ កែ​លម្អ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ ដែល​បាន​ខូចខាត ដោយសារ​រថយន្ត​ដឹក​ទំនិញ​ធ្ងន់​ៗ​នា​រដូវ​វស្សា​កន្លង​មក។ល។

ទាំង​អស់​នេះ​ជា​ការ​រួម​ចំណែក​មួយ​ក្នុង​ការ​ជួយ​ឲ្យ​កំណើន​គ្រោះថ្នាក់​ចរាចរណ៍​ និង​កំណើន​មនុស្ស​ស្លាប់ ដោយសារ​ចរាចរណ៍​មាន​ការ​ថយ​ចុះ​ដែរ។ សូម​បញ្ជាក់​ថា​ជា​ច្រើន​ឆ្នាំ​កន្លង​មក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​បាន​សម្លាប់​មនុស្ស​ជា​មធ្យម​ក្នុង​រង្វង់​៦​នាក់​ក្នុង​មួយ​ថ្ងៃ។ គឺ​ច្រើន​ជាង​គ្រោះថ្នាក់​ដោយសារ​ជំងឺ​អេដស៍​និង​ដោយសារ​គ្រាប់​ម៉ីន​ទៅ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI