ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​ស្លាប់​និង​របួស​របស់​កម្មករ​តាម​រយៈ​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្ត​បន្ទាប់​បង្ហាញ​ពី​តម្រូវ​ការ​ច្បាប់​ចរាចរណ៍

សំឡេង ០៥:៣៦
នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​និង ​ពិន័យ​យានយន្ត​គ្រប់​ប្រភេទ នា​ពេល​ថ្មី​ៗ​នេះ។
នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​និង ​ពិន័យ​យានយន្ត​គ្រប់​ប្រភេទ នា​ពេល​ថ្មី​ៗ​នេះ។ @siv channa

ច្បាប់​ចរាចរណ៍​កម្ពុជា​ត្រូវ​បាន​តាក់​តែង​ឡើង មិន​ខុស​គ្នា​ពី​ច្បាប់​ចរាចរណ៍​នៅ​ប្រទេស​ដទៃ​នោះ​ទេ។ អ្វី​ដែល​ខុស​គ្នា​ គឺ​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​បរិបថ​សង្គម​កម្ពុជា​ពេល​នេះ មាន​ការ​ប្រទាំង​ប្រទិស​លើ​មាត្រា​មួយ​ចំនួន ដែល​ជាក់​ស្តែង​ច្បាប់​ដែល​មាន​ចរិ​កចាប់​បង្ខំ​មិន​អាច​ធ្វើ​ទៅ​តាម​និយមន័យ​នេះ​បាន។ មិន​បាន​ដោយសារ​ប្រជាជន​កម្ពុជា​ដែល​ជា​អ្នក​រស់នៅ​ក្រោម​បន្ទាត់​ច្បាប់​ត្រៀម​លក្ខណៈ​មិន​ទាន់ និង​មាន​ការ​ពិបាក​ផ្លាស់​ប្តូរ​ទម្លាប់។

ផ្សាយពាណិជ្ជកម្ម

«ប្រទេស​មាន​ច្បាប់ ផ្ទះ​មាន​ម្ចាស់» វា​ជា​ក្រិត្យ​ក្រុម​ដែល​ពិភព​លោក​ទាំង​មូល​នាំ​គ្នា​អនុវត្ត​តាម​បើ​ពុំ​ដូច្នោះ​ទេ នោះ​ភាព​រញ៉េរញ៉ៃ បាត់បង់​សណ្តាប់​ធ្នាប់​នឹង​កើត​មាន​ជាក់​ជា​មិន​ខាន។ មើល​មក​ប្រទេស​កម្ពុជា ជា​លើក​ដំបូង​ហើយ​បន្ទាប់​ពី​ច្រើន​ទសវត្ស ដែល​ការ​អនុវត្ត​ច្បាប់​ទទួល​រង​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​ជា​ទូទៅ គឺ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍។ ច្បាប់​ដែល​គេ​រំពឹង​ថា​អាច​ជួយ​កាត់​បន្ថយ​ការ​ស្លាប់​របស់​មនុស្ស​ខ្មែរ ឲ្យ​មក​នៅ​ត្រឹម​កំរិត​ទាប​ណា​មួយ ហើយ​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​១​មករា​កន្លង​ទៅ​នេះ។

ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា​ពេល​នេះ ជា​សញ្ញា​អបអរ​សាទរ​មួយ ដែល​ថា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ​ចាប់​ផ្តើម​នាំ​ផ្លូវ​មនុស្ស​ទៅ​រក​ភាព​ត្រឹមត្រូវ​នៅ​តាម​ដង​ផ្លូវ។ ទន្ទឹម​នឹង​នេះ​វា​ជា​សញ្ញា​អវិជ្ជមាន​ផង​ដែរ ដែល​ច្បាប់​នេះ​គ្រាន់​តែ​ដាក់​ឲ្យ​អនុវត្ត​ទៅ​មិន​ដល់​មួយ​សប្តាហ៍​​ផង​មាន​ប្រតិកម្ម​ព្រោង​ព្រៀត ជ្រួល​ច្របល់​មិន​ដែល​ធ្លាប់​ឃើញ។

តាម​ពិត​ការ​ធ្វើ​ច្បាប់​មិន​មែន​ដើម្បី​គាប​សង្កត់​ឬ​ធ្វើ​បាប​ប្រជាពលរដ្ឋ​នោះ​ទេ ដោយសារ​ទីមួយ​អ្នក​ធ្វើ​ច្បាប់​សុទ្ធ​សឹង​ជា​បុគ្គល​ដែល​កើត​ចេញ​ពី​ប្រជាពលរដ្ឋ ជា​អ្នក​ផ្តល់​ទំនុក​ចិត្ត តាម​រយៈ​ការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ។ ហើយ​ច្បាប់​នីមួយ​ៗ​ដែល​បាន​សរសេរ​ឡើង និង​បាន​ឆ្លង​កាត់​ជា​ច្រើន​ដំណាក់​កាល​សុទ្ធ​តែ​បាន​ផ្អែក​ទៅ​លើ​ស្ថានភាព​ជាក់ស្តែង​នៅ​ប្រទេស​កម្ពុជា​និង​ការ​សំយោគ​ពី​ច្បាប់​នានា​ពី​បរទេស​ផង​ដែរ។ ពោល​គឺ​ជំពូក​ឬ​មាត្រា​នានា​នៅ​ក្នុង​ច្បាប់​ចរាចរណ៍​ខ្មែរ​មិន​មាន​អ្វី​ប្លែក​ពី​ប្រទេស​គេ​នោះ​ទេ ហើយ​មាន​ចំណុច​ខ្លះ​មាន​លក្ខណៈ ខ្សោយ​ឬ​មិន​សូវ​តឹង​តែង​ជាង​ប្រទេស​គេ​ទៅ​ទៀត។ ច្បាប់​ចរាចរណ៍​ក៏​ជា​ស្នូរ​ជួង​បន្លឺ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​មិន​ដែល​​ខ្វល់​រឿង​ច្បាប់​ទំលាប់​សោះ​កន្លង​មក បែរជា​ចាប់​អារម្មណ៍​និង​ទៅ​រក​ច្បាប់​ជា​បន្ត​បន្ទាប់។

ក៏​ប៉ុន្តែ​ហេតុអ្វី​បានជា​មាន​ភាព​ចំរូង​ចំរាស់​នៅ​ពេល​អនុវត្ត​ច្បាប់​ចរាចរណ៍​យ៉ាង​នេះ? គេ​អាច​និយាយ​ថា​ប្រជាជន​ខ្មែរ​មិន​ធ្លាប់​មាន​ទំលាប់​គោរព​ច្បាប់​កន្លង​មក​ដែល​មាន​ភាព​ម៉ត់ចត់​ដូចជា​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​ពេល​នេះ។ ការ​គោរព​ច្បាប់​និង​ការ​អនុវត្ត​ច្បាប់​របៀប​ប្រលេម​ប្រឡំ​កន្លង​មក​សឹង​តែ​ក្លាយ​ជា​សភាវកតិ​ទៅ​ហើយ ដែល​ស្ទើរ​តែ​មិន​អាច​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​បាន។ លទ្ធផល​នៃ​ការ​អនុវត្ត​ច្បាប់​ដោយ​មិន​ច្បាស់​លាស់ បាន​ធ្វើ​ឲ្យ​ស្ថិតិ​នៃ​ការ​ស្លាប់​ដោយសារ​ចរាចរណ៍​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ក្នុង​រង្វង់​៦​នាក់​នោះ មិន​អាច​ថយ​ចុះ​បាន។

ឧទាហណ៍​ជាក់​ស្តែង នៅ​តែ​បង្ហាញ​ឥត​ដាច់​គឺ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​កម្មករ​ចំនួន​៤​នាក់​បាន​ស្លាប់​និង​រាប់​សិប​នាក់​ទៀត​រង​របួស​ដោយសារ​តែ​ការ​បើកបរ​ជែង​គ្នា​មិន​គោរព​ច្បាប់​នៅ​ខេត្ត​កំពង់​ស្ពឺ។ អ្វី​ដែល​ជា​កំហុស​ឆ្គង​នឹង​ច្បាប់​ចរាចរណ៍​នោះ​គឺ​ការ​យក​រថយន្ត​ដឹក​ទំនិញ​ទៅ​ដឹក​មនុស្ស​យ៉ាង​ពេញ​ណែន ឈរ​ប្រតោង​គ្នា យោលយោក​ដូច​ទោង។ ស្ថានភាព​នេះ​គ្រោះ​ថ្នាក់​ណាស់ វា​នឹង​កើត​មាន​បន្ត​ទៀត ប្រសិន​បើ​ទាំង​អ្នក​បើកបរ ទាំង​កម្មករ​កាត់​ដេរ​មិន​នាំ​គ្នា​រត់​ទៅ​រក​ច្បាប់ ហើយ​ច្បាប់​មិន​រត់​ទៅ​រក​ពួកគេ និង​ចាប់​បង្ខំ​ពួកគេ​ឲ្យ​គោរព។

ការ​ដែល​មាន​ច្បាប់​មួយ​រួម​មាន​១២​ជំពូក​និង​ជិត​១០០​មាត្រា​នោះ មាន​អ្វី​មិន​ល្អ។ ក៏​ប៉ុន្តែ​បរិបទ​ប្រទេស​កម្ពុជា​ពេល​នេះ ចំណុច​មួយ​ចំនួន​ពិត​ជា​មិន​អាច​ទទួល​យក​បាន​ដោយ​បង្ខំ​នោះ​ទេ។  មិន​អាច​ទទួល​យក​បាន​ដោយ​សំដៅ​ទៅ​លើ​មាត្រា​មួយ​ចំនួន ទាក់ទង​ទៅ​នឹង​ការ​ផាក​ពិន័យ​ច្រើន​ៗ ខណៈ​ដែល​ប្រជាជន​ជា​ច្រើន​នៅ​មាន​ជីវភាព​ក្រីក្រ​នៅ​ឡើយ។

នៅ​ពេល​ដែល​ពួកគេ​រៀបចំ​ខ្លួន​បំពេញ​ឲ្យ​គ្រប់​លក្ខណៈ​សម្បត្តិ​ទាំង​មនុស្ស​ទាំង​យានយន្ត​ ឃើញ​ថា​វា​ជា​ពេល​វេលា​ ដែល​ជន​ឱកាស​និយម​មួយ​ចំនួន​កាប់​ដូច​សាច់​នៅ​លើ​ជ្រុញ​ដូច្នោះ​ដែរ។ ជាក់​ស្តែង ការ​ធ្វើ​ប័ណ្ណ​បើកបរ ការ​កាត់​ឈ្មោះ​យានយន្ត​ជា​ច្រើន​តំណរ​មក​ម្ចាស់​បច្ចុប្បន្ន​ ការ​ប្រជ្រៀត​គ្នា​យក​រថយន្ត​ទៅ​ឆៀក។ល។និង។ល។ បើ​កុំ​តែ​ប្រមុខ​រដ្ឋាភិបាល​មាន​ការ​យោគ​យល់​ទាន់​ពេល​វេលា ម្ល៉េះ​សម គ្រប់​គ្នា​ត្រូវ​ឡើង​ទៅ​លើ​ជ្រុញ​មែន​ទែន​ហើយ។

ទោះ​យ៉ាង​នេះ​ក្តី រដ្ឋ​ត្រូវ​ទទួល​ស្គាល់​ថា​ទាំង​នេះ​ជា​ចំណុច​ខ្សោយ​មួយ​ដែល​ត្រូវ​ពិចារណា​ឡើង​វិញ ដោយហេតុ​ថា មុន​ដំបូង​បំផុត​ត្រូវ​តែ​មាន​ការ​ផ្សព្វផ្សាយ​ច្បាប់​នេះ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ដឹង​ច្រើន​គ្នា​សិន។ ការ​ផ្សព្វផ្សាយ​ដោយ​លំ​ៗ ដោយ​មិន​ទទួល​បាន​ចំលើយ​ពី​ប្រជាជន​​ពី​កំរិត​និង​បរិមាណ​យល់​ដឹង​ពី​ច្បាប់ ហើយ​អនុវត្ត​បែប​នេះ​ពិត​ជា​មិន​អាច​ធ្វើ​ទៅ​បាន​ទេ។

ដូច្នេះ​អាជ្ញាធរ​រដ្ឋាភិបាល​គួរ​តែ​ធ្វើ​ច្បាប់​ផង អនុវត្ត​ច្បាប់​ខ្លួន​ឯង​ជា​គំរូ​គេ ដោយ​មិន​ប្រកាន់​បក្ស​ពួក អ្នក​ធំ អ្នក​មាន និង​ស្វែង​យល់​ពី​ការ​អនុវត្ត​ចំណុច​១​ចំនួន​ដែល​ជា​គំនាប​លើ​ប្រជាជន​ អ្នក​គោរព​ច្បាប់។ ការ​ផ្តល់​ឱកាស​អន្តរកាល​មួយ​របស់​រដ្ឋាភិបាល និង​ដក​ឃ្លា​ទៅ​ធ្វើ​វិសោធនកម្ម​មាត្រា​ខ្លះ​នៃ​ច្បាប់​ចរាចរណ៍ វា​ជា​ការ​ល្អ។ ក៏​ប៉ុន្តែ​បើ​ធ្វើ​បែប​នេះ​គ្រប់​តែ​ច្បាប់​វា​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​តំលៃ​និងកិត្យានុភាព​នៃ​ច្បាប់ ដែល​អ្នក​ធ្វើ​ច្បាប់​ប្រជុំ​ដោយ បញ្ញវន្ត បណ្ឌិត អត្ថកោវិទ និង​អ្នក​ជំនាញ​ចំណាន​ៗ។

លើស​ពី​នេះ ច្បាប់​ចរាចរណ៍ ក៏​ជា​មេរៀន​មួយ​ដែរ សម្រាប់​អ្នក​ធ្វើ​ច្បាប់ ក្នុង​ការ​ពិចារណា​ការ​ធ្វើ​ច្បាប់​ក្រោយ​ៗ​ទៀត ដោយ​គេ​មិន​អាច​ធ្វើ​ច្បាប់​មួយ​តំណាង​ឲ្យ​ជាតិ​ទាំង​មូល​ប្រជុំ​ដោយ​បញ្ញវន្ត ហើយ​ចាត់​ទុក​ជា​បទ​ពិសោធន៍​បាន​ទេ នៅ​ពេល​ដែល​អនុវត្ត​ភ្លាម លុប​ចោល​ភ្លែត​នូវ​ចំណុច​មួយ​ចំនួន​ដូចជា​ច្បាប់​ចរាចរណ៍​នេះ​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI