សហចៅក្រមខ្មែរនិងបរទេស ប្រទាញប្រទង់គ្នា លើករណី អោ អាន
ចុះផ្សាយនៅថ្ងៃ៖
សហចៅក្រមស៊ើបអង្កេត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានចេញដីកាដំណោះស្រាយពីរដាច់ដោយឡែកពីគ្នា ក្នុងសំណុំរឿងប្រឆាំង អោ អាន ដោយយោងតាមកំណត់ត្រាខ្វែងយោបល់គ្នាអំពីថាតើ អោ អាន ស្ថិតនៅក្នុងយុត្តាធិការបុគ្គលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ជាមេដឹកនាំជាន់ខ្ពស់ ឬជាបុគ្គលម្នាក់ក្នុងចំណោមអ្នកទទួលខុសត្រូវខ្ពស់បំផុតឬក៏ទេ។ ការខ្វែងគំនិតគ្នារវាងសហចៅក្រមស៊ើបអង្កេតខ្មែរ និងបរទេសបែបនេះ ខុសពីករណីលោកស្រី អ៊ឹម ចែម ដែលសហចៅក្រមស៊ើបអង្កេតមានយោបល់តែមួយ។
សហចៅក្រមស៊ើបអង្កេតជាតិ បានពិចារណាឃើញថា អោ អាន មិនស្ថិតនៅក្រោមយុត្តាធិការបុគ្គលរបស់ អ.វ.ត.ក ទាំងពីរប្រភេទ គឺជាមេដឹកនាំជាន់ខ្ពស់ ឬជាបុគ្គលម្នាក់ក្នុងចំណោមអ្នកទទួលខុស ត្រូវខ្ពស់បំផុត ហើយសហចៅក្រោមស៊ើបអង្គេតជាតិសំអាងលើហេតុផលនេះ លើកលែងចោទប្រកាន់លើ អោ អាន។ តាមសេចក្តីប្រកាសរបស់សាលាក្តីខ្មែរក្រម សហចៅក្រមស៊ើបអង្កេតជាតិ បានពិចារណា ពីការចូលរួមរបស់ អោ អាន និងភាពធ្ងន់ធ្ងរនៃការប្រព្រឹត្តបទល្មើស ព្រមទាំងកត្តាជាច្រើនទៀត ដូចជាខ្លឹមសារនៃកិច្ចព្រមព្រៀង និង ច្បាប់ ស្តីពី អ.វ.ត.ក ព្រមទាំង ចេតនានៃភាគីបង្កើតកិច្ចព្រមព្រៀងនិងច្បាប់នេះ។
ផ្ទុយទៅវិញ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ យល់ឃើញថា អោ អាន ស្ថិតនៅក្រោមយុត្តាធិការបុគ្គលរបស់ អ.វ.ត.ក ដែលជាបុគ្គលម្នាក់ក្នុងចំណោមអ្នកទទួលខុសត្រូវខ្ពស់បំផុត ហើយមានភស្តុតាងគ្រាប់គ្រាន់ចោទប្រកាន់ ប្រឆាំងគាត់ពីបទប្រល័យពូជសាសន៍ជនជាតិចាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក៏ដូចជាបទល្មើសឧក្រិដ្ឋ ផ្សេងទៀតដែលស្ថិតក្រោមច្បាប់កម្ពុជា។
សូមបញ្ជាក់ថា សំណុំរឿង០០៤នេះ មានជនសង្ស័យចំនួន៣រូប គឺ អ៊ឹម ចែម យឹម ទិត្យ និងអោ អាន។ ក៏ប៉ុន្តែអ្នកស្រី អ៊ឹម ចែម ត្រូវបានអង្គបុរេជំនុំជម្រះ សាលាក្តីខ្មែរក្រហម សម្រេចជាឯកច្ឆ័ន្ទ កាលពីខែមិថុនាឆ្នាំ២០១៨ ដោយលើកលែងការចោទប្រកាន់លើរូបគាត់។ ដោយឡែក ករណី យឹម ទិត្យ ចៅក្រមស៊ើបអង្កេតបានបិទសំណុំរឿងស៊ើបអង្កេតរួចហើយ ហើយនឹងចេញដីការដំណោះស្រាយជាបន្តបន្ទាប់ក្នុងពេលខាងមុខនេះ។
សូមរំលឹកដែរថា អោ អាន កាលពីថ្ងៃទី១៤ខែមីនាឆ្នាំ២០១៧ ត្រូវសហចៅក្រមស៊ើបអង្កេតអន្តរជាតិដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទឧក្រិដ្ឋមួយចំនួន ដូចជាអំពើប្រល័យពូជសាសន៍លើជនជាតិចាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការរំលោភលើក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ១៩៥៦ រួមមានមនុស្សឃាតដោយចេតនា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ