កម្លាំងប្រដាប់អាវុធចាប់ផ្តើមចល័តនៅព្រំដែនថៃ មុនពេលក្រុម លោក សម រង្ស៊ី មកដល់
ដូចការគ្រោងទុក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវបានបញ្ជាឲ្យធ្វើការចល័តនៅព្រឹកថ្ងៃសុក្រនេះ នៅក្នុងខេត្តបន្ទាយមានជ័យជាប់ព្រំដែនកម្ពុជា-ថៃ ក្រោមហេតុផលដើម្បីហ្វឹកហាត់ការពារសន្តិសុខនិងសណ្តាប់ធ្នាប់។ ការបញ្ចេញកងកម្លាំងបំពាក់ដោយអាវុធគ្រប់ដៃ និងគ្រប់ធនបែបនេះ គឺមុន៨ថ្ងៃ ដែលលោក សម រង្ស៊ី ប្រកាសថានឹងនាំពលករខ្មែរនៅប្រទេសថៃរាប់ម៉ឺននាក់អមដំណើរលោកវិលចូលកម្ពុជាវិញនៅថ្ងៃ៩វិច្ឆិកាតាមច្រកព្រំដែនថៃ។
ចុះផ្សាយនៅថ្ងៃ៖
កម្លាំងប្រដាប់អាវុធដែលត្រូវបានបញ្ជាឲ្យធ្វើការចល័តនៅពេលនេះ គឺទាំង កងទ័ព កងរាជអាវុធហត្ថ និងនគរបាលដែលសុទ្ធតែបំពាក់ទៅដោយអាវុធគ្រប់ដៃ និងគ្រប់ធន់ រួមទាំងរថគ្រោះទៀតផង។
បើតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ការបញ្ចេញកងកម្លាំងប្រដាប់អាវុធនៅថ្ងៃទី០១ ខែវិច្ឆិកានេះ គឺចេញពីទីបញ្ជាការដ្ឋានទិសទី១ និងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ឆ្ពោះទៅតម្រង់ជួរនៅស្នងការដ្ឋាននគរបាលខេត្ត ក្រោមវត្តមាន លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ រាត្រី បានអះអាងថា នេះគឺជាការហ្វឹកហាត់រួមគ្នា ជាការបង្ហាញថា កងកម្លាំងទាំងអស់មានសាមគ្គីភាព និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារសន្តិសុខផ្ទៃក្នុង និងការពារព្រំដែន។
ទោះជាយ៉ាងណាក៏ដោយ ការបញ្ចេញកងកម្លាំងបំពាក់ដោយអាវុធគ្រប់ដៃ និងគ្រប់ធន់បែបនេះ គឺធ្វើឡើងតែជាងមួយសប្តាហ៍ប៉ុណ្ណោះ ដែលលោក សម រង្ស៊ី ប្រកាសថានឹងនាំពលករខ្មែរនៅប្រទេសថៃរាប់ម៉ឺននាក់អមដំណើរលោកវិលចូលកម្ពុជាវិញនៅថ្ងៃ៩វិច្ឆិកាតាមច្រកព្រំដែនថៃ។
តាំងពីថ្ងៃទី២៥ខែតុលាមកម្ល៉េះ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក៏មានការដាក់ពង្រាយកម្លាំងប្រដាប់អាវុធឈរជាជួរពុះចែកទ្រូងផ្លូវជាពីរចំណែក ដើម្បីត្រួតពិនិត្យការចេញចូលរបស់អ្នកដំណើរនៅច្រកទ្វារអន្តរជាតិមួយនេះ។
ក៏ប៉ុន្តែមកដល់ថ្ងៃទី១វិច្ឆិកានេះ គេនៅមិនទាន់ប្រាកដទេថា តើអាជ្ញាធរថៃអនុញ្ញាតឲ្យក្រុម លោក សម រង្ស៊ី ចុះចតនៅប្រទេសនេះដើម្បីដឹកនាំពលករខ្មែរវិលមកម្ពុជាឬយ៉ាងណាទេ ខណៈមន្រ្តីបក្សប្រឆាំងអះអាងថា ខ្លួនកំពុងចរចាជាមួយភាគីថៃ។ ចំណែក លោក សម រង្ស៊ី ផ្ទាល់បានអះអាងថា ផែនការលំអិតនៃតម្រាយផ្លូវធ្វើដំណើររបស់លោកនឹងប្រកាសឲ្យដឹងនៅថ្ងៃទី៦វិច្ឆិកាខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ