កម្ពុជា-ច្បាប់

​តុលាការ​ក្រុង​ភ្នំពេញ​បើក​សវនាការ​សំណុំ​រឿង​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ីសេរី​

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់ គឺ​លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា​។ ប៉ុន្តែ​មក​ដល់​ពេល​នេះ តុលាការ​មិន​ទាន់​បាន​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ​។ យ៉ាង​ណា​ក៏​ដោយ មុន​បើក​សវនាការ​នៅ​ថ្ងៃ​នេះ អង្គ​ការ​អន្តរជាតិ​មួយ​ចំនួន​បាន​ចេញ​សេចក្តី​ថ្លែង​ការ​ទាម​ទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ ដើម្បី​ឱ្យ​ពួក​គេ​ទាំង​ពីរ​មាន​សេរីភាព​ពេញ​លេញ​ឡើង​វិញ​។ 

​លោក អួន ឈិន និង ​លោក ​យាង សុធារិន ហៅ ​យាង សុជាមេត្តា ​អតីត​អ្នក​សារព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី
​លោក អួន ឈិន និង ​លោក ​យាង សុធារិន ហៅ ​យាង សុជាមេត្តា ​អតីត​អ្នក​សារព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី @សហការី
ផ្សាយពាណិជ្ជកម្ម

សវនាការ​របស់​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ គឺ​បើក​ជំនុំ​ជម្រះ​លើ​បទ​ចោទ​ប្រកាន់​ទាំង​ពីរ​មក​លើ​លោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ ហៅ​យាង សុជាមេត្តា អតីត​អ្នក​កាសែត​របស់​វិទ្យុ​អាស៊ី​សេរី​។ បទ​ចោទ​ទីមួយ គឺបទ«ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍» និង បទ​ចោទ​ទីពីរ គឺ ​បទ«​ផលិត​និង​កាន់​កាប់​រូប​ភាព​អាស​អាភាស​»។ តាម​រយៈ​បទ​ចោទ​ប្រកាន់​ទាំង​ពីរ​នេះ លោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ ហៅ​យាង សុជាមេត្តា ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជិត​១ឆ្នាំ​។

ប៉ុន្តែ​ក្រោយ​មក គឺ កាល​ពី​ខែ​សីហា ឆ្នាំ២០១៨ អ្នក​ទាំង​ពីរ​ត្រូវ​បាន​តុលា​ការ​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន តែ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​។ អតីត​អ្នក​កាសែត​ទាំង​ពីរ​ធ្លាប់​បាន​ទាម​ទារ និង​ប្តឹង​តវ៉ា​សុំ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​មក​លើ​ពួក​គេ​ដែរ តែ​មិន​ទទួល​បាន​ផល​អ្វី​ឡើយ ហើយ​ទើប​តែ​ពេល​នេះ​ទេ​តុលាការ​បាន​សម្រេច​បើក​សវនាការ​ជំនុំ​ជម្រះ​ផ្លូវ​ការ​លើ​សំណុំ​រឿង​របស់​អ្នក​ទាំង​ពីរ​។

សូម​បញ្ជាក់​ថា មុន​ត្រូវ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​នេះ អង្គការ​អន្តរជាតិ​មួយ​ចំនួន​បាន​ទាម​ទារ​ឱ្យ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទម្លាក់​បទ​ចោទ​ប្រកាន់​មក​លើ​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​នេះ​។ អង្គការ​ការពារ​អ្នក​កាសែត​គ្មាន​ព្រំដែន​កាល​ពីថ្ងៃទី២៤ ខែកក្កដា បាន​ធ្វើ​ការ​ថ្កោល​ទោស​អំពី​ការ​យាយី​ផ្នែក​ច្បាប់​ទៅ​លើ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ អង្គការ​ការពារ​អ្នក​កាសែត​គ្មាន​ព្រំដែន​ក៏​បាន​កត់​សម្គាល់​ថា ការ​ចោទ​ប្រកាន់​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ គឺ​ពុំ​មាន​ភស្តុ​តាង​រឹង​មាំ​ដាក់​បន្ទុក​លើ​ពួក​គេ​នោះ​ឡើយ​។

ចំណែក អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ(Human Right Watch)វិញ ដូច​សព្វ​មួយ​ដង​ដែរ​គឺ​បាន​ចាត់​ទុក​សំណុំ​រឿង​នេះ​ជា​រឿង​នយោបាយ​។ ជាថ្មី​ម្តង​ទៀត អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មក​អ្នក​ទាំង​ពីរ​នេះ​ជា​បន្ទាន់​។ ដូច​គ្នា​ដែរ គណៈ​កម្មាធិការ​ការពារ​អ្នក​កាសែត​ហៅ​កាត់​ថា CPJ ក៏​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អតីត​អ្នក​កាសែត​ទាំង​ពីរ​រូប​នេះ​ដែរ​។ លើសពី​នេះ​ទៅ​ទៀត គណៈ​កម្មាធិការ​ការពារ​អ្នក​កាសែត​ក៏​បាន​អំពាវ​នាវ​ឱ្យ​បញ្ឈប់​ការ​ប្រើ​ប្រាស់​បទ​ចោទ«ប្រឆាំង​នឹង​រដ្ឋ» ដើម្បី​ធ្វើ​ការ​យាយី​លើ​អ្នក​កាសែត​តទៅ​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI