គោរមងារ «ឧកញ៉ា» ឡើងថ្លៃ!
ចុះផ្សាយនៅថ្ងៃ៖
កាលពីមុន គេត្រូវបរិច្ចាគធនធានជូនរដ្ឋលើសពី១០ម៉ឺនដុល្លារឡើងទៅ ទើបត្រូវបានប្រគល់គោរមងារជា «ឧកញ៉ា»។ ប៉ុន្តែចាប់ពីពេលនេះតទៅ ដើម្បីទទួលបានគោរមងារជា «ឧកញ៉ា» សប្បុរសជនត្រូវធ្វើអំណោយជូនរដ្ឋដែលមានតម្លៃលើសពី៥០ម៉ឺនដុល្លារអាមេរិកឡើងទៅ។ ការសម្រេចនេះ ធ្វើឡើងតាមរយៈអនុក្រឹត្យមួយ ចុះថ្ងៃទី២០មីនា ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃសៅរ៍នេះ។
ចាប់ពីពេលនេះតទៅ សប្បុរសជនដែលបានធ្វើអំណោយជូនរដ្ឋ ជាថវិកាក្ដី ជាសម្ភារៈក្ដី ប្រសិនបើមានតម្លៃលើសពី១០ម៉ឺនដុល្លារ រដ្ឋនឹងជូនមេដាយស្ថាបនាជាតិថ្នាក់លេខ១។ ចំណែកសប្បុរសជនដែលបានធ្វើអំណោយជូនរដ្ឋក្នុងតម្លៃលើសពី៥០ម៉ឺនដុល្លារឡើងទៅ នឹងត្រូវរដ្ឋាភិបាលស្នើសុំព្រះមហាក្សត្រព្រះរាជទានគោរមងារជា «ឧកញ៉ា»។
គួរកត់សម្គាល់ថា តាំងពីជាង២០ឆ្នាំមុន ពោលគឺចាប់តាំងពីឆ្នាំ១៩៩៤មក ដើម្បីបានទទួលគោរមងារជា ឧកញ៉ា សប្បុរសជនតម្រូវឲ្យធ្វើអំណោយជូនរដ្ឋត្រឹមតែ១០ម៉ឺនដុល្លារឡើងទៅតែប៉ុណ្ណោះ។
ការតម្លើងថ្លៃនៃគោរមងារជាឧកញ៉ានាពេលនេះ ត្រូវបានអ្នកតាមដានស្ថានការណ៍សង្គមនិងនយោបាយមើលឃើញថា មិនបានបង្កជាផលរមាស់អ្វីដល់សង្គមជាតិទេ។ លោក មាស នី អ្នកស្រាវជ្រាវដើម្បីការអភិវឌ្ឍសង្គម ចាត់ទុកការផ្ដល់គោរមងារឧកញ៉ា ថាជាការតបស្នងដល់ ជនដែលបរិច្ចាគធនធានផ្ទាល់ខ្លួនជូនរដ្ឋ។
ប៉ុន្តែទន្ទឹមគ្នានេះ លោក មាស នី ថា រដ្ឋគួរតែមានលក្ខន្តិកៈច្បាស់លាស់ក្នុងការផ្ដល់គោរមងារ មិនមែនកំណត់តែទៅលើទឹកប្រាក់បរិច្ចាគជូនរដ្ឋដូចសព្វថ្ងៃនេះទេ។ សម្រាប់អ្នកស្រាវជ្រាវដើម្បីការអភិវឌ្ឍសង្គមរូបនេះ ឧកញ៉ា គួរតែជាបុគ្គលដ៏គួរឲ្យគោរព មានគុណធម៌ រកស៊ីសុចរិត និងជួយកសាងជាតិ។ ចំណែកបុគ្គលដែលមានបានដោយរបររកស៊ីទុច្ចរិត ហើយបរិច្ចាគប្រាក់ជូនរដ្ឋដើម្បីក្លាយខ្លួនជាឧកញ៉ានោះ មិនគួររដ្ឋប្រគល់គោរមងារជូនឡើយ។ នេះបើតាមលោក មាស នី ដដែល។
សូមជម្រាបជូនថា បើតាមការស្រាវជ្រាវ ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០៤ កម្ពុជាមានឧកញ៉ាយ៉ាងហោចណាស់២០០នាក់។ រហូតដល់ឆ្នាំ ២០០៩ ចំនួនឧកញ៉ាបានកើនឡើងដល់៤០០នាក់ និងបន្តកើនឡើងដល់ប្រមាណ៧០០នាក់ គិតត្រឹមដើមឆ្នាំ២០១៤៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ