សិទ្ធិមនុស្សអ.ស.បស្វាគមន៍កម្ពុជាទទួលយកអនុសាសន៍ទាំង ៩១
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានធ្វើសេចក្តីថ្លែងការណ៍ ពីទីក្រុងហ្សឺណែវ កាលពីថ្ងៃទី២៩មីនា អបអរចំពោះកម្ពុជាដែលបានព្រមទទួលយកអនុសាសន៍ទាំង ៩១ចំនុចរបស់អង្គការសហប្រជាជាតិទាក់ទងនឹងការលើកតម្កើងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
លោកស៊ូយ៉ា ប្រាសាទ ស៊ូបេឌី អ្នករាយការណ៍ពិសេសលើបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជា ដែលជាអ្នកថ្លែងស្វាគមន៍ និងអបអរសាទរចំពោះប្រទេសកម្ពុជា ព្រោះតែរដ្ឋាភិបាលកម្ពុជាយល់ព្រមទទួល អនុសាសន៍ ៩១ចំនុចរបស់អង្គការសហប្រជាតិស្តីពីបញ្ហាសិទ្ធមនុស្ស។ យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស៊ូយ៉ា ស៊ុបេឌីបានអត្ថាធិប្បាយថា ការសម្រេចរបស់រដ្ឋាភិបាលកម្ពុជាបានបង្ហាញពីការសន្យាជាសាធារណៈរបស់ខ្លួន ក្នុងការបន្តការខិតខំប្រឹងប្រែងដើម្បីកសាងប្រព័ន្ធនីតិរដ្ឋមួយ ដែលជាកត្តាសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេស។
វាជារឿងធម្មតាដែលអង្គការសហប្រជាជាតិត្រូវកោតសសើរ និងលើកទឹកចិត្តដល់ប្រទេសជាសមាជិករបស់ខ្លួនណាដែលចូលរួមអង្គការកំពូលនេះក្នុងកិច្ចប្រតិបត្តិការអ្វីមួយ។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះនោះគឺថា កម្ពុជាគឺជារដ្ឋមួយក្នុងចំណោមរដ្ឋជាសមាជិកមួយចំនួនតូចបំផុត ដែលក្លាហានបានអនុម័តយល់ព្រមជាផ្លូវការទទួលយកអនុសាសន៍ទាំង៩១ចំនុចរបស់អង្គការសហប្រជាជាតិនេះ។
អនុសាសន៍ទាំង៩១ចំនុចនេះ ត្រូវបានតាក់តែងឡើងដោយរដ្ឋជាសមាជិកអង្គការសហប្រជាតិដែលមាន ១៩២ប្រទេស ហើយដែលត្រូវបានអនុម័ត នៅក្នុងសម័យប្រជុំ កាលពីខែធ្នូកន្លងទៅនេះ។ អនុសាសន៍ទាំងអស់នេះ គឺគ្មានអ្វីក្រៅតែពីការណែនាំអោយកែលម្អ និងធ្វើអោយកាន់តែប្រសើរឡើងនូវការគោរពសិទ្ធិរបស់មនុស្សនោះទេ។ ហើយជាគោលការណ៍ ប្រសិនបើប្រទេសណាមួយអនុម័តយល់ព្រមទទួលយកអនុសាសន៍ទាំងនេះហើយ នោះ គឺបានន័យថា ប្រទេសនោះគាំទ្រ និងយល់ព្រមយកអនុសាសន៍ទាំងនោះមកអនុវត្ត។
លោកធន សារាយ ប្រធានសមាគមការពារសិទ្ធិមនុស្សឈ្មោះអាដហុក បានអបអរសាទរចំពោះការបង្ហាញជំហររបស់រដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ។ ចំពោះលោកធន សារ៉ាយ នេះគឺជាការបង្ហាញឆន្ទៈរបស់រដ្ឋាភិបាលក្នុងការលើកតម្កើងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ប៉ុន្តែលោកធន សារ៉ាយបានធ្វើការកត់សម្គាល់ថា រដ្ឋាភិបាលកម្ពុជាតែងតែចុះហត្ថលេខាគាំទ្រលើគ្រប់ឯកសារអន្តរជាតិ ដែលទាក់ទងនឹងការប្រយុទ្ធប្រឆាំងអំពើខុសច្បាប់ ឧទាហរណ៍ ដូចជាការទទួលយកអនុសាសន៍របស់អង្គការសហប្រជាជាតិលើកនេះជាដើម។ ប៉ុន្តែ តើការអនុវត្តមានប្រសិទ្ធភាព ឬមិនមាន វាជារឿងមួយផ្សេង។ លោកធន សារ៉ាយបានពន្យល់ថា យន្តការថ្មីរបស់អង្គការសហប្រជាជាតិនេះ គឺតម្រូវអោយមានការជួបគ្នា រៀងរាល់៤ឆ្នាំម្តងនៃប្រទេសជាសមាជិកដើម្បីពិនិត្យមើលការអនុវត្តការសន្យារបស់ប្រទេសជាសមាជិកទាក់ទងនឹងការពង្រឹងការគោរពសិទ្ធិមនុស្សនេះ។ ដូច្នេះបើតាមការអះអាងរបស់លោកធន សារាយ កម្ពុជាមានការងារច្រើនដែលត្រូវធ្វើក្នុងវិស័យសិទ្ធិមនុស្សនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជាដែលគេសរសេរស្វាគមន៍ជំហររបស់កម្ពុជាចុងក្រោយ គេឃើញថា ប្រទេសជាសមាជិកនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបាននិយាយទទួលស្គាល់ពីការរីកចម្រើនគួរអោយកត់សម្គាល់នៅកម្ពុជា បើប្រៀបធៀបទៅនឹងសាវតារនៃប្រទេសនេះ ដែលបានឆ្លងកាត់សង្គ្រាមជាង៣០ឆ្នាំនោះ។ ពោលគឺ ក្រុមប្រទេសនានាទាំងនោះបានស្វាគមន៍ការបង្កើតច្បាប់សំខាន់ៗជាច្រើន ការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹងការទទួលបានសិទ្ធិខាងផ្នែកសុខភាព ផ្នែកអប់រំ ការលើកស្ទួយសិទ្ធិស្ត្រី និងកំណែទម្រង់លើវិស័យផ្សេងៗទៀតដែលកម្ពុជាកំពុងធ្វើ។
ប៉ុន្តែ ក្រុមប្រទេសសមាជិកអង្គការសហប្រជាជាតិទាំងនោះក៏មិនបានមើលរំលងការខ្វះខាតដែលកម្ពុជាត្រូវបំពេញនោះដែរ។ នោះគឺការពង្រឹងសិទ្ធិខាងដីធ្លី លំនៅដ្ឋាន ពង្រឹងឯករាជ្យភាព និងសមត្ថភាពនៃស្ថាប័នតុលាការ លើកកម្ពស់សិទ្ធិខាងការជួបជុំ សេរីភាពបញ្ចេញមតិ ការជួបជុំរវាងរដ្ឋាភិបាល និងក្រុមសង្គមស៊ីវិល និងការការពារសកម្មជនសិទ្ធិមនុស្សជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ