អានតួអត្ថបទ
កម្ពុជា

ក្រសួង​វប្បធម៌​៖ ចាក់​​ផ្សាយ​ភាពយន្ត​លើ​ហ្វេសប៊ុក​ដោយ​គ្មាន​ការ​អនុញ្ញាត គឺ​ល្មើស​នឹង​ច្បាប់

ផ្ទាំង​ផ្សព្វផ្សាយ​ខ្សែ​ភាពយន្ត​រឿង មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ
ផ្ទាំង​ផ្សព្វផ្សាយ​ខ្សែ​ភាពយន្ត​រឿង មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ រូបភាព​ឯកសារ
ដោយ៖ អ៊ឹម រចនា
3 នាទី

លោក ថៃ នរៈសត្យា អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ រំឭក​ថា ការចាក់​​ផ្សាយស្នាដៃ​ភាពយន្ត​លើ​ហ្វេសប៊ុក​ដោយ​គ្មាន​ការ​អនុញ្ញាត គឺ​ជា​ទង្វើ​ល្មើស​នឹង​ច្បាប់​។ ការ​ក្រើន​រំឭក​នេះ​ធ្វើឡើង​បន្ទាប់​ពី​លោក​សង្កេត​ឃើញ​ថា មាន​ការ​ចាក់​ផ្សាយ​ខ្សែ​ភាពយន្ត មុន​ដំបូង​ខ្មែរ​ក្រហម​​សម្លាប់​ប៉ា​របស់​ខ្ញុំ យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

ផ្សាយពាណិជ្ជកម្ម

មួយ​ថ្ងៃ​ក្រោយ​ពី​ខ្សែ​ភាពយន្ត​រឿង មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ ត្រូវ​បាន​ចាក់​បញ្ចាំង​ដោយ​គិត​ប្រាក់​លើ​គេហទំព័រ Netflix ពោល​គឺ​នៅ​ថ្ងៃ​ទី​១៦​កញ្ញា​ម្សិលមិញ ខ្សែ​ភាពយន្ត​រឿង​នេះ​ត្រូវ​បាន​ថត​ចម្លង និង​ចាក់​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត​​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។

ទាក់ទង​នឹង​ការ​ចម្លង​ខ្សែ​ភាពយន្ត​នេះ យក​ទៅ​ចាក់​ផ្សាយ​​ដោយ​គ្មាន​ការ​អនុញ្ញាត​លើ​បណ្ដាញ​ហ្វេសប៊ុក លោក ថៃ នរៈសត្យា ដែល​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ បាន​សង្កត់​ធ្ងន់​ថា វា​គឺ​ជា​ទង្វើ​ខុស​ច្បាប់​។ ​តាម​លោក ថៃ នរៈសត្យា ប្រសិន​បើ​ផលិតករ​ប្ដឹង ​អ្នក​ដែល​យក​ភាពយន្ត​ទៅចាក់​ផ្សាយ​ដោយ​គ្មានការ​អនុញ្ញាតទាំង​នោះ អាច​នឹង​ប្រឈម​មុខ​នឹង​ការ​ផ្តន្ទាទោស​តាម​ច្បាប់​ស្ដី​ពី​សិទ្ធិ​អ្នក​និពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល​។

មាត្រា​៦៥ នៃ​ច្បាប់​ស្ដី​ពី​សិទ្ធិ​អ្នកនិពន្ធនិង​សិទ្ធិ​ប្រហាក់​ប្រហែល ចែង​​ថា ការ​ចាក់​ផ្សាយ​តាម​ទូរផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ផលិតករ​វីដេអូ ឬ​អង្គភាព​ទូរផ្សាយ ត្រូវ​ផ្តន្ទាទោសពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល ដល់​១០​លាន​​រៀល និង​ឬ​ត្រូវ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី​១​ខែ ដល់​៣​ខែ​។ ហើយ​ករណី​មិន​រាង​ចាល គឺ​ត្រូវ​ផ្ដន្ទាទោស​ទ្វេ​ដង​។

សូម​រំលឹក​ជូន​ថា ខ្សែ​ភាពយន្ត មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ ត្រូវ​បាន​ផលិត​ឡើង​ដោយតារាហូលីវូដ អេនជេលីណា ជូលី ​ផ្អែក​លើ​សៀវភៅ​របស់​លោក​ស្រី លឿង អ៊ឹង​។ ជា​សៀវភៅ​សរសេរ​រៀបរាប់​ពី​ការ​ចងចាំ​របស់​កុមារី​តូច​ម្នាក់​ អំពី​សង្គ្រាម ​និង​ការ​ព្រាត់​ប្រាស​នៅ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​។

ឥឡូវ​នេះ រឿង មុនដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ កំពុង​ចាក់​បញ្ចាំង​នៅ​តាម​បណ្ដា​រោងកុន​ទំនើប​នៅ​ប្រទេស​កម្ពុជា និង​នៅ​លើ​គេហទំព័រ Netflix។ ជា​គេហទំព័រ​បញ្ចាំង​កុន ដែល​បើក​ឲ្យ​មើល​កុន​រាប់​ពាន់​ចំណង​ជើង​ដោយ​គិត​ប្រាក់​ប្រចាំ​ខែ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ