អានតួអត្ថបទ
កម្ពុជា

រឿង​ហិង្សា​នៅ​យ៉ាក់​ជីង៖ តុលាការ​កោះ​ហៅ​មនុស្ស​១០​នាក់​ចូល​សវនាការ​សា​ជា​ថ្មី

រូបភាពចាស់៖ អំពើហិង្សា រវាង​អាជ្ញាធរ និង​ពលរដ្ឋ នៅភ្នំពេញ នៅ​ថ្ងៃទី១៦ កក្កដា ឆ្នាំ ២០១៤។
រូបភាពចាស់៖ អំពើហិង្សា រវាង​អាជ្ញាធរ និង​ពលរដ្ឋ នៅភ្នំពេញ នៅ​ថ្ងៃទី១៦ កក្កដា ឆ្នាំ ២០១៤។ RFI/Siv Channa
ដោយ៖ ស៊ុន មេសា
3 នាទី

ព្រះរាជអាជ្ញា​អម​សាលា​ឧទ្ធរណ៍ បាន​ចេញ​ដីកា​កោះ​ហៅ​អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ហិង្សា​នៅ​រោង​ចក្រ​យ៉ាក់​ជីង​ ដែល​ជា​ដើម​បណ្តឹង ឱ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ពុធ​ទី​ ០៦​ ខែ​កក្កដា​ស្អែក​នេះ បន្ទាប់​ពី​អាក់ខាន​អស់​រយៈ​ពេល​ប្រមាណ​ជា​២​ឆ្នាំ។ អ្នក​ជាប់​ពាក់​ព័ន្ធ​ទាំង​អស់​បាន​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់។

ផ្សាយពាណិជ្ជកម្ម

អ្នក​ជាប់​ពាក់​ព័ន្ធ​ក្នុង​អំពើ​ហិង្សា​នៅ​រោងចក្រ​យ៉ាក់​ជីង​កាល​ពី​ដើម​ឆ្នាំ​២០១៤ នឹង​ត្រូវ​ចូល​ខ្លួន​មក​កាន់​តុលាការ​សាជាថ្មី​នៅ​ថ្ងៃ​ពុធ​ទី​៦ កក្កដា​នេះ ក្រោយ​ការ​អាក់​ខាន​អស់​រយៈ​ពេល​ប្រមាណ​២​ឆ្នាំ។ ទន្ទឹម​នឹង​នេះ​ក្រុម​អ្នក​ពាក់​ព័ន្ធ​ ដែល​សុទ្ធ​តែ​ជា​សកម្មជន​ដីធ្លី សហជីព និង​កម្មករ​ជា​ដើម​នោះ បាន​ស្នើសុំ​ឱ្យ​មាន​ការ​ដោះលែង​ខណៈ​ ដែល​ពួកគេ​អះអាង​ទទួល​រង​ភាព​អយុត្តិធម៌។ ការ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នេះ គឺ​ធ្វើ​តាម​ដីកា​កោះ​ហៅ​របស់​ចៅ​ក្រម​សាលាឧទ្ធរណ៍ ដែល​បាន​ចេញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ប៉ុន្តែ​ទាំង​ជន​សង្ស័យ និង​អ្នក​សារព័ត៌មាន​ទើប​តែ​ទទួល​បាន។

សូម​បញ្ជាក់​ថា​ក្រុម​អ្នក​ពាក់ព័ន្ធ​ទាំង​១០​រូប​ ដែល​មាន​ទាំង​លោក​វ៉ន ពៅ លោក​ច័ន្ទ​ ពុទ្ធិស័ក្ត បាន​ដាក់​ពាក្យ​ប្តឹង​ទាស់​ទៅ​កាន់​តុលាការ​ឧទ្ធរណ៍​ឱ្យ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​មក​លើ​ក្រុម​របស់​លោក​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៤។ ជា​បណ្តឹង​ដែល​ធ្វើ​ឡើង​ក្រោយ​តុលាការ​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​មនុស្ស​ទាំង​១០​រូប​នេះ ឱ្យ​ជាប់​ពន្ធនាគារ​ពី​២​ឆ្នាំ​កន្លះ​ទៅ​ដល់​៤​ឆ្នាំ​កន្លះ ក្នុង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សនិ្តសុខ​សង្គម ប៉ុន្តែ​បាន​កាត់​តម្រឹម​ក្រោយ​ការ​ចរចា​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​២០១៤។

សូម​រំលឹក​ថា កម្មករ​រោង​ចក្រ​យ៉ាង​ជីង និង​ក្រុម​សហជីព បាន​ប៉ះ​ទង្គិច​ដោយ​ហិង្សា​ជាមួយ​ក្រុម​ទាហ៊ាន​៩១១​កាល​ពី​ដើម​ខែ​មករា​ឆ្នាំ​២០១៤ ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​៥​នាក់​បាន​ស្លាប់ និង​រង​របួស​ជា​ច្រើន​រូប​ផ្សេង​ទៀត​ក្នុង​យុទ្ធនាការ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ។

លោក ថេង សាវឿន អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​ឱ្យ​ដឹង​ថា​នៅ​សវនការ​ នឹង​មាន​អ្នក​ពាក់​ព័ន្ធ​តែ​៥​រូប​ប៉ុណ្ណោះ​ខណៈ ដែល​លោក​វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​មនុស្ស​៤​រូប​ផ្សេង​ទៀត​នឹង​អវត្តមាន​ដោយ​សារ​តែ​បាន​ចំណាកស្រុក និង​រវល់​កិច្ចការ​ផ្ទាល់​ខ្លួន​នៅ​ក្រៅ​ប្រទេស។ យ៉ាងណា​ក៏​ដោយ លោកថេង សាវឿន ដែល​នឹង​បង្ហាញ​វត្តមាន​នៅ​សវនាកា បាន​ស្នើ​សុំ​ឱ្យ​តុលាការ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​មក​លើ​ក្រុម​លោក​ព្រោះ​តែ​ជា​អ្នក​រងគ្រោះ​ដោយសារ​តែ​អំពើ​ហិង្សា​កាល​ពី​ដើម​ឆ្នាំ​២០១៤​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ