កម្ពុជា

ច្បាប់​សហជីព​៖ ក្រុម​ចំពោះ​កិច្ច​ស្នើ​កែ​សម្រួល​ចំនួន​បង្កើត​សហជីព

កិច្ច​ប្រជុំ​ស្តី​ពី ​ច្បាប់​សហជីព។​
កិច្ច​ប្រជុំ​ស្តី​ពី ​ច្បាប់​សហជីព។​ RFI/ Siv Channa

ក្រុម​ការងារ​ចំពោះ​កិច្ច​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​ជំនួប​ស្តី​ពី​ច្បាប់​សហជីព​នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី​៤ មករា​នៅ​វិមាន​រដ្ឋសភា។ ក្រោយ​ជំនួប​ប្រមាណ​ជាង​២​ម៉ោង​ គណបក្ស​ទាំង​ពីរ​បាន​បញ្ជាក់​ថា​មាន​មាត្រា​តែ​២​ចំណុច​តែ​ប៉ុណ្ណោះ​ ដែល​សម្រេច​បាន​ក្នុង​ចំណោម​សំណើរ​ទាំង​២១ ក្នុង​នោះ មាត្រា​ទី​៤​ដែល​និយាយ​ពី​ការ​បង្កើត​សហជីព​គ្រប់​ជាន់​ថ្នាក់​ត្រូវ​បាន​កែ ​ប្រែ។

ផ្សាយពាណិជ្ជកម្ម

ក្រុម​ការងារ​ចំពោះ​កិច្ច​នៃ​គណបក្ស​ទាំង​ពីរ សម្រេច​ឯកភាព​កែប្រែ​មាត្រា​៤​ក្នុង​ជំពូក​ទី​១​នៃ​សេចក្តី​ព្រាង​ច្បាប់​របស់​សហជីព។ នេះ​គឺ​ជា​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ដែល​គណបក្ស​ក្នុង​សភាព​ទាំង​ពីរ​បាន​ជួប​គ្នា​អស់​រយៈ​ប្រមាណ​ជាង​ពីរ​ម៉ោង។ បើ​តាម​អ្នក​នាំពាក្យ​កិច្ច​ប្រជុំ​នៃ​គណបក្ស​ទាំង​ពីរ ​គឺ​ការ​បង្កើត​សហជីព​នៅ​តាម​រោង​ចក្រ​គឺ​តម្រូវ​ឱ្យ​មាន​សមាជិក​១០​រូប ដោយ​ឡែក​ការ​បង្កើត​សហព័ន្ធ​សហជីព​ត្រូវ​បន្ថយ​ពី​៩​សហជីព មក​ត្រឹម​៧​សហជីព​វិញ ចំណែក​ឯ​ការ​បង្កើត​សហភាព​សហព័ន្ធ​សហជីព​គឺ​តម្រូវ​ឱ្យ​មាន​ត្រឹម​តែ​៥​សហព័ន្ធ​ប៉ុណ្ណោះ ខណៈ​ដែល​សេចក្តី​ព្រាង​តម្រូវ​ឱ្យ​មាន​៦។

លោក​អាត ធន់ សម្ព័ន្ធ​សហជីព សីខាវឌូ បាន​លើក​ឡើង​ថា​ការ​សម្រេច​របស់​ក្រុម​ការងារ​នៃ​បក្ស​ទាំង​ពីរ​ទើប​តែ​បាន​ដប់​ភាគ​រយ​តែ​ប៉ុណ្ណោះ។ លោក​សង្កត់​ធ្ងន់​ថា ចំណុច​ដែល​សម្រេច​នេះ គឺ​មិន​មែន​ជា​ចំណុច​រស៊ើប​ខ្លាំង​នៃ​ក្រុម​សហជីព​នោះ​ទេ។ ចំណុច​រស៊ើប​ខ្លាំង​គឺ​មាត្រា​១៣ ១៤ ១៧ ២៩ និង ៦៥ ជាដើម។ មាត្រា​ទាំង​នោះ គឺ​និយាយ​ពី​ចំនួន​នៃ​ការ​ធ្វើ​បាតុកម្ម​ដែល​ត្រូវ​ឱ្យ​មាន​លើស​ពី​៥០​ភាគរយ ទោស​ទណ្ឌ​លើ​សហជីព​ប្រសិន​បើ​ធ្វើ​បាតុកម្ម​ធ្វើ​ឱ្យ​ស្ទះ​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​ជា​ដើម។

លោក សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ថា​ការ​ពិភាក្សា​នឹង​អាច​បន្ត​យូរ​ជា​បន្ត​ទៀត​ ព្រោះ​ថា​គណបក្ស​ទាំង​ពីរ​ត្រូវ​ការ​ពិភាក្សា​លំអិត​និង​ស៊ី​ជម្រៅ​ដើម្បី​គិត​ពី​ផល​ប្រយោជន៍​របស់​កម្មករ។ ដោយ​ឡែក​លោក សុន ឆ័យ អនុប្រធាន​ក្រុម​ការងារ​ចំពោះ​កិច្ច បាន​បន្ថែម​ថា​គណបក្ស​ទាំង​ពីរ​បាន​ខ្វែង​គំនិត​គ្នា​ខ្លាំង​លើ​មាត្រា​១៣ ដែល​និយាយ​ពី​សិទ្ធ​នៃ​ការ​ធ្វើ​បាតុកម្ម។ បើ​តាម​សេចក្តី​ព្រាង​ច្បាប់​សហជីព​ត្រូវ​ប្រមូល​សមាជិក​ឱ្យ​បាន​៥០%​បូក​១ ទើប​អាច​ធ្វើ​បាតុកម្ម​ស្រប​ច្បាប់​បាន។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិសេធ។ បន្ថែម​ពី​លើ​នេះ​លោក អាត ធន់ បាន​លើក​ឡើង​ថា​វា​ជា​ការ​លំបាក ហើយ​ចំណុច​ដែល​បាន​លើក​ឡើង​គឺ​ផ្ទុយ​ទៅ​នឹង​ច្បាប់​ការងារ​ដែល​មិន​តម្រូវ​ឱ្យ​កំណត់​ចំនួន​មនុស្ស​នោះ​ទេ។  ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ សហជីព​បាន​ស្នើ​ឱ្យ​រដ្ឋសភា​កែប្រែ និង​ពិនិត្យ​ឡើង​វិញ​រហូត​ដល់​ចំនួន​២១​ចំណុច៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI