កម្ពុជា

គណបក្ស​ធំ​ទាំងពីរ​ប្រជុំ​សម្រេច​បាន​៩​ចំណុច ក្នុង​ចំណោម​២១​ចំណុច​ដែល​សហជីព​ស្នើ​សុំ

គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សំណើ​របស់​សហជីព​
គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សំណើ​របស់​សហជីព​ RFI/ Siv Channa

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​រួម​គ្នា​នៅ​រសៀល​ថ្ងៃ​ទី​១៤ មករា​នេះ​ថា ការ​ប្រជុំ​ពិភាក្សា​លើ​សំណើ​របស់​សហជីព​ទាំង​២១ ចំណុច​នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ជា​មិន​ខាន​នោះ​ទេ។ ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ជា​លើក​ទីពីរ នៅ​វិមាន​រដ្ឋសភា​កម្ពុជា នៅ​រសៀល​ថ្ងៃ​នេះ គណបក្ស​ទាំង​ពីរ​សម្រេច​បាន​៧​ចំណុច ខណៈ​ដែល​ការ​ប្រជុំ​លើក​ទីមួយ​កាល​ពី​ថ្ងៃ​ទី​៤ មករា សម្រេច​បាន​ពីរ​ចំណុច។

ផ្សាយពាណិជ្ជកម្ម

រហូត​មក​ទល់​នឹង​ពេល​នេះ គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​បាន​រួមគ្នា​ប្រជុំ​ពិភាក្សា​សម្រេច​បាន ៩​ចំណុច​ហើយ ក្នុង​ចំណោម​២១ ចំណុច​ដែល​សហជីព​បាន​ស្នើ​សុំ​ឲ្យ​ធ្វើការ​ពិនិត្យ​ឡើង​វិញ មុន​នឹង​សម្រេច​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​សហជីព ដែល​មាន​១៧​ជំពូក និង​៩១​មាត្រា។ ជា​សេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​មាន​ការ​ប្រទាញ​ប្រទង់​គ្នា រវាង​សហជីព​និង​ក្រសួង​ការងារ ព្រោះ​ខាង​សហជីព​បាន​លើក​ឡើង​ថា​សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ​មាន​និន្នាការ​បិទ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ប៉ះពាល់​ដល់​ប្រយោជន៍​រួម​របស់​ក្រុម​សហជីព​និង​កម្មករ។

នៅ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ជា​លើក​ទីពីរ​នេះ ទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​សុទ្ធ​តែ​បាន​អះអាង​ថា ខ្លួន​រួម​គ្នា​ដើម្បី​ដោះស្រាយ និង​កែប្រែ​សេចក្តី​ព្រាង​ច្បាប់​នេះ ឲ្យ​បម្រើ​ផល​ប្រយោជន៍​ដល់​គ្រប់​ភាគី​ទាំង​អស់ ដែល​មាន​ដូចជា​ខាង​សហជីព កម្មករ​និយោជិក និង​និយោជក​ផង​ដែរ។ លោក​សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​បិទ​បញ្ចប់​ថា សំណើ​ទាំង​២១ ចំណុច​របស់​សហជីព​នឹង​ត្រូវ​ដោះស្រាយ​ចប់​រួច​រាល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ សំលេង​របស់​លោក​សុខ ឥសាន៖

ជាមួយ​គ្នា​នេះ​ដែរ លោក​សុន ឆៃ មន្ត្រី​ជាន់​ខ្ពស់​មក​ពី​គណបក្ស​ប្រឆាំង​ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ ក៏​បាន​ថ្លែង​ថា គណៈកម្មការ​ទទួល​បន្ទុក​ដោះស្រាយ​លើ​បញ្ហា​នេះ​បាន​កំពុង​តែ​ព្យាយាម​ដោះស្រាយ​ក្តី​កង្វល់​នានា​របស់​សហជីព​ទាំង​អស់ ដូច្នេះ​សូម​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​តទៅ​ទៀត​អី។ សំលេង​របស់​លោកសុន ឆៃ៖

បន្ទាប់​ពី​កិច្ច​ប្រជុំ​លើក​ទីពីរ​នេះ ត្រូវ​បាន​បញ្ចប់ គណៈកម្មការ​ដែល​មាន​ភាគី​ចូលរួម​ពី​តំណាង​រាស្រ្ត​របស់​គណបក្ស​ទាំង​ពីរ បាន​បញ្ជាក់​ថា ការ​ប្រជុំ​លើក​ទីបី​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ ទី​១៩ សប្តាហ៍​ក្រោយ​នេះ​ជា​បន្ត​ទៀត ដើម្បី​ពន្លឿន​ដំណើរ​ការ​ឲ្យ​បាន​ចប់​រួច​រាល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ គួរ​រំលឹក​ជូន​ថា​ការ​ប្រជុំ​ពិភាក្សា​លើក​ទី​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៤ មករា ដើម​ឆ្នាំ​២០១៦​នេះ ហើយ​លើក​ទីពីរ គឺ​នៅ​ថ្ងៃ​ទី១៤ មករា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI