កម្ពុជា

“នរណា​សម្លាប់​ជា​វិជ្ជា” ដាក់បញ្ចាំង​សប្តាហ៍​ក្រោយ?

លោក​ជា វិជ្ជា មេដឹកនាំ​សហជីព​ដ៏ល្បីល្បាញ​ ត្រូវ​គេល្បធ្វើ​​ឃាត​កាលពីឆ្នាំ​២០០៤
លោក​ជា វិជ្ជា មេដឹកនាំ​សហជីព​ដ៏ល្បីល្បាញ​ ត្រូវ​គេល្បធ្វើ​​ឃាត​កាលពីឆ្នាំ​២០០៤ ©វណ្ណារ៉ា/RFI

សហភាព​សហជីព​កម្ពុជា​គ្រោង​នឹង​ដាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ ស្តីពី​ឃាតកម្ម​លោក​ជា​វិជ្ជា​ជា​ថ្មី​ម្តង​ទៀត ​នៅ​សប្តាហ៍​ក្រោយ​នេះ​ ប៉ុន្តែ ​តំណាង​រាជរដ្ឋាភិបាល​បាន​ប្រកាស​ថា ​​ភាពយន្ត​ឯកសារ​នេះ​ គឺ​ខុស​ច្បាប់។​

ផ្សាយពាណិជ្ជកម្ម

 

សេចក្តីរាយការណ៍​របស់ គី សុខលីម ពីភ្នំពេញ

លោក រ៉ុង​ ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​​ បាន​បញ្ជាក់​ប្រាប់​ នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ​លោក​គ្រោង​នឹង​ដាក់​បញ្ចាំង​ខ្សែ​ភាពយន្ត “​នរណា​សម្លាប់​លោក​ជា​វិជ្ជា” ​ជា​ថ្មី​ម្តង​ទៀត​ នៅ​សប្តាហ៍​ក្រោយ​នេះ​​ ប៉ុន្តែ​ ម្តង​នេះ ​​លោក​មិន​បញ្ចាំង​នៅ​ទី​សាធាណៈ​នោះ​ទេ ​ពោល​គឺ​ លោក​គ្រោង​នឹង​ដាក់​បញ្ចាំង នៅ​ក្នុង​ទីស្នាក់​ការ​របស់​លោក ​​ហើយ​បន្ទាប់​មក ​លោក​នឹង​ធ្វើ​សន្និសីទ​កាសែត​ជូន​ដល់​អ្នកយក​ព័ត៌មាន​តែ​ម្តង។​

បើ​ទោះ​បី​ជា​លោក រ៉ុង​ ឈុន ​គ្រោង​នឹង​ដាក់​បញ្ចាំង ​នៅ​សប្តាហ៍​ក្រោយ​នេះ​ ក៏​ដោយ​ ក៏​លោក​មិន​ទាន់​អាច​បញ្ជាក់​ប្រាប់​ពី​ថ្ងៃ​ពិត​ប្រាកដ​បាន​នៅ​ឡើយ​ទេ ​ពីព្រោះ​លោក​ក៏​ត្រូវ​សុំ​ច្បាប់​អាជ្ញាធរ​ជា​មុន​សិន​ដែរ។​

​គណបក្ស​សម​រង្ស៊ី​ក៏​គ្រោង​នឹង​បញ្ចាំង​ខ្សែ​ភាពយន្ត​នេះ​ដែរ​ ប៉ុន្តែ ​ការ​ដាក់​បញ្ចាំង​នៅ​ពេល​ណា​នោះ​ គណបក្ស​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ។ ​លោកស្រី​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​សម​រង្ស៊ី មួរ សុខហួ​ ធ្លាប់​បាន​និយាយ​ប្រាប់​ថា​ គណបក្ស​នឹង​ធ្វើ​ការ​ជជែក​គ្នា​ជា​មុន​សិន​ មុន​នឹង​ដាក់​បញ្ចាំង​រឿង​នេះ​ នៅ​ក្នុង​បរិវេណ​គណបក្ស​សម​រង្ស៊ី​នោះ។​

ឯកសារ​ភាពយន្ត​ ស្តី​ពី​ឃាតកម្ម​លើ​រូប​លោក​ជា​វិជ្ជា​នេះ ​ត្រូវ​បាន​សហភាព​សហជីព​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​លោក​រ៉ុង​ ឈុន ​បាន​ប៉ុនប៉ង​ដាក់​បញ្ចាំង​ម្តង​រួច​មក​ហើយ ​នៅ​ថ្ងៃ​ទី​១​ខែ​ឧសភា ​ត្រូវ​នឹង​ថ្ងៃ​ទិវា​ពលកម្ម​អន្តរ​ជាតិ​ ប៉ុន្តែ​ កាលនោះ​ ក្រុម​សហជីព​របស់​លោក ​រ៉ុង​ ឈុន ​មិន​អាច​ដាក់​បញ្ចាំង​បាន​ទេ​ នៅ​ក្បែរ​វត្ត​លង្កា​នោះ ​​ពីព្រោះ​នគបាល​បាន​ចាប់​យក​ផ្ទាំង​សំពត់​ស ​ហាម​មិន​អោយ​បញ្ចាំង។

លោក​ទិត​ សុធា​​ អ្នក​នាំពាក្យ​អង្គភាព​ព័ត៌មាន ​និង​ប្រតិកម្ម​រហ័ស ​របស់​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ បាន​បញ្ជាក់​ប្រាប់​យ៉ាង​ច្បាស់​នៅ​ថ្ងៃ​នេះ​ថា ​​ការ​ផលិត​ និង​ការ​នាំ​ចូល​ខ្សែ​ភាពយន្ត​នេះ ​គឺ​ខុស​ច្បាប់​ដូច្នេះ​​ការ​ដាក់​បញ្ចាំង ​បើ​ទោះ​បី​ជា​នៅ​ក្នុង​ទី​សាធារណៈ​ ឬ​នៅ​ក្នុង​ទី​ឯកជន​ក៏​ដោយ ​គឺ​វា​សុទ្ធ​តែ​ខុសច្បាប់​ដូចគ្នា។

លោក​ទិត​ សុធា​ បាន​រិះគន់​លោក​រ៉ុង​ ឈុន ​ថា ​គឺ​ជា​ក្រុម​មនុស្ស​ចចេស​រឹងរូស ​និង​ធ្វើ​អ្វី​លើស​ពី​ដែន​កំណត់​របស់​ច្បាប់៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI