កម្ពុជា-សង្គម

​ឆ្នាំ​ថ្មី​៖ លោក ហ៊ុន សែន ចង់​ឱ្យ​ពល​រដ្ឋ​មាន​សំណាង​ល្អ ឯ​លោក​ សម រង្ស៊ី​ចង់​ឱ្យ​ងើប​តវ៉ា​ប្រឆាំង​រដ្ឋា​ភិបាល​

លោក ហ៊ុន​ សែន និង លោក សម រង្ស៊ី
លោក ហ៊ុន​ សែន និង លោក សម រង្ស៊ី @Internet

រំលង​តែ​ថ្ងៃ​អង្គារ​ស្អែក​មួយ​ថ្ងៃ​ទៀត​ទេ គឺឆ្លង​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​២០២០​ហើយ។ មុន​ចូល​ឆ្នាំថ្មី​នេះ មេដឹក​នាំ​នយោ​បាយ​សំខាន់ៗ​របស់​កម្ពុជា​បាន​បញ្ចេញ​សារ​នយោបាយ និង សារ​ជូន​ពរ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​។ ក្នុង​នោះ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​ផ្ញើ​សារ​ចង់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជួប​តែ​សំណាង​ល្អ​។ ប៉ុន្តែ លោក​សម រង្ស៊ី​វិញ បាន​ប្រកាស​ពី​គម្រោង​ចង់​បំផុស​បំផុល​ពល​រដ្ឋ​ឱ្យ​ងើប​តវ៉ា​ប្រឆាំង​រដ្ឋា​ភិបាល​កម្ពុជា បើ​សិន​មាន​ការ​ផ្តាច់​EBA ពី​សហ​ភាព​អឺរ៉ុប​។ 

ផ្សាយពាណិជ្ជកម្ម

«ជូនពរ​បងប្អូនជនរួមជា​តិជួបតែសំ​ណាងល្អក្នុងឆ្នាំថ្មី ២០២០ ខាងមុខនេះ»។ នេះ គឺជា​សារជូនពរខ្លីមួយរបស់លោក​នាយករដ្ឋមន្រ្តីហ៊ុន សែន ប្រមុខរដ្ឋា​ភិបាលកម្ពុជាទៅ​កាន់ប្រជា​ពលរដ្ឋខ្មែរ។ លោក​នាយករដ្ឋមន្រ្តីបា​នផ្ញើសារជូនពរនេះ​តាមរយៈទំព័រមុខ​ហ្វេកប៊ុករបស់​លោកកាលពី​ថ្ងៃអាទិត្យ ម្សិលមិញនេះ។ ក្រៅ​ពីលោកនា​យករដ្ឋមន្រ្តីហ៊ុន សែននេះ មេដឹ​កនាំនយោបាយ និង អ្នកនយោ​បាយកម្ពុជាសំ​ខាន់ៗផ្សេងទៀត​ហាក់មិនទាន់ឃើ​ញបញ្ចេញសារជូនព​រណាមួយដល់ប្រ​ជាពលរដ្ឋស​ម្រាប់ឆ្នាំថ្មីឆ្នាំ២០​២០ខាងមុខនេះ​ទេ។

ក៏ប៉ុន្តែ​អ្វីដែលជាការកត់​សម្គាល់ គឺលោកសម រង្ស៊ី ប្រធានស្តី​ទីអតីតគណបក្សសង្រ្គោះ​ជាតិបានចេញមកប្រកាសពីផែ​នការរបស់ខ្លួន​សម្រាប់ឆ្នាំ២០២០។ តាមរយៈទំព័រ​ហ្វេសប៊ុកកា​លពីថ្ងៃទី២៨ ធ្នូ លោក​សម រង្ស៊ី បានប្រកាសអះអាងថា ឆ្នាំ ២០២០ ខាងមុខនេះ គឺជាឆ្នាំ​នៃជ័យជំនះអ្នកប្រជាធិ​បតេយ្យ និងអ្នក​ស្នេហាជាតិខ្មែរលើ​រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ​ដែលដឹកនាំដោ​យលោកនាយ​ករដ្ឋមន្រ្តីហ៊ុន សែន​។

មិនតែប៉ុណ្ណោះ លោកសម រង្ស៊ី ថែម​ទាំងទាញភ្ជាប់នូវ​បញ្ហាប្រព័ន្ធអនុគ្រោះ​ពន្ធEBA របស់ស​ហភាពអឺរ៉ុ​បផងដែរ។ បញ្ហាប្រព័ន្ធអនុគ្រោះពន្ធEBA ដែលស្ថិតក្នុង​ភាពមិនច្បា​ស់លាស់ ព្រោះត្រូ​វរង់ចាំការសម្រេ​ចចុងក្រោ​យនៅ​ក្នុងអំឡុងខែកុម្ភៈ​ខាងមុខ។ សម្រាប់​លោកសម រង្ស៊ី ប្រសិនបើ​សហភាពអឺរ៉ុបដក​ប្រព័ន្ធអនុ​គ្រោះពន្ធEBAមែននោះ វាគឺជាកំហុ​សដ៏ធ្ងន់ធ្ងររបស់រដ្ឋា​ភិបាលកម្ពុជា ពោល គឺជា​ការវាយបំបែកឆ្នាំ​បាយរបស់​កម្មករ កម្មការិនីខ្មែរ។ ដូច្នេះហើយ លោកមានគ​ម្រោងចង់បំផុសបំផុ​លឱ្យប្រជាព​លរដ្ឋងើបតវ៉ាប្រ​ឆាំងនឹងរដ្ឋាភិបាលកម្ពុជា​ដែលនាំបញ្ហា​នេះដល់ពួកគេ​។

សូមក​ត់សម្គាល់ថា ឆ្លងផុតឆ្នាំចា​ស់ចូលឆ្នាំ​ថ្មីភា្លម កម្ពុជា​នឹងមានព្រឹត្តិការណ៍​ពីរសំខាន់ៗ។ ទីមួយ គឺសវនាការកាត់​ទោសលើសំណុំ​រឿងក្បត់ជាតិ​របស់លោកកឹម សុខា ប្រធានអ​តីតគណបក្សសង្រ្គោះ​ជាតិ។ ករណី​នេះកំពុង​ស្ថិតក្រោមកា​រឃ្លាំមើលអន្តរជាតិ​យ៉ាងខ្លាំង។​ ទីពីរ គឺការសម្រេចដក​ឫមិនដ​កប្រព័ន្ធអនុ​គ្រោះពន្ធEBAរបស់​សហភាព​អឺរ៉ុបនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។ អ្នក​វិភាគនយោបាយ​កម្ពុជាមួយចំនួន​មើលឃើញថា បញ្ហា​លោកកឹម សុខា និង EBA នេះ គឺជា​បញ្ហា​ជាប់ទាក់ទងគ្នា ។ និយាយ​ឱ្យស្រួលយល់ទៅ គឺពួកគេ​គិតថា សវនាកា​ររបស់លោ​កកឹម សុខា អាចជាកា​រកំណត់ជោគ​វាសនានៃប្រព័ន្ធអ​នុគ្រោះពន្ធEBAស​ម្រាប់កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI