កម្ពុជា-អាមេរិក

អាមេរិក​សរសើរ​សេដ្ឋ​កិច្ច​កម្ពុជា ​តែបារម្ភពី​ការ​គោរ​ពសិទ្ធិ​មនុស្ស​

លោក John Kerry​ រដ្ឋ​មន្ត្រី​ក្រសួងការ​បរទេស​អាមេរិក​ក្នុង​សន្និសីទកាសែត​នៅ​ក្រុងភ្នំពេញ
លោក John Kerry​ រដ្ឋ​មន្ត្រី​ក្រសួងការ​បរទេស​អាមេរិក​ក្នុង​សន្និសីទកាសែត​នៅ​ក្រុងភ្នំពេញ @RFI/channa

លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​លោក​ក្នុង​ប្រទេស​កម្ពុជា​នារ​សៀលថ្ងៃទី២៦ ​មករា​នេះ ​បាន​លើក​ឡើង​ពី​បញ្ហា​ជា​ច្រើន​ទាក់​ទង​នឹង​ទំនាក់​ទំនង​អាមេរិក​ និង​កម្ពុជា ​ហើយ​បាន​សរសើរ​កម្ពុជា​ចំពោះ​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​។ ​យ៉ាង​ណាមិ​ញ ​ប្រមុខ​ការ​បរទេស​អាមេរិក​រូប​នេះ ​ក៏​បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​

ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទស្សនៈកិច្ច​រប​ស់លោក John Kerry រដ្ឋមន្ត្រីក្រសួង​កាបរទេស​អាមេរិក​បាន​បិទ​បញ្ចប់​ហើយ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ​ទី២៦មករា។ ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន លោក បានទទួល​ស្គា​ល់ពី​ការ​ជឿនលឿន​លើ​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​ថា​មិនយូរ​ទេ ប្រជាពលរដ្ឋ​កម្ពុជា​នឹង​ក្លាយជា​ប្រទេស ដែលមាន​ប្រាក់ចំនូល​កម្រិត​មធ្យម។ ប៉ុន្តែ​យ៉ាងណាក៏ដោយ អាមេរិក​នៅតែ​យកចិត្ត​ទុកដាក់យ៉ាងខ្លាំង​ចំពោះ​ការគោរព​សិទ្ធិមនុស្ស សេរី​ភាពជា​សាកល និង​អភិបាលកិច្ច​ល្អ​ក្នុងប្រទេស​កម្ពុជា។  លោក​បាន​សង្កត់ធ្ងន់ថា គោលការណ៍​គ្រឹះ​របស់​រដ្ឋាភិបាល​ក្នុងសង្គម​ប្រជាធិបតេយ្យ គឺ​រដ្ឋាភិបាល​ត្រូវធ្វើ​ឲ្យ​ប្រាកដថា អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំងអស់​ធ្វើ​សកម្មភាព​បំពេញ​តួនាទី​របស់ខ្លួន​បំរើ​ប្រជាពលរដ្ឋ ដោយ​គ្មាន​ការភ័យខ្លាច ការ​វាយ​ធ្វើបាប និង​ការចាប់ខ្លួន​ជាដើម។

 
ការបញ្ជាក់​របស់លោក John Kerry យ៉ាង​ដូច្នេះ ប្រហែល​សំដៅ​ទៅលើ​បញ្ហានយោបាយថ្មីៗ របស់​ប្រទេស​កម្ពុជា ដែល​ប្រធាន​គណបក្សប្រឆាំង លោក សម រង្ស៊ី និង​ជា​តំណាងរាស្ត្រ​មួយរូប ត្រូវបាន​តុលាការ​កម្ពុជា​ចេញ​ដីកាចាប់ខ្លួន​ជា​បន្តបន្ទាប់​នា​ចុងឆ្នាំ២០១៥។ ក្រៅពី​ចេញ​ដីកាចាប់ខ្លួន​ប្រធាន​គណបក្សប្រឆាំង តំណាងរាស្ត្រ​ពីររូប​របស់​គណបក្ស​ប្រឆាំង​ក៏ត្រូវ​ជន​មិន​ស្គាល់មុខ​បាន​វាយដំ​យ៉ាងដំណំ​ថែមទៀត​ផង។ ក្រៅពីនោះ​ក៏មានដែរ ការដកតំណែង​លោក​កឹម សុខា​ចេញពី​អនុប្រធាន​សភា។  

ការ​ថ្លែង​យ៉ាង​ដូចនេះ​របស់​ប្រមុខ​ការទូត​អាមេរិក គឺធ្វើឡើង​បន្ទាប់ពី​លោក បាន​ជួប​ដាច់ដោយឡែក​ផ្សេងគ្នា​ជាមួយ​រដ្ឋាភិបាល គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​សង្គម​ស៊ីវិល។

នៅ​ថ្ងៃទី២៦ មករា​ម្សិលមិញ លោក Kerry បាន​ជួប​ជាមួយ​លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួង​ការបទេស​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ផងដែរ។

ក្នុងជំនួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក John Kerry បាន​លើក​ពី​បញ្ហា​សន្តិសុខ បញ្ហា​សេដ្ឋកិច្ច ជាពិសេស​អាមេរិក​ក៏បាន​សន្យា​ចូលរួម​លុបបំបាត់​អំពើពុករលួយ​នៅ​កម្ពុជា​ផងដែរ។ បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​វិញ ក្នុង​បញ្ហា​សន្តិសុខ កម្ពុជា​បាន​សន្យា​សហការ​ជាមួយ​អាមេរិក ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​គ្រប់យ៉ាង ដើម្បី​សុខសន្តិភាព​នៃ​ប្រទេស​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​ទាំងមូល។

ដោយឡែក​ជំនួប​រវាង​លោក ច​ន ឃែ​រី និង​ប្រធានស្តីទី​គណបក្សប្រឆាំង ប្រមុខ​ការទូត​អាមេរិក មិនបាន​បង្ហើប​ឱ្យដឹង​ពេល​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះទេ។ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា គណបក្ស​បាន​លើកយក​បញ្ហានយោបាយ​ក​ម្ពុ​ជា ស្ថានភាព​គណបក្ស​សង្គ្រោះ​ជាតិ​នាពេល​បច្ចុប្បន្ន យុទ្ធសាស្ត្រ​គណបក្ស ដែល​កំពុង​អនុវត្ត រួមទាំង​ករណី​លោក សម រង្ស៊ី មក​ជជែក​យ៉ាង​លំអិត​ជាមួយ​លោក​John Kerry។ នេះ​គឺជា​ការគូសបញ្ជាក់​ពី​លោក យឹម សុវណ្ណ ដែល​បាន​ចូលរួម​កិច្ចពិភាក្សា។ បើតាម​លោក យឹម សុវណ្ណ គណបក្ស​សង្ឃឹម​យ៉ាង​មុត​ម៉ាំ​ថា អាមេរិក​នឹង​អាចជួយ​ដោះស្រាយ​បញ្ហានយោបាយ​នៅ​កម្ពុជា​បាន​ក្នុងនាម​ជា​មហាអំណាច​ពិភពលោក។

ចំណែកឯ​ជំនួប​ជាមួយ​សង្គម​ស៊ីវិល លោក John Kerry បានលើកឡើង​ពី​តួនាទី​របស់​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ស្តីពី​បញ្ហា​ការកាប់បំផ្លាញ​ព្រៃឈើ និង​បញ្ហា​បរិស្ថាន​ជារួម​ផងដែរ។

សូម​រំលឹក​ឱ្យដឹង​ផងដែរ​ថា ក្រោយ​បំពេញ​ទស្សនៈកិច្ច​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ​ពីថ្ងៃ​ទី២៥ ដល់​ថ្ងៃទី២៦ មករា លោក John Kerry រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន​ដើម្បី​ពិភាក្សា​ពី​បញ្ហា​សន្តិសុខ​ពិសេស​បញ្ហា​កូរ៉េខាងជើង និង​បញ្ហា​មួយចំនួនទៀត។

ទោះបីជា​សហរដ្ឋអាមេរិក​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ពី​បញ្ហា​ការគោរព​សិទ្ធមនុស្ស​ក៏ដោយ ក៏​អាមេរិក​បាន​សន្យា​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាមេរិក​ឱ្យ​កាន់តែ​រឹង​ម៉ាំ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI