កម្ពុជា-អាមេរិក

លោក ហ៊ុន សែន ឲ្យ​អាមេរិក​ផ្តាច់​ជំនួយ​ទាំង​អស់​មក​កម្ពុជា

រូបថតៈលោក ហ៊ុន សែន និងប្រធានាធិបតីអាមេរិក
រូបថតៈលោក ហ៊ុន សែន និងប្រធានាធិបតីអាមេរិក @google

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅថ្ងៃ​អាទិត្យនេះ បាន​ប្រកាស​ស្វាគមន៍​ឲ្យ​អាមេរិក​កាត់​ផ្តាច់​ជំនួយ​ទាំងអស់​មក​កម្ពុជា ដោយ​អះអាងថា​ពេលនោះ គឺ​ជា​ការ​សម្លាប់​ក្រុម​មនុស្ស​ដែល​បម្រើ​នយោបាយ​របស់​អាមេរិក។ការ​ថ្លែង​បែប​ចំ​អក​របស់​លោក ហ៊ុន សែន នៅពេលនេះ គឺជា​ការ​ឆ្លើយតប​នឹងការ​ដាក់​ទណ្ឌកម្ម​ជំហានទី១ របស់​សហរដ្ឋ​អាមេរិក ដែលបាន​ប្រកាស​ផ្តាច់​ជំនួយ​មក​កាន់​គជប កម្ពុជា ក្រោយពី​មានការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ។

ផ្សាយពាណិជ្ជកម្ម

(អត្ថបទដោយ អ៊ឹង ប៊ុនថន)

នៅចំពោះ​មុខ​កម្មករ​រាប់​ពាន់​នាក់ ដែល​ជួប​ជុំ​គ្នា​នៅ​កោះពេជ្រ នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ប្រសិន​បើ​អាមេរិក​កាត់ជំនួយ សម្រាប់​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត មាន​ន័យ​ថា អាមេរិក​មិន​ត្រឹម​តែ​ផ្តួល​លោក​មិន​បាន​នោះ​ទេ ប៉ុន្តែ​ជា​សម្លាប់​ប្រជា​ធិបតេយ្យ​ថែម​ទៀត​ផង។

លោក ហ៊ុន សែន បាន​អះអាងថា ការ​កាត់​ជំនួយ​របស់​អាមេរិក​មិន​បាន​សម្លាប់​រដ្ឋាភិ​បាល​របស់​លោក​នោះទេ តែ​គឺ​ជា​ការ​សម្លាប់​ក្រុម​មនុស្ស​ដែល​បម្រើ​នយោបាយ​របស់​អាមេរិក​តែប៉ុណ្ណោះ។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន នៅពេលនេះ គឺជា​ការ​ឆ្លើយ​តប​នឹង​ការ​ដាក់​ទណ្ឌកម្ម​ជំហាន​ទី១ របស់​សហរដ្ឋ​អាមេរិក ដែលបាន​ប្រកាស​ផ្តាច់​ជំនួយ​មកកាន់ ​គជប កម្ពុជា ក្រោយពី​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ។

សម្រាប់​អ្នក​វិភាគ​នៅ​ក្រៅ​រដ្ឋាភិបាល​យល់ថា ការ​​ឆ្លើយតប​បែបនេះ​របស់​ប្រមុខ​រដ្ឋាភិ​បាល​​ខ្មែរ​គឺជា​ការ​ខាត​បង់​​ផល​ប្រយោជន៍​កាន់​ច្រើន​ដល់​ប្រជាជន​កម្ពុជា។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ ថ្លែង​ថា ការ​ថ្លែង​របស់​លោក ហ៊ុន សែន គឺជាការ​ប្រាស​ចាក​ពីកិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស។លោកថា បើសិន​ជាជំរុញ​ឲ្យមាន​ការ​ផ្តាច់​ជំនួយទាំង​អស់មែន​គឺ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ជីវភាព​កម្មកររាប់​សែននាក់​ដែល​កំពុង​ធ្វើ​ការងារ​តាម​​រោង​ចក្រ ខណៈដែល​​ផលិត​ផល​របស់ពួកគេ​ត្រូវបាន​នាំចេញ​ទៅ​លក់​នៅទីផ្សារ​អាមេរិក និង​អ៊ឺរ៉ុប​ដោយ​រួចពន្ធ។

តាំងពីឆ្នាំ​១៩៩៧​មក​កម្ពុជា​បាន​ទទួល​​បានការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​គ្រប់​ប្រភេទ​លើក​លែង​​តែអាវុធ​ទៅ​កាន់​ទីផ្សារ​អាមេរិក​និង​អ៊ឺរ៉ុប។ ក្នុង​ឆ្នាំ​២០១៦​កម្ពុជា​បាន​នាំ​ទំនិញ​ដោយ​រួចពន្ធក្នុង​ទឹកប្រាក់​ទំហំ​១៧៩​លានដុល្លារ។ បើ​និយាយ​ជារួម ការ​នាំចេញ​របស់​កម្ពុជា​ជិត​៧០ភាគរយ​ឆ្ពោះទៅទីផ្សារ​របស់​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​​​លើ​ទំហំ​ទឹក​ប្រាក់​ជាង​៧ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុងនោះ​ទំហំ​នៃ​ការ​​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​មាន​ចំនួន​ជាង​៤.៥៥៥​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦។ ភាគ​ច្រើន​នៃ​ការ​នាំ​ចេញ​គឺ​ផលិតផល​សម្លៀកបំពាក់​ដែល​បាន​ផ្តល់​ការងារ​ដល់​កម្មករ-កម្មការិនី​រោងចក្រ​ជាង​៧០០.០០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI