SEAPA៖ កម្ពុជាប្រើអំណាចនីតិប្រតិបត្តិ ដើម្បីសង្កត់សង្កិនសេរីភាពបញ្ចេញមតិ
ចុះផ្សាយនៅថ្ងៃ៖
ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក នៅថ្ងៃទី ៣ខែឧសភានេះ សម្ព័ន្ធអ្នកសារព័ត៌មានអាស៊ីអាគ្នេយ៍ ហៅកាត់ថា SEAPA (Southeast Asian Press Alliance) បានចេញរបាយការណ៍មួយ និយាយពីការដើរថយក្រោយ នៃសេរីភាពសារព័ត៌មាននៅកម្ពុជា។ តាម SEAPA តាំងពីឆ្នាំ ២០១៧មក រដ្ឋាភិបាលកម្ពុជា បានប្រើអំណាចនីតិប្រតិបត្តិ និងធ្វើកំណែទម្រង់ច្បាប់ថ្មី ដើម្បីមានឱកាសគាបសង្កត់លើសេរីភាពនៃការបញ្ចេញមតិ និងការរាយការណ៍ព័ត៌មានដោយគ្មានភាពភ័យខ្លាចនៅកម្ពុជា។
ច្បាប់ដែល សម្ព័ន្ធអ្នកសារព័ត៌មានអាស៊ីអាគ្នេយ៍ ហៅកាត់ថា SEAPA មានមូលដ្ឋាននៅប្រទេសថៃ លើកឡើងនោះ រួមមាន ច្បាប់វិសោធនកម្មថ្មីរដ្ឋធម្មនុញ្ញ ក្រមព្រហ្មទណ្ឌ សេចក្ដីប្រកាសរួមរបស់ក្រសួងមហាផ្ទៃ ក្រសួងប្រៃសនីយ៍ និងក្រសួងព័ត៌មាន ដើម្បីត្រួតពិនិត្យលើការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។
តាម SEAPA តាំងពីឆ្នាំ២០១៨ មក មានអ្នកសារព័ត៌មាន ៧នាក់ ដែលរួមមានអតីតអ្នកកាសែតវិទ្យុអាស៊ីសេរី ២នាក់ អតីតអ្នកកាសែត Cambodia Daily ម្នាក់ អ្នកកាសែតអនឡាញ ៣នាក់ និងអ្នកកាសែតអូស្ត្រាលីម្នាក់ ត្រូវបានរដ្ឋាភិបាលប្រើប្រាស់ច្បាប់ ដើម្បីប្រឆាំងពួកគេ។ SEAPAអះអាងថា ករណីពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាននៅកម្ពុជា ជារឿយៗមិនត្រូវបានស៊ើបអង្កេត ឬស៊ើបអង្កេតដោយគ្មានតម្លាភាព ឯករាជ្យភាព និងលំអៀង។ ហើយនៅពេលដែលពួកគេត្រូវបានផ្ដន្ទាទោស ពួកគេតែងតែទទួលបានការកាត់ទោសយ៉ាងអយុត្តិធម៌ ។
ក្នុងនោះ SEAPA ក៏លើកករណីការចោទប្រកាន់ ចាប់ខ្លួន និងដាក់ពន្ធនាគារ នូវបុគ្គលមួយចំនួន ដែលរិះគន់ប្រមុខដឹកនាំ ឬ ព្រះមហាក្សត្រផងដែរ។ ករណីទាំងនេះ គឺជាអ្វីដែល SEAPA យល់ថា ជាទិដ្ឋភាពដែលបង្ហាញថាសេរីភាពសារព័ត៌មាននៅកម្ពុជា ដើរជិតដល់ជ្រោះមរណៈ។
ជាមួយគ្នានេះ SEAPA ក៏យល់ថា សេចក្តីព្រាងច្បាប់ជាច្រើន ដែលកំពុងដាក់ឲ្យពិនិត្យ ក្នុងចន្លោះឆ្នាំ ២០១៨ និង ២០១៩នេះ ក៏ដូចជាការប្រកាសពីការវិវត្តន៍នៃនីតិបញ្ញត្តិផ្សេងៗនៅពេលអនាគត នឹងកាន់តែធ្វើឲ្យមានផលប៉ះពាល់ដល់សិទ្ធិសេរីភាពបញ្ចេញមតិ និងសេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ថែមទៀត។
យ៉ាងណាក៏ដោយ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានច្រានចោលរបាយការណ៍នេះ ដោយអះអាងថា រាល់សិទ្ធិសេរីភាពទាំងអស់ ត្រូវបានការពារដោយច្បាប់ ប៉ុន្តែក៏ត្រូវស្ថិតនៅក្រោមច្បាប់ផងដែរ។ តាមលោក មាស សុភ័ណ្ឌ បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជា កំពុងលើកកម្ពស់សេរីភាពសារព័ត៌មាន និងការបញ្ចេញមតិ ដែលធ្វើឲ្យមានចរន្តប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ រីកចម្រើនក្នុងប្រទេស។
សូមបញ្ជាក់ថា កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ១៤៣ ក្នុងចំណោម ១៨០ប្រទេស ក្នុងការចាត់ចំណាត់ថ្នាក់របាយការណ៍ស្ដីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៩។ ជាចំណាត់ថ្នាក់ ដែលធ្លាក់ចុះ ជារៀងរាល់ឆ្នាំ គិតចាប់ពីឆ្នាំ ២០១៧ ដែលកម្ពុជា ស្ថិតនៅលេខរៀងទី ១៣៧ និងឆ្នាំ ២០១៨ ធ្លាក់ទៅចំណាត់ថ្នាក់លេខ ១៤២ និងឆ្នាំ ២០១៩ នៅចំណាត់ថ្នាក់លេខ ១៤៣៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ