កម្ពុជា-សង្គម

​សង្គម​ស៊ី​វិល​ថា ​ក្រសួង​អប់រំ​តែ​ម្ខាង​ទប់​មិន​ឈ្នះ​ឡើយ​ចំពោះ​ភាព​មិន​ប្រក្រតី ​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​

ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ក្នុងទីក្រុងភ្នំពេញ
ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ក្នុងទីក្រុងភ្នំពេញ @FN

មិន​ខុស​ពី​រាល់​ឆ្នាំ ១​សប្ដាហ៍​​មុន​​ទិវា​នៃ​ក្ដី​ស្រឡាញ់​ ឬ​​មកពីភាសាបរទេសថា Valentine's Day ក្រសួង​អប់រំ​​នៅ​​ថ្ងៃ​​សុក្រ​​នេះ​​ បាន​​​ចេ​ញ​​វិធាន​ការ​​ទប់​ស្កាត់​​ជា​មុន​​រាល់​​សកម្មភាព​​មិន​ប្រក្រតី​​ណាមួយ​​កើត​ឡើង​​ទាំង​​នៅ​​គ្រឹះ​ស្ថាន​​រដ្ឋ​ ​និង​​ឯកជន ​នៅ​ថ្ងៃ​ទី​១៤​កុម្ភៈ។ សម្រាប់​ក្រសួង​អប់រំ​ព្រួយ​បារម្ភ​នៅត្រង់​ថា សិស្សា​នុសិស្ស​អាចយក​ឱកាស​នេះ​ ធ្វើ​សកម្មភាព​ផ្សេង​ៗ​ឈានដល់​​ការ​​រួម​ភេទ​។ ​សង្គម​ស៊ីវិល​​យល់​​ថា ​ក្រសួង​​អប់រំ​​តែ​​ម្ខាង​​មិន​អាច​ទប់ស្កាត់​និន្នាការ​យល់​ខុស​ចំពោះ​​ទិវា​នៃ​ក្ដី​ស្រឡាញ់​បាន​ឡើយ​​។​

ផ្សាយពាណិជ្ជកម្ម

«សិស្សា​​នុ​សិស្ស​​មួយ​​ចំនួន​​យល់​​ច្រឡំ​ថា ​ទិវា​​នៃ​​ក្តី​​ស្រឡាញ់ ​(Valentine's Day​) ​ជា​​ថ្ងៃ​បុណ្យ​​សង្សារ ​ឬ​​ជា​​ថ្ងៃ​​ណាត់​​ជួប​​គ្នា​​រវាង​​គូ​ស្នេហ៍​» ​ដែល​​នេះ​​ជា​​កង្វល់​​របស់​​ក្រសួង​​អប់រំ រំលេច​​ក្នុង​​សេចក្ដី​​ណែនាំ​​មួយ​​នៅ​​ថ្ងៃ​​សុក្រ​​នេះ​​។

សម្រាប់ ​ក្រសួង​​អប់រំ​​ ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ​​នេះ ​ទិវា​​នៃ​​ក្តី​​ស្រឡាញ់​​ ឬ​​Valentine's Day ​​កាន់​តែ​​មាន​​ឥទ្ធិពល ​ដែល​​ឥទ្ធិពល​នេះ ​ធ្វើ​​ឱ្យ​​យុវវ័យ ​ភ្លេច​​ការ​​សិក្សា ​បាត់​បង់​​សេចក្តី​​ថ្លៃ​ថ្នូរ​​ និង​​ប្រាស​ចាក​​វប្បធម៌ និង​សីលធម៌​​។

ដើម្បី​​ទប់​ស្កាត់​​ឥទ្ធិពល​​នេះ ក្រសួង​​អប់រំ​​បាន​​ជំរុញ​​ទៅ​​សាលា​​នានា ប្រើ​ប្រាស់​​ពេល​​វេលា​គោរព​​ទង់​ជាតិ​​ពន្យល់​​សិស្ស​​អំពី​​អត្ថន័យ​​នៃ​​ទិវា​បុណ្យ​​នៃ​​ក្តី​​ស្រឡាញ់ ​និង​​តាម​ដាន​​អវត្តមាន​​របស់​​សិស្ស​​ជា​​ប្រចាំ​​ជាមួយ​​ឱពុក ​ម្ដាយ​​ ឬ​​អាណា​ព្យាបាល​សិស្ស​​។

ជាមួយ​គ្នា​​នេះ លោក សន ជ័យ ​នាយក​ប្រតិបត្តិ​​​អង្គការ​​សម្ព័ន្ធ​​គណនេយ្យ​​ភាព​​សង្គម​​កម្ពុជា​​យល់​ថា ​ក្រសួង​​ទប់​​ស្កាត់​​បាន​​តែ​​ក្នុង​​ម៉ោង​​សិក្សា​​ប៉ុណ្ណោះ​​។ ​ដូច​នេះ​​ក្រៅ​ពី​​ក្រសួង​អប់រំ​ ​គឺ​​ជា​​តួនាទី ​ឱពុក​ ម្ដាយ​​និង​​អាណា​ព្យាបាល​​សិស្ស ​សហគមន៍ ​ជា​​ពិសេស​​អាជ្ញាធរ​សម្រាប់​​កិច្ច​​សហការ​​ទប់​ស្កាត់​​ ​នៅ​តាម​​សណ្ឋាគារ​ និង​​ផ្ទះ​សំណាក់​​ជា​ដើម​។

ប៉ុន្តែ​​យ៉ាង​ណា​​មិញ​​ សម្រាប់​​អ្នក​​ជំនាញ​​ផ្នែក​​វេជ្ជសាស្ត្រ​​ផ្ដល់​​យោបល់​​ថា មិន​មែន​​ជា​​ការ​លើក​​ទឹក​​ចិត្ត ​តែ​​ក្រសួង​​អប់រំ​​គួរ​​ផ្សព្វ​ផ្សាយ​​បន្ថែម​​ជុំវិញ​​វិធាន​ការ​​ការពារ​​ ​​ទប់ស្កាត់​​ការ​​ចម្លង​​មេរោគ​​អេដសន៍​ ​និង​​ការ​​មាន​​ផ្ទៃ​ពោះ​​។ ហ៊ានថា​បែប​នេះ ​​ព្រោះ​​ក្រសួង​​អប់រំ​​ឬ​អាណា​ព្យាបាល​ ​មិន​​អាច​​ទប់​ស្កាត់​​ទាំង​ស្រុង​​បាន​ឡើយ​​ចំពោះ​​ភាព​​មិន​ប្រក្រតី​ ​ឈាន​ដល់​​ការ​​រួម​​ភេទ ​នៅ​​ថ្ងៃ​​ទិវា​​នៃ​​ក្តី​​ស្រឡាញ់ (Valentine's Day)​ នោះ​។ ​នេះ​​បើ​តាម​​អ្នក​ជំនាញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI