កម្ពុជា

យានយន្ដ​កែច្នៃ​ខុស​បច្ចេក​ទេស៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នឹង​ចាត់​វិធាន​ក្តៅ​ប្រសិន​បើ​គ្មាន​ការ​កែ​តម្រូវ

ប៉ូលិស​កំពុង​តែ​ត្រួត​ពិនិត្យ​យានយន្ត​។
ប៉ូលិស​កំពុង​តែ​ត្រួត​ពិនិត្យ​យានយន្ត​។ @RFI/Siv Channa

ចាប់​ពី​ថ្ងៃ​សុក្រ ទី ៩ កញ្ញា​សបា្តហ៍​នេះ! ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នឹង​ចាត់​វិធាន​ការ​ក្តៅ​ទប់​ស្កាត់ ចំពោះ​យាន​យន្ដ​កែច្នៃ​ខុស​បច្ចេក​ទេស​ទាំង​អស់ ដែល​មិន​បាន​យក​យាន​យន្ត​របស់​ខ្លួន​ទៅ​កែ​តម្រូវ ស្រប​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស​ឱ្យ​បាន​ត្រឹមត្រូវ ទាំង​ទំហំ​រថយន្ត រថយន្ត​សណ្តោង​រ៉ឺម៉ក និង​ទំហំ​ទ្រុង​រថយន្ត​ដឹក​ទំនិញ ដែល​ច្បាប់​បាន​កំណត់។ វិធានការណ៍​នេះ​ ត្រូវ​បាន​ក្រសួង​បញ្ជាក់​ថា ជា​ការ​ជូន​ដំណឹង​លើក​ចុង​ក្រោយ។ បើ​មិន​ដូចេ្នះ​ទេ ក្រសួង​នឹង​ចាប់​ផ្តើម​ចាត់​វិធាន​ការ​ឃាត់​រថយន្ដ​ទុក ឬ​ពិន័យ​ជា​ប្រាក់ និង​អាច​ឈាន​ទៅ​បិទ​អាជីវកម្ម ក្នុង​ករណី​ម្ចាស់​យានយន្ត​មិន​គោរព​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង។

ផ្សាយពាណិជ្ជកម្ម

នេះ​មិនមែន​ជា​លើក​ទី១ ហើយ​ក៏​មិន​មែន​ជា​រឿង​ថ្មី​ដែរ! ដែល​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ជូន​ដំណឹង ទៅ​ដល់​ម្ចាស់​យានយន្ត​កែច្នៃ​ខុស​បច្ចេក​ទេស​ទាំង​អស់​ឱ្យ​យក​យានយន្ត​របស់​ខ្លួន​ទៅ​កែ​តម្រូវ​ឱ្យ​ត្រឹម​ត្រូវ​ឡើង​វិញ។ សេចក្តី​ជូន​ដំណឹង​ចុង​ក្រោយ​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​ក្រសួង​បាន​ទុក​ពេល រយៈ​ពេល​១​ខែ គឺ​ចាប់​ពីថ្ងៃទី១៦ ខែសីហា រហូត​ដល់​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ២០១៦​នេះ ឱ្យ​ម្ចាស់​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ត្រូវ​យក​យានយន្ត​របស់​ខ្លួន ទៅ​កែ​តម្រូវ​លក្ខណៈ​បច្ចេក​ទេស​ឱ្យ​បាន​ត្រឹម​ត្រូវ ស្រប​តាម​បទដ្ឋាន លក្ខណៈ​បច្ចេកទេស ដូច​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក។

ជា​ការ​កត់​សម្គាល់​កន្លង​មក​សម្ថតកិច្ច​ក្រសួង​សារធារណៈការ ធ្លាប់​បាន​ព្រមាន​ដល់​ម្ចាស់​យានយន្ត​ ដែល​កែច្នៃ​ទ្រុង​ខុស​បច្ចេក​ទេស​។ ប៉ុន្តែ​ហាក់​គ្មាន​ប្រសិទ្ធភាព ខណៈ​គេ​សង្កេត​ឃើញ​ថា យានយន្ត​កែច្នៃ​ខុស​បច្ចេក​ទាំង​នោះ​នូវ​តែ​ធ្វើ​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ។ ប៉ុន្តែ​នៅ​លើក​នេះ ក្រសួង​បញ្ជាក់​ថា គឺ​ជា​ការ​ក្រើន​រម្លឹក​លើក​ចុង​ក្រោយ ទប់​ស្កាត់​រាល់​យានយន្ដ​កែច្នៃ​ខុស​បច្ចេក​ទេស និង​រថយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​ទាំង​អស់ ទៅ​តាម​ផ្លូវ​ច្បាប់។

ជា​ការ​ពិត រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេក​ទេស​ទាំង​នោះ​តិច​ រឺ​ច្រើន​ពិត​ជា​មាន​ផល​ប៉ះពាល់​។ បច្ចុប្បន្ន​នេះ​រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​នៅ​តែ​បន្ត​កើន​ឡើង។ ទទ្ទឹម​នឹង​នោះ ក៏​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​កំពុង​តែ​ទទូច​ឲ្យ​អាជ្ញាធរ​ចុះ​បង្រ្កាប​រថយន្ត​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​នេះ​ផង​ដែរ។ ការ​កែ​ច្នៃ​យាន​យន្ដ​ខុស​លក្ខណៈ​បច្ចេកទេស​នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍ ងាយ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស ឱ្យ​រង​របួស និង​ស្លាប់​បាត់បង់​ជីវិត។ ចំណែក​រថយន្ត​ធុន​ធ្ងន់​ដឹក​ជញ្ជូន​លើស​ចំណុះ​វិញ នាំ​ខូច​ខាត​ហេដ្ឋារចនា​សម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ជាដើម ដែល​នេះ​ពិត​បាន​រួម​ចំណែក​ធ្វើ​ឱ្យ​ខាត​បង់​ថវិកា និង​សេដ្ឋកិច្ច​ជាតិ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក៏​ធ្លាប់​អះអាង​ដែរ ថា​មិន​ត្រឹមតែ​ម្ចាស់​យានយន្ត​កែច្នៃ​ទេ​ ដែល​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់ សូម្បី​យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ត​ទាំង​នេះ ក៏​អាច​ប្រឈម​នឹង​ការ​បិទ​ទ្វារ​ដែរ ប្រសិន​បើ​យានដ្ឋាន​មិន​បាន​គោរព តាម​លក្ខខណ្ឌ​តម្រូវ​ផ្នែក​បច្ចេកទេស និង​ច្បាប់​ដឹក​ជញ្ជូន​ក្នុង​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI