ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ស្លាក​ស្នាម​នៅ​ផ្លូវ​វ៉េង​ស្រេង គឺ​ជា​រឿង​អាម៉ាស​របស់​រដ្ឋាភិបាល​កម្ពុជា

សំឡេង ០៤:៣៣
កងកម្លាំងសមត្ថិកិច្ចប្រដាប់អាវុធ បង្រ្កាបបាតុករនៅផ្លូវវ៉េងស្រេង កាលពីថ្ងៃទី ៣មករា ឆ្នាំ​២០១៤។
កងកម្លាំងសមត្ថិកិច្ចប្រដាប់អាវុធ បង្រ្កាបបាតុករនៅផ្លូវវ៉េងស្រេង កាលពីថ្ងៃទី ៣មករា ឆ្នាំ​២០១៤។ RFI/ siv channa

ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កម្មករ​រោង​ចក្រ​កាត់​ដេរ និង​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​កម្ពុជា នៅ​ផ្លូវ​វ៉េងស្រេង បាន​កន្លង​ផុត​ទៅ​អស់​រយៈ​ពេល​២​ឆ្នាំ​ហើយ។ ពលរដ្ឋ​ខ្មែរ ពិសេស​កម្មករ​រោងចក្រ​កាត់ដេរ មិន​ដែល​ភ្លេច​ឡើយ​នូវ​ព្រឹត្តិការណ៍​ដែល​បង្ហូរ​ឈាម​នេះ។ ជាមួយ​គ្នា​នេះ​ដែរ សោកនាដកម្ម​នេះ តែងតែ​ត្រឡប់​មក​លង​បន្លាច រដ្ឋាភិបាល​កម្ពុជា ជា​រៀង​រាល់​ឆ្នាំ។ សម្លេង​ស្រែក​ទាមទារ​រក​យុត្តិធម៌​របស់ ជន​រងគ្រោះ ​និង​សាច់​ញាតិ​នៅ​លាន់​ឮ​រងំ​នៅ​ឡើយ ហើយ​វា​នៅ​តែ​បន្ត​លាន់​ឮ​ទៀត ប្រសិន​បើ​ពួកគេ​មិន​ទាន់​ទទួល​បាន​ យុត្តិធម៌​នោះ​ទេ។

ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ កន្លងទៅ កម្មករ​រោងចក្រ​កាត់ដេរ​ដែល​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ នៅ​ក្បែរ​រោងចក្រ​យ៉ាកជីន ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​នៅ​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បាន​រង​ការ​បង្ក្រាប​ដ៏​សាហាវ​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​កម្ពុជា។

ជា​លទ្ធផល​នៃ​ការ​បង្ក្រាប​នេះ ​កម្មករ​ចំនួន ៤​នាក់​ត្រូវ​បាន​គេ​បាញ់​សម្លាប់ ម្នាក់​បាត់​ខ្លួន និង​មនុស្ស​ជិត ៤០​នាក់​ទៀត បាន​រង​របួស។ ជាមួយ​គ្នា​នេះ​ដែរ ​កម្មករ និង​សកម្មជន​សិទ្ធិ​មនុស្ស ២៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​មួយ​រយៈ។

ការ​បាញ់​សម្លាប់ និង​ការ​ចាប់​ខ្លួន​នេះ ត្រូវ​បាន​អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប ប្រទេស​ម្ចាស់​ជំនួយ ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​រិះគន់​យ៉ាង​ខ្លាំង ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្វែង​រក​មុខ​ជន​ទទួល​ខុស​ត្រូវ​លើ​ការ​ហេតុការណ៍​នេះ។

ដើម្បី​បង្ហាញ​ការ​ទទួល​ខុស​ត្រូវ​ខ្លះ កាលណោះ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​មួយ​ ដើម្បី​ស្វែង​រក​ជន​ដែល​ទទួល​ក្នុង​ត្រូវ​ក្នុង​ការ​បាញ់​សម្លាប់​កម្មករ។ ប៉ុន្តែ​ការ​ស៊ើប​អង្កេត របស់​រាជ​រដ្ឋា​ភិបាល ដែល​ដឹក​នាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​ផ្តល់​លទ្ធផល​តិច​តួច​ណាស់ ហើយ​មិន​បាន​ឃើញ​មាន​ចំណាត់​ការ​អ្វី​ឡើយ​បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​នោះ​មក។ សូម្បី​តែ​កង​សន្តិសុខ ឬកង​ប្រដាប់​អាវុធ​ណា​ម្នាក់​ក៏​មិន​ត្រូវ​បាន​គេ​ព្យួរ​ការ​ងារ​ផង ។

ដើម្បី​រំលឹក​ដល់​ការ​ចងចាំ​ដ៏​ឈឺចាប់ និង​ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ ជា​រៀង​រាល់​ឆ្នាំ អង្គការ​សង្គម​ស៊ីវិល សហជីព​ ព្រះសង្ឃ និង​សាច់ញាតិ​ជន​រងគ្រោះ ព្រម​ទាំង​ប្រជា​ពលរដ្ឋ​​ជា​ច្រើន​រយ​នាក់​តែង​ទៅ​ជួប​ជុំ​គ្នា​នៅ​កន្លែង​បាញ់​ប្រហារ​លើ​ផ្លូវ​វ៉េង​ស្រេង។ ហើយ​ជា​រៀង​រាល់​ឆ្នាំ​ ការ​ជួបជុំ​គ្នា​នេះ​តែង​មាន​ការ​រារាំង វាយ​បំបែក ពី​សំណាក់​កង​កម្លាំង​មាន​សមត្ថកិច្ច​​របស់​រដ្ឋាភិបាល ក្រោម​ហេតុ​ផល​ផ្សេងៗ។

មែន​ទែន​ទៅ ការ​ជួប​ជុំ​គ្នា​នេះ ប្រៀប​ដូចជា​ការ​យក​ឈើ​ស្រួច​ទៅ​ចាក់​លើ​ដំបៅ​ចាស់ ដែល​មិន​ទាន់​ជា​សះ​ស្បើយ​យ៉ាង​ដូច្នេះ​ដែរ។ ដំបៅ​នេះ គឺ​ជា​ភាព​អាម៉ាស​របស់​រដ្ឋាភិបាល ដែល​មិន​អាច​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​បាន។ ប៉ុន្តែ​តាម​ការ​ពិត​ទៅ ភាព​បរាជ័យ​ក្នុង​ការ ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ និង ​ផ្តន្ទាទោស​បទ​ល្មើស​ដែល​ប្រព្រឹត្ត​ដោយ​កង​កម្លាំង​រដ្ឋ និង​អ្នក​មាន​អំណាច មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ ​នៅ​កម្ពុជា។ ម៉្លោះ​ហើយ ការ​ជួបជុំ​គ្នា​នេះ ប្រៀប​ដូចជា​ការ​បង្ហាញ​វប្បធម៌​និទណ្ឌភាព​នៅ​កម្ពុជា អោយ​សហគមន៍​ជាតិ និង​អន្តរជាតិ ឃើញ​យ៉ាង​ដូច្នេះ​ដែរ។

គេ​ក៏​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ការ​ជួបជុំ​គ្នា​នៅ​ផ្លូវ​វ៉េងស្រេង នេះ គឺ​ជា​ការ​រំលឹក​វីរភាព​របស់ កម្មករ​ខ្មែរ និង ស្មារតី​តស៊ូ​របស់​ពួកគេ ដើម្បី​ការ​រស់​រាន​មាន​ជីវិត​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ។ ការ​ជួបជុំ​គ្នា​នៅ​ផ្លូវវេង​ស្រេង​នេះ ក៏​ចង់​បញ្ជាក់​ប្រាប់​ពួក​កម្មករ​ថា គ្មាន​នរណា​ម្នាក់​បោះបង់​ចោល​ពួក​គេ​ឡើយ។

ដោយ​ហេតុ​ដូច្នេះ​ហើយ ទើប​រដ្ឋាភិបាល​កម្ពុជា ទោះ​ចង់​ឬ​មិន​ចង់ ក៏​ត្រូវ​រារាំង វាយ​បំបែក អោយ​បាន​ដាច់​ខាត នូវ​ការ​ជួបជុំ​គ្នា​នៅ​ផ្លូវ​វេងស្រេង​នេះ។ តើ​រដ្ឋាភិបាល​ត្រូវ រារាំង ការ​ជួប​ជុំ​គ្នា​នៅ​ផ្លូវ​វេងស្រេង ជា​រៀង​រាល់​ឆ្នាំ​ឬ? តើ​នេះ​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ ដើម្បី​កុំ​អោយ​សោក​នាដ​កម្ម​នៅ​ផ្លូវវេង​ស្រេង​ត្រឡប់​មក​លង​បន្លាច​រដ្ឋាភិបាល​វិញ​ឬ? 
មិន​មែន​ទេ!
មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​រដ្ឋាភិបាល​មាន​គឺ៖
១ ស្វែង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ ពីព្រោះ​រដ្ឋាភិបាល​មិន​អាច​ទុក​រឿង​នេះ អោយ​សាប​រលាប​ទៅ ​ដូច​ជា​រឿង​ព្រេង​និទាន​នោះ​ទេ។ មាន​តែ​យុត្តិធម៌​ទេ ដែល​អាច​រំងាប់​ការ​ឈឺចាប់ ភ្លើង​កំហឹង និង​ទប់​ស្កាត់​ពួក​គេ មិន​អោយ​ត្រឡប់​មក​វិញ​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត។ ការ​ស្វែង​រក និង​ផ្តល់​យុត្តិធម៌​ជូន​ជន​រងគ្រោះ​នៅ​ផ្លូវ​វេងស្រេង នឹង​បង្ហាញ​អោយ​សហគមន៍​ជាតិ និង​អន្តរជាតិ ឃើញ​ថា កម្ពុជា​កំពុង​បោះ​ជំហាន​ទៅ​មុខ ដើម្បី​លុប​បំបាត់​វប្បធម៌​និទណ្ឌភាព និង​បង្ហាញ​ផង​ដែរ​ថា អ្នក​ដឹកនាំ​ខ្មែរ ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​សង្គម។ ម្យ៉ាង​វិញ​ទៀត ការ​កាត់​សាច់​ស្អុយ​គ្រវាត់​ចោល​ ដើម្បី ផ្តល់​យុត្តិធម៌​ជូន​ជន​រងគ្រោះ និង​លុប​បំបាត់​វប្បធម៌​និទណ្ឌភាព​នេះ ​គឺ​ជា​រូបភាព​វិជ្ជមាន​នៃ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។ បើ​អាច​ធ្វើ​បាន រូបភាព​នេះ​នឹង​ផ្តល់​លទ្ធផល​វិជ្ជមាន​ឲ្យ​បក្ស​កាន់​អំណាច នៅ​ក្នុង​ការ​បោះឆ្នោត ឆ្នាំ​២០១៧ និង​២០១៨ ផង​ក៏​ថា​បាន។ 

២ គោរពសិទ្ធិ​សេរីភាព​របស់​កម្មករ និង​ផ្តល់​ប្រាក់​បៀរវត្សរ៍​គ្រប់​គ្រាន់​ដល់​ពួកគេ ដើម្បី​អោយ​ពួក​ គេ​រស់​បាន​ដោយ​ភាព​ថ្លៃថ្នូរ ព្រោះ​ដើម​ហេតុ​នៃ​ការ​ចេញ​មក​ធ្វើ​ការ​ទាមទារ គឺ​ដោយសារ​បញ្ហា​ប្រាក់​បៀរវត្សរ៍​នេះ​ឯង។ នៅ​ពេល​ដែល​ជីវភាព​របស់​ពួកគេ បាន​សម្បូរណ៍​សប្បាយ​ហើយ តើ​នរណា​ នឹង​នឹក​នា​ចេញ​មក​ធ្វើ​បាតុកម្ម​ទៀត​នោះ? តើ​នរណា​នឹង​មាន​លទ្ធភាព​មក​ញុះញង់​ពួកគេ​អោយ​ ចេញ​មក​ធ្វើ​បាតុកម្ម​បាន?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI