ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

​សង្គ​ម​ស៊ីវិល​ជម្រុញ​ឲ្យ​រដ្ឋា​ភិបាល​បន្ត​ស្វែង​រក​យុត្តិ​ធម៌​ឲ្យ​ជន​រង​គ្រោះ​ព្រោះ​អាស៊ីត​

សំឡេង ១០:១៥
ជនរងគ្រោះដោយសារទឹកអាស៊ីត
ជនរងគ្រោះដោយសារទឹកអាស៊ីត @HRW

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​បន្ត​ស្វែង​រក​យុត្តិធម៌​ជូន​ជនរង​គ្រោះ​ព្រោះ​ទឹក​អាស៊ីត​។ ការ​ផ្ដល់​យុត្តិធម៌​តាម​រយៈ ការ​ចាប់​ជន​ដៃដល់​មក​ទទួល​ខុស​ត្រូវ, ការ​ព្យា​បាល​ដល់​ជន​រងគ្រោះ និង​ការ​ប៉ះប៉ូវនូវ​សំណង​សម្រាប់​ជន​រង​គ្រោះ។ ការ​ជម្រុញ​របស់​សង្គម​ស៊ីវិល​ទាំង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (HRW) នៅ​ថ្ងៃទី​០៤ ខែកុម្ភៈ លើក​ឡើង​ថា ​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ថយ​ចុះ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​អនុម័ត​ច្បាប់​គ្រប់​គ្រង​អាស៊ីដ​ខ្លាំង​។ ប៉ុន្តែ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នេះ​រក​ឃើញ​ថា​រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​ជន​រង​គ្រោះ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ រដ្ឋា​ភិបាល​បាន​ច្រាន​ចោល​ជុំវិញ​ការ​ថ្លែង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស្ដី​ពី​អាស៊ីត ដោយ​ងាក​មក​ឆ្លើយ​តប​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ស្រុក​ថា កន្លង​មក​អាជ្ញា​ធរ​មិន​ដែល​បន្ថូរ​បន្ថយ​ចំពោះ​ជន​ល្មើស​នៅ​ក្នុង​សំណុំ​រឿង​ទឹក​អាស៊ីត​ឡើយ​។ សូម​បញ្ជាក់​ថា នៅ​កម្ពុជា​ករណី​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ ដែល​ត្រូវ​បាន​រាយការណ៍​មាន​ចំនួន​៤០​ករណី ដែល​ជា​ចំនួន​ខ្ពស់​បំផុត​នៅ​ឆ្នាំ​២០០០ ហើយ​នៅ​ឆ្នាំ​២០១០ មាន​រលក​នៃ​ការ​វាយ​ប្រហារ​មួយ​ទៀត ដែល​មាន​ជន​រង​គ្រោះ​សរុប​ចំនួន​៣៦​នាក់​។ ដូច្នេះ​យុត្តិធម៌​បែប​ណា​ដែល​ជន​រង​គ្រោះ​ព្រោះ​ទឹក​អាស៊ីត​ត្រូវ​ទទួល​បាន ?